មេបញ្ជាការ​វរ​ការពារ​ព្រំដែន​គោក​លេខ ៨២៣ត្រូវបានដក​បញ្ឈរ​ជើង ក្រោយ​​ប្រើ​ហិង្សា​ទៅលើ​មន្ត្រី​ក្រោមឱវាទ

បាត់ដំបងះ ស្រុកសំឡូត​លោកវរសេនីយ៍ឯក យឹម វិចិត្រ មេបញ្ជាការ​វរ​សេនា​តូច នគរបាល​ការពារ​ព្រំដែន​គោក​លេខ ៨២៣ ប្រចាំ​ស្រុក​សំឡូត ត្រូវបានលោកស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ចេញ​លិខិត​បង្គាប់​ការ និង​បាន​ចុះ​ប្រកាសនៅ​ព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១នេះ ជុំវិញ​ករណី​ប្រើ​ហិង្សា​ទៅលើ នាយ​ផ្នែក​ភស្តុភា កណ្តាល​ចំណោម​មនុស្ស ដែល​ជា​ការប្រមាថ និង​មើលងាយ​យ៉ាង​ធ្ងន់ធ្ងរ​ដល់​មន្ត្រីនគរបាល​ក្រោម​ឱវាទ។

​​គួរ​បញ្ជាក់​ថា ថ្មីៗ​នេះ​មាន​ករណី​ហិ​ង្សា​មួយ​បាន​កើតឡើង​នៅ​ក្នុង​ទីតាំង​វរសេនា​តូច នគរបាល​ការពារ​ព្រំដែន​គោក​លេខ៨២៣ ផ្ទាល់​តែម្តង ដោយនៅ​ព្រឹក​នោះ​ ក៏មាន​មន្ត្រីប៉ូលិស​យ៉ាងច្រើន​កុះករ ដែល​ត្រៀម​ចូលរួម​ក្នុង​កិច្ចប្រជុំ​គណបញ្ជាការ​កងឯកភាព​ស្រុកសំឡូត ក្រោម​អធិបតីភាព​លោក ណុប ដា​រ៉ា អភិបាលរង​ខេត្តបាត់ដំបង ក្នុងទិសដៅ​ការពារ និង​ទប់ស្កាត់​បទល្មើស​ឆ្លងដែន​គ្រប់​ប្រភេទ។

ឯ​អ្នក​បង្ក​ គឺជា​លោកវរសេនីយ៍ឯកយឹម វិចិត្រ មេបញ្ជាការ​វរ​សេនា​តូច នគរបាល​ការពារ​ព្រំដែន​គោកលេខ៨២៣ ផ្ទាល់​តែ​ម្តង ដែល​បាន​វាយ​ទៅលើ​លោកនាយ​ផ្នែក​ភស្តុភា ទាំង​កណ្តាល​ចំណោម​មនុស្ស ដែល​ជា​ទង្វើ​មួយ​ក្នុងការ​មើលងាយ និង​ប្រមាថ​យ៉ាង​ខ្លាំង​ដល់​មន្ត្រីក្រោមឱវាទ។​ទីបំផុត​លោកវរសេនីយ៍ឯក យឹម វិចិត្រ ក៏ត្រូវ​បាន​ការិយាល័យ​បុគ្គលិក កោះហៅ​ឲ្យ​ចូល​ខ្លួន​ដើម្បី​សាកសួរ ហើយ​លោក​ក៏បាន​សារភាព​ថា ពិតជា​បាន​វាយ​ទៅលើ​បុគ្គល​នោះ​ផង​ដែរ គឺ​នៅ​ពេលនេះ ការិយាល័យ​កំពុង​រង់ចាំ​យោបល់ និង​ការសម្រេច​ពី​លោក​ឧត្ដមសេនីយ៍ទោ សាត គឹម​សាន ស្នងការ​នគរបាល​ខេត្តបាត់ដំបង។​

នៅ​ព្រឹក​ថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០២១ នេះ ស្នងការ​ខេត្ត​បាត់ដំបងបានសម្រេច​ចេញ​លិខិត​បង្គាប់ការ​មួយដក​លោក យឹម វិចិត្រ មេបញ្ជាការ​វរសេនាតូច នគរបាល​ការពារ​ព្រំដែន​គោក​លេខ ៨២៣ ដោយ​ផ្អាក​ការងារ​ជា​បណ្តោះអាសន្ន និង​ប្រគល់​ភារកិច្ច​បណ្តោះអាសន្ន ជូន​លោក វរសេនីយ៍ទោ មាស មឿ​ន ដែល​ជា​មេបញ្ជាការរងឲ្យ​ទទួល​ដឹកនាំ​វរសេនា​តូច នគរបាល​ការ​ពារ​ព្រំដែន​គោក លេខ ៨២៣ រហូតដល់​មានការ​សម្រេច​ជាថ្មី៕អរគុណសន្តិភាពចូលរួមអនុវត្ត៣ការពារ៣កុំ។

អត្ថបទដែលជាប់ទាក់ទង