ឯកឧត្តម ណុប តារា អភិបាលរងខេត្តកណ្ដាល នៅក្នុងកិច្ចប្រជុំពិនិត្យ ពង្រឹងការដឹកជញ្ជូនខ្សាច់ និងដេប៉ូស្តុកខ្សាច់ដែលមានភូមិសាស្ត្រក្រុងតាខ្មៅ យល់ស្របក្នុងការចូលរួមជួសជុលផ្លូវ សម្អាតផ្លូវ និងស្ដាលូមានចំនួន ៩ដេប៉ូ
កណ្តាល៖ ក្រោមការសម្របសម្រួល និងដោះស្រាយរបស់ ឯកឧត្តម ណុប តារា អភិបាលរងខេត្តកណ្ដាល នៅក្នុងកិច្ចប្រជុំពិនិត្យ ពង្រឹងការដឹកជញ្ជូនខ្សាច់ និងដេប៉ូស្តុកខ្សាច់ដែលមានទីតាំងក្នុងភូមិសាស្ត្រក្រុងតាខ្មៅ កាលពីព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១នេះ បានធ្វើឱ្យម្ចាស់អាជីវកម្មខ្សាច់ក្នុងក្រុងតាខ្មៅ យល់ស្របតាមអាជ្ញាធរខេត្តដោយសេចក្តីរីករាយ ក្នុងការចូលរួមជួសជុលផ្លូវ សម្អាតផ្លូវ និងស្ដាលូក្នុងភូមិសាស្រ្តក្រុងតាខ្មៅ សំដៅលើកកម្ពស់បរិស្ថាន និងទីក្រុងស្អាត។
មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្ត បានបញ្ជាក់ថា ផ្លូវដែលកំពុងតែរងការខូចខាត ខណៈដែលការដឹកជញ្ជូនខ្សាច់នៅលើផ្លូវនេះបានធ្វើចរាចរណ៍ យ៉ាងមមាញឹកជារៀងរាល់ថ្ងៃនេះ គឺមាន ផ្លូវជាតិ លេខ២១ ២១A និង២១B ក៏ប៉ុន្តែដោយមានការសម្របសម្រួលពី ឯកឧត្តម គង់ សោភ័ណ្ឌអភិបាលខេត្ត គឺរដ្ឋបាលខេត្តតម្រូវឱ្យអាជីវកម្មដេប៉ូខ្សាច់ទាំងអស់ ជួយជួសជុល តែផ្លូវ លេខ២១A ក្រោមស្ពានព្រែកសំរោង ដោយចាក់បេតុង ប្រវែង ១០០ម ទទឹង១១ម កម្រាស់ ២តឹក និងជួសជុលផ្លូវលេខ២១B ជុំវិញរង្វង់មូលព្រែកសំរោងនិងក្រោមស្ពានព្រែកសំរោងតែប៉ុណ្ណោះ ក្រៅពីនេះគឺជាគម្រោងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន រដ្ឋបាលខេត្តកណ្ដាល និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល។
ឯកឧត្តមអភិបាលរងខេត្តក៏បានស្នើដល់ ម្ចាស់អាជីវកម្មខ្សាច់ទាំងអស់ ចូលរួមក្នុងការសម្អាតផ្លូវឱ្យបានស្អាត ដោយត្រូវចូលរួមបង់ថ្លៃសេវាសម្អាតផ្លូវប្រចាំខែ ជាពិសេសត្រូវចូលរួមក្នុងការសម្អាតលូ ឱ្យបានល្អប្រសើរចៀសវាងកុំឱ្យមានការកកស្ទះបណ្ដាលឱ្យបិទផ្លូវទឹក ដែលជាហេតុបង្កឱ្យមានទឹកជំនន់លិចផ្លូវ និងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋក្នុងក្រុងតាខ្មៅនៅពេលមានភ្លៀងធ្លាក់ម្ដងៗ ។
ម្ចាស់ដេប៉ូទាំងអស់ បានស្ម័គ្រចិត្តចូលរួមជាមួយរដ្ឋបាលខេត្តក្នុងស្មារតីរីករាយក្រៃលែង។
ជាមួយគ្នានេះ ឯកឧត្តមបានក៏បានជម្រុញដល់ មន្ទីរពាក់ព័ន្ធ និងកងកម្លាំងមានសមត្ថកិច្ច ត្រូវបន្តចាត់វិធានការឱ្យបានម៉ឺងម៉ាត់ ដល់ម្ចាស់អាជីវកម្ម ឱ្យអនុវត្តតាមកិច្ចសន្យា និងច្បាប់ពាក់ព័ន្ធនានា រាល់ការដឹកខ្សាច់ ដឹកដីត្រូវអនុវត្តតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ក្នុងករណីម្ចាស់អាជីកម្មណាដែលនៅតែប្រព្រឹត្តល្មើសច្បាប់ ធ្វើឱ្យផ្លូវខូច ត្រូវទទួលខុសត្រូវ ចំពោះមុខច្បាប់ដោយត្រូវទទួលរងការការផាកពិន័យ ឬបិទអាជីវកម្មតែម្ដង។
សូមជម្រាបថា នៅក្នុងក្រុងតាខ្មៅមានអាជីវកម្មខ្សាច់សរុប ២២ដេប៉ូ ហើយចំពោះដេប៉ូខ្សាច់ដែលកំពុងដំណើរការមានចំនួន ១៤ដេប៉ូ ដោយក្នុងនោះដេប៉ូធំមានចំនួន ៣ ដេប៉ូ (ដេប៉ូ១បានផ្អាកមួយរយៈ) ដេប៉ូលក្ខណៈមធ្យមមានចំនួន ៣ដេប៉ូ និងដេប៉ូលក្ខណៈតូចមានចំនួន ៩ដេប៉ូ៕