កិច្ចប្រជុំពិនិត្យទីតាំងត្រៀមរៀបចំពិធីសំណេះសំណាល និងចែកអំណោយជូនសិស្សានុសិស្ស នៅវិទ្យាល័យទេពប្រណម្យ ស្រុកពញាឮ

កណ្តាល៖ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤នេះ បានចូលរួមក្នុងកិច្ចប្រជុំពិនិត្យទីតាំងត្រៀមរៀបចំពិធីសំណេះសំណាល និងចែកអំណោយជូនសិស្សានុសិស្ស នៅវិទ្យាល័យទេពប្រណម្យ ស្រុកពញាឮ ក្រោមអធិបតី នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចំរុះនៃកងយោធពលខេមរភូមិន្ទ និងជាអនុប្រធានប្រចាំការគណៈកម្មការអន្តរក្រសួង និងក្រុមនាំមុខក្រសួងការពារប្រទេសឡាវ និងវៀតណាម ចុះត្រួតពិនិត្យទីតាំងត្រៀមរៀបចំពិធីសំណេះសំណាល និងចែកអំណោយជូនសិស្សានុសិស្ស នៅវិទ្យាល័យទេពប្រណម្យ ស្រុកពញាឮ។

សូមបញ្ជាក់ថា៖ លំហាត់ហ្វឹកហ្វឺនសមយុទ្ធរួមគ្នាកងទ័ពទាំងបីប្រទេសកម្ពុជា-វៀតណាម-ឡាវ សម្រាប់ឆ្នាំ ២០២៤ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំនេះ បានជ្រើសរើសយកទីតាំងចំនួនបី ក្នុងភូមិសាស្ត្រមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជវុធហត្ថ ក្នុងភូមិសាស្ត្រភ្នំជុំសែនរីករាយ សម្រាប់ធ្វើជាទីតាំងពិធីបើកធ្វើលំហាត់ និងបិទលំហាត់ ដែលនៅទីនោះរួមមាន ការរៀបចំលំហាត់ប្រតិបត្តិការសង្គ្រោះគ្រោះមហន្តរាយបាក់រលំអាគារ ប្រតិបត្តិការសុខាភិបាល និងការប្រកួតកីឡាប្រដាប់អាវុធ ជាលក្ខណៈមិត្តភាពកងទ័ពប្រទេសទាំងបី។

ដោយឡែកទីតាំងក្នុងវិទ្យាល័យទេពប្រណម ក្នុងភូមិសាស្ត្រស្រុកពញាឮ ខេត្តកណ្ដាល ជាទីតាំងមួយសម្រាប់ រដ្ឋមន្ត្រីការពារជាតិប្រទេសទាំងបី ប្រារព្ធពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូសិស្សានុសិស្ស នៅទីនោះ ដើម្បីផ្សារភ្ជាប់ពីការរឹតចំណងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការ រវាងរដ្ឋាភិបាល កងទ័ព និងប្រជាជនប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម ដែលមានទំនាក់ទំនងនិងគ្នាយ៉ាងស្អិតរមួតជាបងប្អូន ប្រទេសភូមិផងរបងជាប់គ្នា ដែលតាំងពីយូរលង់ណាស់មកហើយ តែងតែបានផ្សារភ្ជាប់ និងចេះជួយគ្នាគ្រប់កាលៈទេសៈ រហូតប្រទេសជាតិនីមួយៗ មានឯករាជ្យ អធិបតេយ្យភាព ពិតប្រាកដក្រោមម្លប់នៃសន្តិភាព។ ទន្ទឹមនឹងនេះដែរ គណៈកម្មការអន្តរក្រសួង ក៏បានរៀបចំទីតាំងមួយទៀតស្ថិតនៅក្នុងសណ្ឋាគារ ហ្គាឌែន ស៊ីធី (Garden City) សម្រាប់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិប្រទេសទាំងបីផងដែរ។

ក្នុងកិច្ចប្រជុំនេះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត បានរំលឹកដល់គណៈជំនាញគ្រប់ជំនាញ រួមសហការគ្នាអោយបានល្អ ក្នុងនោះត្រូវសហការជាមួយអាជ្ញាធរដែនដី ស្រុក-ខេត្ត ដែលមានការពាក់ព័ន្ធ និងត្រូវបង្កើនស្មារតីទទួលខុសត្រូវគ្រប់គ្រងសហការគ្នាឱ្យបានល្អ ក្នុងការរៀបចំទាំងទីតាំងហ្វឹកហាត់ ដើម្បីជំរុញឱ្យការធ្វើលំហាត់សមយុទ្ធរួមគ្នាកងទ័ពទាំងបីប្រទេសនេះ បានប្រព្រឹត្តទៅប្រកបដោយភាពរលូន និងជោគជ័យ។ ឯកឧត្តមបញ្ជាក់ថា ប្រសិនបើយើងរៀបចំលំហាត់នេះបានល្អ ក៏ជាមុខមាត់របស់រាជរដ្ឋាភិបាល កងទ័ព និងប្រជាជនរបស់យើង ហើយក៏ជាការទាក់ទាញលំហូរទេសចរណ៍ជាតិ អន្តរជាតិ ឱ្យមកកាន់ប្រទេសកម្ពុជាយើងកាន់តែច្រើនថែមទទៀតផងដែរ៕

អត្ថបទដែលជាប់ទាក់ទង