ឯកឧត្តម​ជាវ តា​យ អភិបាល​ខេត្ត​កំពត​បញ្ជាក់ថា ដី​របស់​រដ្ឋ​ត្រូវ​តែ​រដ្ឋ​ជា​អ្នកកាន់កាប់​គ្រប់​គ្រ​ង់ តែ​បើ​ដី​ឯកជន រដ្ឋបាល​ខេត្ត​ត្រូវ​ចុះបញ្ជី​ជូន​ម្ចាស់​ដី

កំពត ះ ឯកឧត្តម​ជាវ តា​យ បានបញ្ជាក់​ថា ចាប់តាំងពី​ថ្ងៃ​ចូលកាន់​តំណែង​ជា​អភិបាល​ខេត្ត​កំពត ឯកឧត្តម​តែងតែ​យកចិត្តទុកដាក់​ក្នុង​ការសម្របសម្រួល ដោះស្រាយ​បញ្ចប់​វិវាទ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ ហើយ​ឯកឧត្តម​មិន​ដែល​ប៉ះពាល់​ដី​រដ្ឋ​ឬ​ដី​បុគ្គល​ណា​នោះ​ទេ ព្រោះ​ដី​របស់​រដ្ឋ​ត្រូវ​តែ​រដ្ឋ​ជា​អ្នកកាន់កាប់​គ្រប់​គ្រ​ង់ តែ​បើ​ដី​ឯកជន រដ្ឋបាលខេត្ត​ត្រូវ​ធ្វើ​ការចុះ​បញ្ជីចេញ​ប័ណ្ណកម្មសិទ្ធិ​ជូន​ម្ចាស់​ដី​ដែរ​ ។ ការលើកឡើង​បែប​នេះ​របស់​អភិបាល​ខេត្ត​កំពត ក្នុង​កិច្ចប្រជុំ​ជំរុញ​និតិ​វិធី​ការងារ​ដោះដូរ​តារាង​បាល់បោះ ជាមួយ​ពហុ​កីឡដ្ឋាន​ថ្មី​សាងសង់​ដោយ​ក្រុមហ៊ុន អេស អា វី​(SRV) គ្រុប​នៅ​សាលប្រជុំ​សាលាខេត្ត​កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែ​កញ្ញា ឆ្នាំ​២០២១​។

​ឯកឧត្តម​បាន​បន្តថា ចំពោះ​ករណី​ពហុ​កីឡដ្ឋាន​ថ្មី ដែល​ស្ថិត​ក្នុង​សង្កាត់​បឹង​ទូក ក្រុង​បូកគោ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​កិច្ចសន្យា​សាងសង់ និង​ដោះដូរ​រវាង ក្រសួង​អប់រំ​យុវជន និង​កីឡា និង​ក្រុមហ៊ុន SRV Grup,Co.ltd រដ្ឋបាល​ខេត្ត​មិន​មាន​សិទ្ធិ​ក្នុង​ការសម្រេច​អា​កាត់​នោះ​ទេ មានតែ​ក្រសួង​អប់រំ​យុវជន​និង​កីឡា និង​ក្រ​សួ​សេដ្ឋកិច្ច​និង​ហិរញ្ញាវត្ថុ ប៉ុណ្ណោះ​ទើប​មាន​សិទ្ធិ​សម្រេច​បញ្ចប់រឿង​ជាមួយ​ក្រុមហ៊ុន​បាន​។ ហើយ​នៅពេលដែល​មាន​ការសម្រេច​ពី​ក្រសួង​ទាំងពីរ នឹង​ក្រុមហ៊ុន​រួច ទើប​រដ្ឋបាល​ខេត្ត​មាន​សិទ្ធ​ក្នុង​ការចុះបញ្ជី​ចេញ​ប័ណ្ណ​កម្ម​សិទ្ធ​ជូន​ដល់​ក្រុមហ៊ុន​។ ប៉ុន្តែ​កិច្ចប្រជុំ​នាពេលនេះ​ដើម្បី​ពិភាក្សា​ប្រមូល​ធាតុ​ចូល​ពី​ជំនាញ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ឲ្យបាន​លម្អិត ដើម្បី​ជំរុញ​នីតិវិធី​នឹង​ឈាន​ទៅ​បញ្ចប់​បញ្ហា​ដែល​ជាប់គាំង​អស់​ជាង​១០​ឆ្នាំ​មក​នោះ​។

​គួររំលឹកថា តាម​របាយការណ៍​បានឲ្យដឹងថា ក្នុង​អំឡុង​ឆ្នាំ​២០០៧ ក្រុមហ៊ុន SRV Grup,Co.ltd បាន​ដាក់​សំណើ​សុំ​ប្ដូរ​ទីតាំង​ដី​ទីលាន​បាល់បោះ​ទំហំ ១៤២៦​ម៉ែត្រការ៉េ និង​ដី​ទីលាន​បាល់ទាត់​ទំហំ ៣២៥០០​ម៉ែត្រការ៉េ នៅ​ក្រុង​កំពត ជា​ថ្នូរ​នឹង​ដី​ទីលាន​ពហុ​កីឡដ្ឋាន​បាល់ទាត់​ថ្មី​បច្ចុប្បន្ន​នៅ​ភូមិ​បឹង​ទូក ក្រុង​បូកគោ​ដែល​មាន​ទំហំ​៥​ម៉ឺន​ម៉ែត្រការ៉េ​។ ក្នុង​កិច្ចសន្យា​នោះ​ក្រុមហ៊ុន​ត្រូវ​កសាង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ពាក់ព័ន្ធ​នឹង​វិស័យ​កីឡា​ជាច្រើន​។ ប៉ុន្តែ​ដោយសារ​ការអនុវត្តរ​បស់​ក្រុមហ៊ុន​មិន​បាន​ឆ្លើយតប​តាម​កិច្ចសន្យា ខិស​លក្ខណៈ​ស្តង់ដារ បទដ្ឋាន​បច្ចេកទេស នៃ​សំណង់​សម្រាប់​បម្រើ​វិស័យ​កីឡា និង​អូសបន្លាយ​ពេលវេលា​ផង​នោះ ។

​រាជរដ្ឋាភិបាល​ក៏​បាន​ឯកភាព​ជា​គោលការណ៍ តាម​សំណើ​របស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា គឺ​អនុញ្ញាត​ឲ្យ​ប្ដូ​រតែ​ទីតាំង​ដី​បាល់បោះ ទំហំ​១៤២៦​ម៉ែត្រការ៉េ​ប៉ុណ្ណោះ ហើយ​ដី​ទីលាន​កីឡាបាល់ទាត់​ទំហំ ៣២.៥០០​ម៉ែត្រការ៉េ ត្រូវ​ដកហូត​យក​មក​រក្សា​ជា​ទ្រព្យសម្បត្តិ​រដ្ឋ​វិញ​រហូត​សព្វថ្ងៃ​នេះ​រហូត​សព្វ​ថ្ងៃនេះ​នៅ​តែ​រក្សា​ជា​តារាង​បាល់ទាត់​ខេត្ត​កំពត​ដដែល​។ ប៉ុន្តែ​បញ្ហា​ត្រង់​ថា ពហុ​កីឡដ្ឋាន​ថ្មី​នៅ​ក្រុង​បូកគោ របស់​ក្រុមហ៊ុន នៅ​មិន​ទន់​បាន​ចុះបញ្ជី​ថា​ជា​កម្មសិទ្ធិ​របស់​ភាគី​ណា​នៅឡើយ ដោយសារ​ដំណោះស្រាយ​ក្នុង​កិច្ចសន្យា​រវាង​ក្រសួង​អប់រំ និង​ភាគី​ក្រុមហ៊ុន​មិនទាន់​មាន​ការឯកភាព​គ្នា​៕

អត្ថបទដែលជាប់ទាក់ទង