នៅក្នុងសេចក្ដីជូនដំណឹងបានបកស្រាយថា ដីចម្ការបារាំងនោះ គឺជាដីរដ្ឋ ដែលរាជរដ្ឋាភិបាលគ្រោងរៀបចំមួយផ្នែក សម្រាប់ប្រើប្រាស់ជាប្រយោជន៍ក្នុងវិស័យការពារជាតិ និងមួយផ្នែកទៀតប្រើប្រាស់សម្រាប់វិស័យបរិស្ថាន ពោលគឺត្រៀមទុកជាទីតាំងសម្រាប់ដាក់សំរាម និងសំណល់រឹងចុងក្រោយកម្រិតតំបន់។
ទន្ទឹមនឹងនេះ ក្រុមការងារគណៈកម្មការអន្តរក្រសួងដោះស្រាយផលប៉ះពាល់ ក៏បាននិងកំពុងខិតខំសិក្សាស្រាវជ្រាវ ដើម្បីឈានដល់ការដោះស្រាយគោលនយោបាយ ជូនប្រជាពលរដ្ឋដែលបានអាស្រ័យផល ពិតប្រាកដក្នុងរង្វង់ដីចម្ការបារាំង ដែលមានទំហំប្រមាណ ២៨០ ហិកតា។
សេចក្តីរាយការណ៍ បានឲ្យដឹងថា មានប្រជាពលរដ្ឋ ចំនួនប្រមាណជាង ១០០ នាក់ តំណាងឲ្យ ១៧០ គ្រួសារ ប្រដាប់ដោយកាំបិត ដំបង និង ដបសាំង ស្ថិតនៅក្នុងឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល បាននាំគ្នាដុតកង់ឡាន និងបិទផ្លូវជាតិលេខ៥១ ដើម្បីតវ៉ារឿងដីធ្លី ដែលមានទំហំជិត ៣០០ ហិកតា ដែលជាកម្មសិទ្ធិរបស់ សាលាបច្ចេកទេសតេជោ ហ៊ុន សែន។ ហើយការបិទផ្លូវ តវ៉ានេះ បន្ទាប់ពីខាងភាគីយោធា បានយកត្រាក់ទ័រ កាយព្រំដីរបស់សាលា ប៉ុន្តែប្រជាពលរដ្ឋមិនព្រម និងបានយកដបសាំង គប់លើគ្រឿងចក្រ ខាងយោធា ក៏បាញ់ភ្ជុចដី ក៏ផ្លាតត្រូវប្រជាពលរដ្ឋម្នាក់ រងរបួស។
ទាក់ទងករណីនេះ លោក គង់ សុភ័ណ្ឌ អភិបាលខេត្តកណ្តាល បានមានប្រសាសន៍ នៅល្ងាចថ្ងៃទី៣ ខែមិថុនានេះថាៈ ចំពោះករណីនេះ សមត្ថកិច្ច កំពុងតែស្រាវជ្រាវ និងទៅសួរសុខទុក្ខ ប្រជាពលរដ្ឋ ដែលរងរបួស កំពុងតែសម្រាក នៅមន្ទីរពេទ្យ។
អភិបាលខេត្តកណ្តាល បានបញ្ជាក់ថាៈ ក្រុមយោធា គឺការពារដីរបស់រដ្ឋ សម្រាប់ផលប្រយោជន៍ ក្រសួងការពារជាតិ និងក្រសួងបរិស្ថាន នៅពេលពួកគាត់ កាយព្រំដី ដើម្បីកំណត់ដីរដ្ឋ ហើយគាត់ ក៏ទប់ស្មារតីមិនបាន ហើយប្រជាពលរដ្ឋ ឈូឆរ និងមានអ្នកបំផុស ស្រែកពីក្រោយ និងមានក្រុមបង្កើត ជាចលនា។ ឥឡូវ លោកកំពុងតែខិតខំធ្វើការ សម្របសម្រួលដោះស្រាយ ហើយអាជ្ញាធរ កំពុងតែខិតខំធ្វើហើយ។
លោកអភិបាលខេត្ត បានអះអាងថា មានការដុតឆេះគ្រឿងចក្រ របស់ភាគីខាងយោធា ដែលបានយកមក
កាយកំណត់ព្រំដីរបស់រដ្ឋ។
យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តកណ្តាល ស្តីពីការប្រមូលផ្ដុំ ការតវ៉ារបស់ ប្រជាពលរដ្ឋ ឈានដល់ការបិទផ្លូវជាតិលេខ៥១ នៅចំណុចដីរដ្ឋ (ដីចម្ការបារាំង) ស្ថិតនៅ ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល នៅថ្ងៃទី៣ ខែមិថុនា បានឲ្យដឹងថាៈ រដ្ឋបាលខេត្ត សូមជម្រាបជូនដំណឹង ដល់ប្រជាពលរដ្ឋ នៅឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល ដែលកំពុងធ្វើការតវ៉ា បិទផ្លូវជាតិលេខ៥១ ត្រង់ចំណុចដីរដ្ឋ (ដីចំការបារាំង) ឱ្យបានជ្រាបថា ដីចម្ការបារាំង ជាដីរដ្ឋ ដែលរាជរដ្ឋាភិបាល គ្រោងរៀបចំមួយផ្នែក សម្រាប់ប្រើប្រាស់ ជាប្រយោជន៍ វិស័យការពារជាតិ និងមួយផ្នែកទៀត ប្រើប្រាស់សម្រាប់វិស័យបរិស្ថាន ជាទីតាំងសម្រាប់ ទុកដាក់សំរាម និងសំណល់រឹង ចុងក្រោយកម្រិតតំបន់។
ទន្ទឹមនេះ ក្រុមការងារ គណៈកម្មការអន្តរក្រសួង ដោះស្រាយផលប៉ះពាល់ កំពុងខិតខំសិក្សា ស្រាវជ្រាវ ដើម្បីឈានដល់ការដោះស្រាយ គោលនយោបាយ ជូនបងប្អូនប្រជាពលរដ្ឋ ដែលបានអាស្រ័យផល ពិតប្រាកដ ក្នុងរង្វង់ដីចំការបារាំង ទំហំប្រមាណ ២៨០ ហិកតា ស្ថិតនៅឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល។
ជាមួយគ្នានេះ រដ្ឋបាលខេត្តកណ្តាល ស្នើដល់បងប្អូនប្រជាពលរដ្ឋ បើកផ្លូវឱ្យមានការធ្វើចរាចរណ៍ ជាធម្មតាឡើងវិញ និងសូមមានការអត់ធ្មត់ ចូលរួមការសម្របសម្រួល ដោះស្រាយ ជាមួយ អាជ្ញាធរមានសមត្ថកិច្ច និងក្រុមការងារគណៈកម្មការ អន្តរក្រសួង ដោះស្រាយផលប៉ះពាល់។ ករណីមិនគោរពតាម ការណែនាំនេះ អាជ្ញាធរមានសមត្ថកិច្ច នឹងចាត់វិធានការ តាមផ្លូវច្បាប់ ជាធរមាន៕