នេះ​គឺ​ជា​ការ​​បញ្ជាក់​របស់​ប្រមុខ​រដ្ឋាភិបាលសម្តេចហ៊ុន សែន នៅ​មហា​សន្និបាត​នៃ​ក្តី​សង្ឃឹម​ពិភពលោក​លើកទី​៧ ក្រោ​ម​ប្រធាន​បទ​«សន្តិភាព​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក»។ការ​លើក​ឡើង​របស់​សម្តេចហ៊ុន សែន ​គឺ​ដោយ​ភ្ជាប់​ទៅ​នឹង​ករណី​ប្រទេស​អាហ្វ​ហ្គានីស្ថាន ដែល​នៅពេល​ថ្មីៗ​នេះ ត្រូវ​បាន​សហរដ្ឋអាមេរិក​ដក​កងទ័ព​របស់​ខ្លួន​ចេញ​បន្សល់​ទុក​នូវ​ភាព​មិន​ប្រាកដ​ប្រជា​នៃ​វាសនា​ប្រទេស​ក្រោម​កណ្តាប់​ដៃ​របស់​ពួក​តាលីបង់។តាម​រយៈ​បទពិសោធ​របស់​ប្រទេស​អាហ្វហ្គានីស្ថាន សម្តេចហ៊ុន សែន បានរំឭក​ឡើង​វិញ​ពី​ភាព​ក្រៀម​ក្រំ និង​ជូរចត់​នៃ​រឿង​រ៉ាវ​ដែល​បាន​កើត​នៅ​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃទី១៧​មេសា​១៩៧៥ នៅ​ពេល​ដែល​ពួកខ្មែរ​ក្រហម​ឡើង​កាន់​អំណាច​ក្រោយ​ការ​ដួល​រលំ​នៃ​របប លន់ នល់ ដែល​គាំទ្រ​ដោយ​សហរដ្ឋ​អាមេរិក​។បើតាមសម្តេចទិដ្ឋភាព​ភូមិសាស្ត្រ​នយោបាយ​នៅតំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ កំពុង​ប្រែ​ប្រួល​យ៉ាង​ឆាប់​រហ័ស ព្រម​ជាមួយ​ការ​ប្រែ​ប្រួល​តុល្យភាព​អំណាច​សកល និង​ការ​ប្រកួត​ប្រជែង​ភូមិសាស្ត្រ​នយោបាយ​ ដែល​កាន់​តែ​ស្មុគស្មាញ ស្រួចស្រាល់ និង​គ្រោះ​ថ្នាក់​បំផុត។សម្តេចហ៊ុន សែន អះអាង​ថា​ សន្តិភាព​ពេញ​លេញ​របស់​កម្ពុជា​គឺ​ទទួលបាន​មកពី​ការ​ចូល​រួម​ពីភាគី​ពាក់​ព័ន្ធ​នៅ​ក្នុង​ប្រទេស​។ សម្តេចបាន​រំឭក​ថា កាល​ពី​ដើម​ទសវត្ស​ឆ្នាំ​៩០ទោះ​បី​អន្តរជាតិ​បាន​ចំណាយ​លុយ​ប្រមាណ​២​ពាន់​លាន​ដុល្លារ​ជួយ​ដល់​កម្ពុជាក៏​ប្រទេស​មួយ​នេះ​មិន​អាច​មាន​សន្តិភាព​ពេញ​លេញ​បាន​ឡើយ​។សង្គ្រាមនៅតែបន្តអូសបន្លាយរហូតដល់ខែ ធ្នូ ឆ្នាំ១៩៩៨ ទើបកម្ពុជាអាចឈានទៅសម្រចបានសន្តិភាពពេញលេញ បន្ទាប់ពីបានអនុវត្តនយោបាយ ឈ្នះ-ឈ្នះ ដើម្បីស្វែងរកដំណោះស្រាយរួមមួយ ក្នុងចំណោមជាសាសន៍របស់យើង។ សម្ដេចបានសម្ដែងនូវមោទនភាព ដែលវិទ្យាស្ថានចក្ខុវិស័យអាស៊ី(AVI) របស់កម្ពុជា ត្រូវបានសហព័ន្ធសន្តិភាពសកលជ្រើរើសបំពេញតួនាទីជាលេខាធិការដ្ឋានប្រចាំអាស៊ីប៉ាស៊ីហ្វិកនៃកម្មវិធី«ស្ថាប័នស្រាវជ្រាវឆ្នាំ២០២២»ដែលស្ថាប័នស្រាវជ្រាវក៏មានតួនាទីសំខាន់ក្នុងការចូលរួមចំណែកដោះស្រាយបញ្ហាវិបត្តិ និងលើកម្ពស់ការរក្សាសន្តិភាព តាមរយៈការវិភាគស៊ីជម្រៅ និងការបណ្ដុះស្មារតីផ្លាស់ប្ដូរមតិយោបល់ និងកិច្ចសន្ទនា។ក្រោម​ហេតុផល​នេះហើយ​ដែល​សម្តេច​បញ្ជាក់​ថា «ភាព​ជា​ម្ចាស់​ប្រទេស គឺ​ជា​គន្លឹះ​ឈាន​ទៅ​រក​ភាព​ជោគជ័យ​ និង​សន្តិភាព​ពេញ​លេញ​ ប្រកប​ដោយ​និរន្តរភាព»ដល់មនុស្សជាតិ៕