ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ០៥ភូមិ ស្ថិតក្នុងឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល

កណ្តាល៖ ឯកឧត្តម តាំង ម៉េងលាន អភិបាលរង ខេត្តកណ្តាល ​នៅព្រឹកថ្ងៃទី១៩ ខែកញ្ញាឆ្នាំ២០២៤ បានអញ្ជើញចែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុជូនបងប្អូនប្រជាពលរដ្ឋ ចំនួន ០៥ភូមិ គឺភូមិស្វាយ ភូមិឈើទាល ភូមិអូរក៏បុត្រ ភូមិអង្គរស្មី និងភូមិទ្រា ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល បានអបអរសាទរជាមួយបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលទទួលបាននូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ សម្រាប់ប្រើប្រាស់ប្រកបដោយសុវត្ថិភាព និងមានទំនុកចិត្តលើកម្មសិទ្ធិរបស់ខ្លួនបន្ថែមទៀត។​

ឯកឧត្តមបានបន្តថា៖ ការដែលរៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនបងប្អូនប្រជាពលរដ្ឋនាពេលនេះគឺជាការខិតខំប្រេងប្រែងរបស់ក្រុមការងារមន្ទីររៀបចំដែនដី នគររូបនីយកម្ម និងសុរិយោដីខេត្ត និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលសម្រេចបាននូវការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ បានចំនួន ៥ភូមិ គឺភូមិស្វាយ ភូមិឈើទាល ភូមិអូរក៏បុត្រ ភូមិអង្គរស្មី និងភូមិទ្រា ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល ស្មើនឹង ១.៧៥៧ប័ណ្ណ។

ឯកឧត្តមបន្ថែមថា​៖ ក្នុងនាមរដ្ឋបាលខេត្ត​ សូមសម្ដែងអំណរគុណ និងកោតសរសើរបងប្អូនមន្ត្រីរាជការសុរិយោដីគ្រប់លំដាប់ថ្នាក់ និងប្អូនៗយុវជនស្ម័គ្រចិត្តទាំងអស់ ដែលបានលះបង់នូវពេលវេលា ពេលខ្លះក៏ត្រូវចុះបំពេញការងារទាំងថ្ងៃឈប់សម្រាក ដើម្បីចូលរួមចំណែកនៅក្នុងបេសកកម្មដ៏មានសារៈសំខាន់នេះ។

ទន្ទឹមនោះ​ ឯកឧត្តមបានកោតសរសើរ និងថ្លែងនូវការអរគុណបងប្អូនប្រជាពលរដ្ឋ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មន្ទីរជំនាញ ជាពិសេសមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ដែលជាប្រតិបត្តិករផ្ទាល់ និងអង្គភាពពាក់ព័ន្ធ ទាំងអស់ដែលបានខិតខំប្រឹងប្រែងចូលរួមទាំងកម្លាំងកាយចិត្តយ៉ាងមមាញឹក និងមិនខ្លាចពីការនឿយហត់ គាំទ្រដល់ដំណើរការចុះបញ្ជីដីធ្លីលើគ្រប់នីតិវិធី និងគ្រប់ដំណាក់កាល ដើម្បីជំរុញការងារចេញ​ប័ណ្ណសម្គាល់ម្ចាស់អចលនវត្ថុជូន ប្រជាពលរដ្ឋឲ្យបានចេញជាផ្លែផ្កា នាពេលនេះ។

ឯកឧត្តមក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលទទួលបានវិញ្ញាបនបត្រអចលនវត្ថុនេះ សូមប្រើប្រាស់ឱ្យបានត្រឹមត្រូវ និងបើសិនជាអាចសូមកុំធ្វើការលក់ដូរ ដោយទុកជាទ្រព្យសម្បត្តិសម្រាប់កូនចៅជំនាន់ក្រោយ ព្រោះថាបើយើងធ្វើការលក់ដូរដីធ្លីនេះអស់ បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាកសិករទាំងអស់នឹងបាត់បង់ចំណូលដោយសារប្រជាពលរដ្ឋពុំមានដីសម្រាប់ធ្វើការដាំដុះដំណាំកសិកម្មផ្សេងៗ ពុំមានកន្លែងសម្រាប់សង់លំនៅដ្ឋានដើម្បីរស់នៅ ក៏ដូចជាកូនចៅជំនាន់ក្រោយពុំមានដីសម្រាប់ការដាំដំណាំ និងការស្នាក់នៅជាដើម ។

សូមបញ្ជាក់ថា៖បើគិតមកដល់ពេលនេះការចុះបញ្ជីបាន ៥៤ឃុំ/សង្កាត់ លើ ១២៧ ឃុំ/សង្កាត់ នឹង ៥១៩ភូមិ លើ ១០១០ភូមិ គឺស្មើនឹង ៥១% នៃចំនួនភូមិសរុប ដែលមានក្បាលដីប៉ាន់ស្មានសរុបចំនួន ៨៣៨,៩២៥ ក្បាលដី៕

អត្ថបទដែលជាប់ទាក់ទង