តាមការចាត់តាំងរបស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈដើម្បីពិនិត្យមើលស្ថានភាពការងារ និងសាកសួរសុខទុក្ខបងប្អូនកម្មករនិយោជិតនៅតាមរោងចក្រ សហគ្រាសនានា នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤នេះ ថ្នាក់ដឹកនាំចំនួន៣រូប ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម រដ្ឋមន្រ្តីបានចុះជួបជាមួយបងប្អូនកម្មករនិយោជិត និងតំណាងនិយោជកដើម្បីពិនិត្យមើលស្ថានភាពការងារ និងលក្ខខណ្ឌការងារក្នុងរោងចក្រចំនួន៣ទីតាំង ក្នុងខណ្ឌមានជ័យ និងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
កម្មវិធីចុះជួបសំណេះសំណាល រួមនិងទទួលទានអាហារថ្ងៃត្រង់ជាមួយបងប្អូនកម្មករនិយោជិតនេះ រួមមាន រោងចក្រ CG GLORY (CAMBODIA) MANUFACTURING COMPANY LIMITED ដឹកនាំដោយឯកឧត្តម ឡៅ ហ៊ីម រដ្ឋលេខាធិការ, រោងចក្រ SPORTTEX INDUSTRY ដឹកនាំដោយឯកឧត្តម លី សុធា រដ្ឋលេខាធិការ និងរោងចក្រ XINYONGSHENG GARMENT (CAMBODIA) CO., LTD. ដឹកនាំដោយ ឯកឧត្តម ម៉ុល វិបុល អនុរដ្ឋលេខាធិការ។
នៅក្នុងឱកាសពិនិត្យមើលស្ថានភាពការងារ និងជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត ដែលកំពុងបម្រើការងារនៅក្នុងរោងចក្រ CG GLORY (CAMBODIA) MANUFACTURING COMPANY LIMITED ស្ថិតក្នុងខណ្ឌមានជ័យ ឯកឧត្តម ឡៅ ហ៊ីម បានពិនិត្យឃើញថា ម្ចាស់សហគ្រាសបានអនុវត្តលក្ខខណ្ឌការងារ និងផ្តល់អអត្ថប្រយោជន៍ផ្សេងៗជូនបងប្អូនកម្មករបានត្រឹមត្រូវស្របតាមច្បាប់ការងារ។
ឯកឧត្តមរដ្ឋលេខាធិការក៏បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការលើកកម្ពស់សុខដុមណីយកម្មនៅតាមគ្រឹះស្ថាន រោងចក្រ សហគ្រាស។ បន្ថែមពីនោះ ឯកឧត្តមក៏បានស្នើឱ្យម្ចាស់រោងចក្រ បន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវកាតព្វកិច្ចដែលត្រូវបានកំណត់ដោយច្បាប់ និងបទដ្ឋានគតិយុត្ត ដែលមានស្រាប់របស់កម្ពុជាផងដែរ។
ដោយឡែក ក្នុងការចុះសំណេះសំណាល ពិនិត្យស្ថានភាពការងារ និងទទួលទានអាហារថ្ងៃត្រង់ជាមួយបងប្អូនកម្មករនិយោជិតដែលកំពុងបំពេញការងារនៅរោងចក្រ SPORTTEX INDUSTRY ស្ថិតខណ្ឌឬស្សីកែវ ឯកឧត្តម លី សុធា បានជួបពិភាក្សាការងារជាមួយតំណាងម្ចាស់រោងចក្រ និងបានដើរពិនិត្យដោយផ្ទាល់នៅក្នុងដំណើរការផលិតកម្ម និងពិសារបាយនៅកន្លែងបរិភោគអាហាររួមគ្នាជាមួយបងប្អូនកម្មនិយោជិត ដោយបានសាកសួរព័ត៌មានមួយចំនួនទាក់ទងនឹងលក្ខខណ្ខការងារ, លក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ និងអត្ថប្រយោជន៍ផ្សេងៗរបស់បងប្អូនកម្មនិយោជិត។
ឯកឧត្តមបានស្នើឱ្យម្ចាស់រោងចក្រសូមបន្តយយកចិត្តទុកដាក់លើសុវត្ថិភាពរបស់កម្មករនិយោជិតទាំងអស់ ជាពិសេសបន្តផ្តល់អត្ថប្រយោជន៍ឱ្យបានពេញលេញតាមច្បាប់ការងារជូនដល់កម្មករនិយោជិតទាំងអស់ផងដែរ។
ទន្ទឹមនេះដែរ ក្នុងការចុះជួបសំណេះសំណាល សួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ជាមួយបងប្អូនកម្មករនិយោជិត ដែលកំពុងបំពេញការងារនៅរោងចក្រ រោងចក្រ XINYONGSHENG GARMENT (CAMBODIA) CO., LTD. ស្ថិតក្នុងខណ្ឌមានជ័យ ឯកឧត្តម ម៉ុល វិបុល បានកត់សំគាល់ឃើញថា ទំនាក់ទំនងវិជ្ជាជីវៈរវាងកម្មករនិយោជិតជាមួយនិយោជកមានភាពល្អប្រសើរ ខណៈដែលម្ចាស់រោងចក្របានអនុវត្តលក្ខខណ្ឌការងារបានល្អ និងបានផ្តល់អត្ថប្រយោជន៍ផ្សេងៗជូនបងប្អូនកម្មនិយោជិតបានយ៉ាងល្អដូចដែលច្បាប់ការងារបានកំណត់។
ឯកឧត្តម បានគូសបញ្ជាក់ថា ការចុះសួរសុខទុក្ខបងប្អូនកម្មករនិយោជិតដោយផ្ទាល់នៅតាមរោងចក្រនេះ គឺជាការគិតគូរយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះបងប្អូនកម្មករនិយោជិតនៅតាមរោងចក្រ សហគ្រាសទាំងអស់នៅទូទាំងប្រទេស ធ្វើយ៉ាងណាផ្សារភ្ជាប់ទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងរដ្ឋាភិបាល ជាមួយបណ្តាម្ចាស់រោងចក្រ សហគ្រាស ជាពិសេសនោះគឺសុខទុក្ខរបស់បងប្អូនកម្មករនិយោជិតដែលរដ្ឋាភិបាលតែងតែគិតគូរជានិច្ច៕