កម្មករ៩៨នាក់ បំរើការងារ រោងចក្រមួយ នៅស្រុកពញាឮ បានរកវិជ្ជមានកូវិដ១៩ បន្ទាប់ពីក្រុមគ្រូពេទ្យ យកសំណាកធ្វើតេស្ត រកមេរោគកូវិដ-១៩
ស្រុកពញាឮ៖ បងប្អូនកម្មករ កម្មការិនីបំរើការងារ នៅរោងចក្រប៉ូលីតូ ស្ថិតនៅឃុំផ្សារដែក ស្រុកពញាឮ ប្រមាណ៩៨នាក់បានរកឃើញវិជ្ជមានកូវិដ១៩ លើចំនួនសរុប៥៧៨នាក់ បន្ទាប់ពីក្រុមគ្រូពេទ្យយកសំណាកធ្វើតេស្តរកមេរោគកូវិដ-១៩នោះមក។
ខណៈចុះបញ្ជា និងតាមដានការងារចុះយកសំណាក បងប្អូនកម្មករ កម្មការិនី នៅរោងចក្រនេះដោយផ្ទាល់ នៅព្រឹកថ្ងៃទី០៤មិថុនា ម្សិលមិញនេះ អភិបាលរង ខេត្តកណ្ដាល ឯកឧត្ដម តាំងម៉េងលាន អមដំណើរដោយ អភិបាលស្រុកពញាឮ លោក ថនសុវណ្ណា បានណែនាំដល់អាជ្ញាធរមូលដ្ឋាន និងមន្តី្រជំនាញពាក់ពន្ធ័ ត្រូវសហការគ្នា យកចិត្តទុកដាក់ក្នុងការយកសំណាក បងប្អូនកម្មករ កម្មការិនី ដែលកំពុងបំរើការងារ ក្នុងនោះ ត្រូវស្វែងរកអ្នកជាប់ ពាក់ព័ន្ធដោយផ្ទាល់ និងប្រយោល ដើម្បីឱ្យពួកគាត់ ធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ តាមវិធានរបស់ក្រសួងសុខាភិបាល ជៀសវាងកុំឱ្យពួកគាត់ ទៅចម្លងដល់អ្នកដទៃឡើយ។
ឯកឧត្ដម អភិបាលរងខេត្ត សង្កត់ធ្ងន់ថា៖ កត្តាចំបង យើងត្រូវគិតគូរយកចិត្តដាក់ ត្រូវរៀបចំទីតាំងកន្លែងស្នាក់នៅ ឬមណ្ឌល ធ្វើចត្តាឡីសក័ អោយបានសមរម្យ និងឧបត្ថម្ភម្ហូបអាហារ ដល់ពួកគាត់ អោយបានគ្រប់គ្រាន់ ។
ពិសេស ត្រូវណែនាំអោយពួកគាត់ អនុវត្តអោយត្រឹមត្រូវ តាមវិធានសុវត្តិភាពក្រសួងសុខាភិបាល ក៍ដូចជា វិធានការ «៣ការពារនិង៣កុំ» របស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល ជម្ថឺកូវិដ១៩ ចូលក្នុងសហគមន៍ ទ្រង់ទ្រាយធំ៕ ប្រភព៖ រដ្ឋបាល ស្រុកពញាឮ