កិច្ចប្រជុំពិគ្រោះយោបល់លើផលប៉ះពាល់ ក្នុងគម្រោងសាងសង់ខ្សែបញ្ជូនអគ្គិសនី ស្ថិតនៅក្នុងស្រុកមុខកំពូល និងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល
កណ្តាល៖ រសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ ២០២២ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល និងឯកឧត្តម ប្រាំង ជលសា អគ្គនាយករងអគ្គីសនីកម្ពុជា បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិគ្រោះយោបល់លើផលប៉ះពាល់ ក្នុងគម្រោងសាងសង់ខ្សែបញ្ជូនអគ្គិសនី ស្ថិតនៅក្នុងស្រុកមុខកំពូល និងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ដោយបានការអញ្ជើញចូលរួមពីសំណាក់លោកអភិបាលស្រុកមុខកំពូល និងលោកអភិបាលស្រុកខ្សាច់កណ្តាល លោកមេឃុំ និងមន្ត្រីដែលពាក់ព័ន្ធជាច្រើនរូបផងដែរ។
ឯកឧត្តម ប្រាំង ជលសា អគ្គនាយករងអគ្គីសនីកម្ពុជា បានមានប្រសាសន៍ថា៖ ដើម្បីស្នើសុំអនុញ្ញាតគាំទ្រគម្រោងខ្សែបញ្ជូនអគ្គិសនី ៥០០ គីឡូវ៉ុល ពី អនុស្ថានីយអគ្គិសនីខាងកើតភ្នំពេញ ទៅព្រំដែនឡាវ និងដើម្បីអនុវត្តគម្រោងសាងសង់ប្រព័ន្ធខ្សែបញ្ជូនថាមពលអគ្គិសនីជាតិខាងលើអោយបានបញ្ចប់ទៅតាមកាល កំណត់ និងបំពេញតម្រូវការថាមពលអគ្គិសនីនៅដើមឆ្នាំ ២០២៣ខាងមុខ សម្រាប់ផ្គត់ផ្គង់ជាពិសេសអោយទាន់ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម អគ្គិសនីកម្ពុជា និងចាប់ផ្តើមអនុវត្តការងារសាងសង់ខ្សែបញ្ចូនខាងលើ ចាប់ពីដើមខែមករា ឆ្នាំ២០២២ នេះតទៅ ដូចនេះ អគ្គិសនីកម្ពុជា សូមសំណូមពរដល់ អាជ្ញាធរខេត្ត មេត្តាផ្ដល់ការគាំទ្រ ព្រមទាំង ជួយសម្របសម្រួលជាមួយប្រជាជន និងអាជ្ញាធរដែនដីពាក់ព័ន្ធផ្តល់នូវកិច្ចសហការដើម្បីអោយគម្រោងនេះសម្រេចបាន ដោយជោគជ័យ ។
ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានសំណូមពរដល់ខាងអគ្គីសនីពេលដែលចុះទៅដល់មូលដ្ឋានសូមជួយបង្កលក្ខណះនូវភាពងាយស្រួលដល់អាជ្ញាធរក្នុងការសម្របសម្រួលជាមួយប្រជាពលរដ្ឋ និងសូមពន្លឿនកិច្ចការងារនេះពិសេសថ្នាក់ភូមិ-ឃុំ ត្រូវបន្តពង្រឹងលើការសម្របសម្រួលពេលដែលក្រុមការងារចុះទៅប្រកបដោយភាពរលូន៕