ឌីជីថលក្នុងវិស័យមហាផ្ទៃ ៖ Cambodia e-arrival មានអ្នកចូលប្រើជាង ៤សែននាក់ និងអ្នកទាញយកកម្មវិធីជាង ២សែននាក់!

បន្ទាប់ពីដាក់ឱ្យដំណើរការជាផ្លូវការ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ ប្រព័ន្ធ Cambodia e-arrival ផ្ដួចផ្ដើមបង្កើតឡើងដោយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ សហការជាមួយស្ថាប័នពាក់ព័ន្ធ ទទួលបានការចូលទៅប្រើប្រាស់ពីសាធារណជនជាងជាង ៤សែន ២ម៉ឺននាក់ហើយ បើគិតមកត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤។ តួលេខនេះ រាប់បញ្ចូលចាប់ពីពេលដាក់ឱ្យប្រើប្រាស់សាកល្បង កាលពីដើមឆ្នាំ២០២៤ មក។

លោកបណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ នេះថា ទន្ទឹមនឹងការទទួលបានអ្នកចូលទៅប្រើប្រាស់ជាង ៤សែននាក់ ក៏មានអ្នកទាញយកកម្មវិធី Cambodia e-arrival ជាង ២សែន ២ម៉ឺននាក់ទៀតដែរ ដោយការទាញយកកម្មវិធីដ៏ទំនើបនេះ មានទាំងតាមប្រព័ន្ធ Android ប្រព័ន្ធ iOS ប្រព័ន្ធ Huawei និងប្រព័ន្ធ Website(វេបសាយ)។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចាត់ទុកប្រព័ន្ធអេឡិចត្រូនិកសលាកបត្រចូលព្រះរាជាណាចក្រកម្ពុជា ឬCambodia e-Arrival គឺជាសមិទ្ធផលរួមមួយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីរួមចំណែកទាក់ទាញភ្ញៀវទេសចរ វិនិយោគិន និងពង្រឹងសន្តិសុខក្នុងបរិបទឌីជីថល ដូចបានកំណត់ក្នុងយុទ្ធសាស្រ្តបញ្ចកោណ និងស្របតាមបរិបទនៃពិភពលោក ដែលកំពុងមានភាពរីកចម្រើនផ្នែកបច្ចេកវិទ្យា។

ប្រព័ន្ធ Cambodia e-Arrival នឹងជួយកាត់បន្ថយពេលវេលាបំពេញបែបបទចូល-ចេញប្រទេស ធានាថាអ្នកដំណើរអាចឆ្លងកាត់បានយ៉ាងឆាប់រហ័ស មានភាពងាយស្រួល ដោយអ្នកដំណើរចូលកម្ពុជាតាមអាកាសយានដ្ឋានអន្តរជាតិនានា គ្រាន់តែបំពេញព័ត៌មានតាមទម្រង់ដែលបានកំណត់តាមតំណភ្ជាប់ទៅគេហទំព័រ www.arrival.gov.kh ឬកម្មវិធី Cambodia e-Arrival រួមមាន៖ ទម្រង់សលាកបត្រអន្តោប្រវេសន៍ ពាក្យស្នើសុំទិដ្ឋាការពេលមកដល់ ទម្រង់លិខិតរាយការណ៍គយ និងទម្រង់លិខិតប្រកាសសុខភាពរបស់អ្នកដំណើរ។

សាធារណជន ឬអ្នកដំណើរជាតិ និងអន្តរជាតិ  អាចចូលបំពេញបាន ៧ថ្ងៃមុន ថ្ងៃចេញដំណើរ អាចប្រើបាន ៧ភាសា អាចបំពេញ ២ទម្រង់ គឺតាមរយៈ App & Website APP: Cambodia e-Arrival (App Store & Play Store) និង Website: https://interior.gov.kh/tech_application_suite ក្រសួងមហាផ្ទៃ។

បើតាមអ្នកនាំពាក្យដដែល ពេលនេះក្រសួងមហាផ្ទៃ បាននិងកំពុងដាក់ឱ្យដំណើរការ Cambodia e-Arrival នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សៀមរាបអង្គរ និងខេត្តព្រះសីហនុ មុននឹងបន្តអនុវត្តតាមបណ្ដាច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារទ្វេភាគីផ្សេងទៀតនាពេលខាងមុខ៕

ដោយ សេង បូលីន
មន្រ្តីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ

អត្ថបទដែលជាប់ទាក់ទង