ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលបានអញ្ជើញពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវផ្លូវបេតុង ចំនួន ២ខ្សែ ប្រវែង ២០០០ម៉ែត្រ នៅឃុំកោះខែល ស្រុកស្អាង
កណ្តាល៖ ផ្លូវបេតុងអាមេចំនួន ២ខ្សែ ប្រវែង ២០០០ម៉ែត្រ ទទឹង ៤.៥ម៉ែត្រ ស្ថិតនៅភូមិដើមព្រីង និងភូមិកោះខែល ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល ត្រូវបានសម្ផោធដាក់អោយប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោមអធិបតីភាព ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល។
ឯកឧត្ដមអភិបាលខេត្ត បានលើកឡើងថា សមិទ្ធផលផ្លូវបេតុងប្រវែង២០០០ម៉ែត្រនេះ គឺជាការឆ្លើយតបទៅនឹងសំណូមពរ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋដែលបានលើកឡើងក្នុងវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកន្លងមក និងជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផងដែរ។
អភិបាលខេត្តកណ្តាល បានបញ្ចាក់បន្ថែមថា ផ្លូវបេតុងដែលកំពុងសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលនេះ គឺពិតជាមានសារៈណាស់សម្រាប់ប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំកោះខែលផ្ទាល់ ព្រមទាំងមានភាពងាយស្រួលក្នុងការធ្វើដំណើរ ទៅមក និងដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារមានភាពងាយស្រួល ចំណេញពេលវេលា កាត់បន្ថយភាពក្រីក្រ។
ឯកឧត្តមអភិបាលបានបញ្ជាក់បន្តថា សមិទ្ធផលទាំងនេះ គឺផ្តើមចេញពីកត្តាប្រទេសជាតិមានសុខសន្តិភាព ក្រោមការដឹកនាំ និងការយកចិត្តទុកដាក់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលតែងតែជំរុញដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជាពិសេសថ្នាក់ដឹកនាំនៅមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ និងគិតគូពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសត្រូវខិតខំកសាងសមិទ្ធិផលនានាជាបន្តបន្ទាប់ទៀត ជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានស្នើដល់រដ្ឋបាលស្រុក ត្រូវខិតខំផ្តល់សេវានានា និងដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋឱ្យបានល្អ ត្រូវបន្តយកចិត្តទុកដាក់ពង្រឹងលើការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ ឱ្យមានប្រសិទ្ធភាព ដោយត្រូវអនុវត្តកិច្ចការនេះ ជាប្រចាំធ្វើឱ្យដូចភ្លៀងរលឹមនៅក្នុងមូលដ្ឋានរបស់ខ្លួន សំដៅឈានទៅសម្រេចបានលទ្ធផលល្អក្នុងការប្រឡងប្រណាំង អនុវត្តគោលនយោបាយ “ភូមិ ឃុំ មានសុវត្ថិភាព” ប្រចាំឆ្នាំ ៕