ពិធីបើកការដ្ឋានស្ថាបនាប្រព័ន្ធលូបេតុង និង រ៉ឺហ្គា លើកំណាត់ផ្លូវជាតិលេខ២១ និងកំណាត់ផ្លូវលេខ២១០ ស្ថិតក្នុងសង្កាត់តាខ្មៅក្រុងតាខ្មៅ ខេត្តកណ្តាល។
កណ្តាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ បានចូលរួមជាអធិបតីក្នុងពិធីបើកការដ្ឋានស្ថាបនាប្រព័ន្ធលូបេតុង និង រ៉ឺហ្គា លើកំណាត់ផ្លូវជាតិលេខ២១ និងកំណាត់ផ្លូវលេខ២១០ ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។
មានប្រសាសន៍ក្នុងពិធីនេះដែរ ឯកឧត្តម គង់ សោភ័ណ្ឌបានថ្លែងថា៖ ថ្ងៃនេះមិនមែនជាលើកទី១ទេ ដែលក្រុងតាខ្មៅមានការអភិវឌ្ឍ ប្រទេសជាតិមានការរីកចំរើនក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន គឺមិនប្រកាន់ជាតិសាសន៍ ឬសាសនាឡើយ គឺរស់នៅក្រោមដំបូលតែមួយ ហេតុនេះបានជាគ្រប់ជាតិសាសន៍និងសាសនាទាំងអស់រស់នៅជាមួយគ្នាយ៉ាងសុខដុមរមនា។ហើយសមិទ្ធផលដែលកើតឡើងនៅក្នុងសម័យតេជោរួមមានហេដ្ឋារចនាសម្ព័ន្ធមានផ្លូវ ស្ពាន លូបង្ហូរទឹក សំណង់សាធារណៈផ្សេងៗទៀតមានការរីកលូតលាស់ឡើង ដោយសារការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលទើបធ្វើអោយប្រទេសជាតិមានការរីកចំរើនរហូតមកដល់សព្វថ្ងៃ។
ឯកឧត្តមអភិបាលខេត្តបានថ្លែងអំណរគុណ ចំពោះលោកឧកញ៉ា ប៊ុន ហៃ អគ្គនាយកក្រុមហ៊ុនបុរីភ្នំពេញថ្មី ដែលបានឆ្លើយតបនឹងការអំពាវនាវរបស់រដ្ឋបាលខេត្ត ក្នុងការចូលរួមស្ថាបនាលូបេតុងសរសៃដែកមុខកាត់១,៥ម៉ែត្រ ប្រវែង ៧៦២ ម៉ែត្រ ដាក់រ៉ឺហ្គាទំហំ ៣ម៉ែត្រ គុណ ៣ម៉ែត្រ ចំនួន ៣៤ កន្លែង តាមបណ្តោយផ្លូវជាតិលេខ២១នេះ និងស្ថាបនាលូបេតុងសរសៃដែក មុខកាត់ ១ម៉ែត្រ ប្រវែង ២៣២ ម៉ែត្រ និងរ៉ឺហ្គា ទំហំ ១,៨ ម៉ែត្រ គុណ ១,៨ ម៉ែត្រ ចំនួន ១៤កន្លែង តាមបណ្តោយផ្លូវជាតិលេខ២១០ ដោយចំណាយថវិកាអស់ប្រមាណ ២០០០លានរៀល ឬស្មើនឹង៦០ម៉ឺនដុល្លារ ដែលនេះជាកាយវិការដ៏ល្អប្រពៃ និងជាគំរូដ៏ល្អ ដែលបានដាក់ទុនវិនិយោគក្នុងភូមិសាស្រ្តខេត្តកណ្តាល និងបានចូលរួមអភិវឌ្ឍក្នុងវិស័យសាធារណៈការ សំណង់សិល្បៈការ ដើម្បីទុកបម្រើជាប្រយោជន៍សាធារណៈ។
ជាមួយគ្នានេះឯកឧត្តមអភិបាលខេត្តបានស្នើដល់អាជ្ញាធរមូលដ្ឋាន ត្រូវបន្តយកចិត្តទុកដាក់ពង្រឹងលើការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ត្រូវផ្តល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួល បានជំនឿទុកចិត្ត បង្រ្កាបបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ផ្សេងៗ ។
ឯកឧត្តមក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាយោគយល់អធ្យាស្រ័យចំពោះផលប៉ះពាល់ នៅពេលការដ្ឋានដំណើរការ និងសូមចូលរួមសហការជាមួយមន្ត្រីបច្ចេកទេស ដើម្បីអោយការដ្ឋាននេះដំណើរការប្រកបដោយជោគជ័យ៕