កណ្ដាល៖ កិច្ចប្រជុំក្រុមប្រឹក្សាខេត្ត ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យ ពិភាក្សា និងអនុម័តលើរបៀវារៈសំខាន់ៗដែលបានគ្រោងទុក ហើយក៏ជាការជួបជុំគ្នាជាមួយគ្រប់បណ្តាមន្ទីរ អង្គភាពជំនាញក្នុងខេត្ត ដើម្បីធ្វើការផ្សព្វផ្សាយ អំពីលទ្ធផលការងារ ដែលបានអនុវត្តន៍កន្លងមក និងកំណត់ទិសដៅអនុវត្តន៍បន្តអោយទទួលបានលទ្ធផលកាន់តែប្រសើរឡើងថែមទៀត។
ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល បានលើកឡើងដូច្នេះ នៅក្នុងកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្ត លើកទី២ អាណិត្តទី៤ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ ដោយមានការចូលរួមពីឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ទៅលើកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ទីរជុំវិញខេត្ត ដែលបានខិតខំបំពេញការងារតាមតួនាទី ភារកិច្ចទទួលបានលទ្ធផលល្អ និងមានការទទួលខុសត្រូវខ្ពស់។
ទន្ទឹមនឹងនេះដែរ ឯកឧត្តមក៏បាន ជំរុញ និងលើកទឹកចិត្តដល់ បណ្តាមន្ទីរ អង្គភាពនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តខិតខំបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនបន្ថែមទៀត ដើម្បីជួយលើកកម្ពស់ប្រសិទ្ធភាពការងារ និងអនុវត្តន៍សេចក្តីសម្រេចផ្សេងៗ ប្រកបដោយអភិបាលកិច្ចល្អរវាងក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្តសំដៅឆ្លើយតបបានតាមតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ ជាពិសេសត្រូវបន្តដោះស្រាយបញ្ហាប្រឈមនានាដែលនៅសេសសល់ ឱ្យទទួលបានជោគជ័យបន្ថែមទៀតផងដែរ។
ថ្លែងក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្ដម គួច ចំរើន អភិបាលខេត្ត បានអបអរសាទ័រ ចំពោះក្រុមប្រឹក្សាដែលបានបើកកិច្ចប្រជុំ ដើម្បីអនុម័តនូវការងារចាំបាច់មួយចំនួនក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ក្រុមប្រឹក្សាខេត្ត ក្នុងអាណិតថ្មីនេះ។ ឯកឧត្ដមអភិបាលខេត្ត បានមានប្រសាសន៏ថា កិច្ចប្រជុំនេះគឺជាលើដំបូង បន្ទាប់ពីការចូលកាន់មុខតំណែង រយៈពេល ១៥ថ្ងៃ ហើយនេះក៏ជាឱកាសសម្រាប់ការស្គាល់គ្នាកាន់ជិតស្និទ្ធបន្ថែមទៀត រវាងក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ទីរជុំវិញខេត្ត ក៏ដូចជាមន្ត្រីរាជការទាំងអស់ផងដែរ។ ឯកឧត្តមអភិបាល បានសូមការគាំទ្រ និងកិច្ចសហការណ៍ ពីក្រុមប្រឹក្សាខេត្ត ដើម្បីដំណើរការ ដឹកនាំទទួលបានជោគជ័យលើគ្រប់វិស័យ ពិសេសលើការបម្រើសេវានានា ជូនប្រជាពលរដ្ឋ រក្សាបាននូវសន្តិសុខសណ្ដាប់ធ្នាប់ក្នុងខេត្ត លុបបំបាត់ នូវរាល់បទល្មើសគ្រប់ប្រភេទ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ជាដើម។
សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២នេះមាន ៥របៀបវារៈសំខាន់ៗដោយក្នុងនោះក្រុមប្រឹក្សាខេត្ត បានពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងដីកាស្តីពីការរៀបចំបទបញ្ជាផ្ទៃក្នុង របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ និងបានអនុម័តលើសេចក្តីព្រាងប្រតិទិនកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា សម្រាប់រយៈ ពេល ១២ខែ ។