ប្រជាពលរដ្ឋរស់នៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ បានសម្តែងក្តីរំភើប និងការគោរពថ្លែងអំណរគុណសម្តេចតេជោ នាយករដ្ឋមន្ត្រី បន្ទាប់ពីពួកគាត់បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី២
បន្ទាយមានជ័យ ៖ ថ្ងៃសៅរ៍ ១២រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១ ប្រជាពលរដ្ឋរស់នៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ បានសម្តែងក្តីរំភើប និងការគោរពថ្លែងអំណរយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែផ្តល់ក្តីស្រលាញ់ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ជាក់ស្តែងក្នុងថ្ងៃនេះប្រជាពលរដ្ឋនៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះបានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី២ តាមរយៈការជួយសម្របសម្រួលពីសំណាក់ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារប្រចាំការដឹកនាំការអភិវឌ្ឍន៍ភូមិបឹងជ្រុកតេជោឈ្នះឈ្នះ ,ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ , ឯកឧត្តម ង៉ោ ម៉េងជ្រួន អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ,លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង និងជានាយសេនាធិការយោធភូមិភាគទី៥ , ,លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ,លោកឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ,លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ ,លោក យ៉ាង គីមហ៊ុយ សប្បុរសជនគាំទ្រការអភិវឌ្ឍន៍តំបន់បឹងជង្រុកតេជោឈ្នះឈ្នះ និងក្រុមការងារប្រចាំការ បានសហការជាមួយអាជ្ញាធរមូលដ្ឋានឃុំទួលពង្រ និងអជ្ញាធរស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
ប្រជាពលរដ្ឋក្នុងតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ បានថ្លែងរំលឹកលើកឡើងថា បន្ទាប់ពីវិវាទដីធ្លីដ៏រ៉ាំរ៉ៃក្នុងតំបន់នេះត្រូវបានបញ្ចប់ក្រោមការដោះស្រាយតាមបែបឈ្នះឈ្នះ ដែលមានជំនួយពីក្រុមការងារខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី ពួកគាត់បានទទួលដីលំនៅដ្ឋានស្របច្បាប់ ជាមួយសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធនានាជាច្រើនទៀតដែលបាននិងកំពុងអភិវឌ្ឍន៍សម្រេចបានជាង៨០ភាគរយហើយ។ ជាមួយគ្នានេះ ក្នុងខណៈពេលជំងឺកូវីដ-១៩ កំពុងគម្រាមកំហែងទូទាំងពិភពលោក រួមទាំងកម្ពុជាផងនោះ ប៉ុន្តែសម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំចាត់ចែងគោលនយោបាយ និងវិធានការយ៉ាងមានប្រសិទ្ធភាព និងទាន់ពេលវេលាសម្រាប់ការពារប្រជាពលរដ្ឋកម្ពុជាក្នុងបរិបទជំងឺកូវីដ-១៩។ ក្នុងយុទ្ធសាស្ត្រនេះ ការជំរុញយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសក៏កំពុងបោះជំហានឈានទៅសម្រេចជោគជ័យតាមការគ្រោងទុក ព្រោះលទ្ធផលមកដល់ថ្ងៃនេះ ប្រជាពលរដ្ឋកម្ពុជាជាង៩០ភាគរយ បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ។ ជាក់ស្តែងថ្ងៃនេះ បងប្អូនប្រជាពលរដ្ឋតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះជិត៨០០នាក់ បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី២ ពីសំណាក់ក្រុមគ្រូពេទ្យចល័តចាក់វ៉ាក់សាំងរបស់យោធភូមិភាគទី៥៕