កណ្តាល៖ នៅថ្ងៃពុធ ៦កើត កត្តិក ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១។
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានតំរូវឲ្យគ្រប់បណ្ដាក្រុង-ស្រុកទាំង ១១ ត្រូវយកចិត្តទុកដាក់ពិនិត្យមើល ភ្លើងបំភ្លឺតាមផ្លូវសាធារណៈឲ្យបានប្រសើរ អំពូលភ្លើងត្រូវតែភ្លឺតាមពេលកំណត់ ដើម្បីសោភ័ណភាពក្នុងទីក្រុង ភូមិ ស្រុក សំរួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ បានងាយស្រួលក្នុងពេលយប់ និងសំដៅពង្រឹងដល់យន្តការភូមិឃុំមានសុវត្ថិភាពផងដែរ។
ឯកឧត្តមអភិបាល លើកឡើងដូច្នេះ នៅក្នុងកិច្ចប្រជុំគណៈអភិបាលខេត្ត ប្រចាំខែតុលា ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត លោកអភិបាល ក្រុង-ស្រុក ទាំង១១ កងកម្លាំងទាំងបី និងមន្ត្រីពាក់ព័ន្ធនានាជាច្រើននាក់។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមអភិបាលខេត្តក៏បានស្នើដល់ មន្ទីរជំនាញ និងអជ្ញាធរពាក់ព័ន្ធទាំង១១ ក្រុង-ស្រុក ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការថែទាំផ្លូវ លាងសម្អាតផ្លូវ និងជួសជុលផ្លូវឱ្យបានស្អាត ជាពិសេសក្រុងតាខ្មៅត្រូវសហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ចុះពិនិត្យមើលស្ថានភាពផ្លូវក្នុងក្រុងទាំងអស់ ហើយត្រូវធ្វើការជួសជុលឱ្យបានលឿនបំផុត ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋប្រកបដោយភាពងាយស្រួល និងមានសោភ័ណភាពឡើងវិញ។
ពាក់ព័ន្ធនឹងការងារ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ឯកឧត្តមអភិបាលខេត្តបាន ស្នើឱ្យគ្រប់បណ្ដាក្រុង-ស្រុក កម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវបន្តខិតខំពង្រឹងយន្តការភូមិឃុំមានសុវត្ថិភាពឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ថែមទៀត កម្លាំងសមត្ថកិច្ច ត្រូវសហការគ្នាឱ្យបានស្អិតរមួត ខិតខំធ្វើការងារឱ្យ បានសកម្ម ដើម្បីបទល្មើសមានការថយចុះជាលំដាប់។
ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងនូវការកោតសរសើរ ដល់អាជ្ញាធរក្រុង-ស្រុក មន្ទីរពាក់ព័ន្ធ និងកងកម្លាំងទាំងអស់ ដែលបានខិតខំ សហការគ្នា ក្នុងការបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ដោយគ្រប់ស្រុកទាំងអស់ អជ្ញាធរបានអនុវត្តតាមបទបញ្ជា និងការណែនាំរបស់ខេត្ត និងថ្នាក់ដឹងនាំបានយ៉ាងមានប្រសិទ្ធភាព ពិសេសគឺការងារចាក់សាំងដែលធ្វើ ឱ្យខេត្តកណ្ដាលទទួលបានលទ្ធផលយ៉ាងល្អប្រសើរសម្រេចបានតាមការរំពឹងទុក៕