ឯកឧត្តម គង់ សោភណ្ឌ អភិបាលខេត្តកណ្តាលអញ្ជើញចូលរួមពិធីប្រកាសសុពលភាពក្រុមប្រឹក្សា អាណត្តិទី៥ នៃរដ្ឋបាលសង្កាត់តាខ្មៅក្រុងតាខ្មៅ
កណ្តាល៖ ឯកឧត្តម គង់ សោភណ្ឌ អភិបាលខេត្តកណ្តាល បានបញ្ជាក់ថា ក្នុងនាមជាសមាជិកក្រុមប្រឹក្សាដែលបានជាប់ឆ្នោត ទោះបីមានសមាសភាពមកពីគណបក្សនយោបាយតែមួយ ឬ គណបក្សនយោបាយផ្សេងៗគ្នាក៏ដោយ តាមគោលការណ៍ច្បាប់ ក្រុមប្រឹក្សាគឺជាតំណាងឲ្យ ប្រជាពលរដ្ឋក្នុងសង្កាត់ទាំងមូល ដូច្នេះ នៅក្នុងអាណត្តិការងារ៥ឆ្នាំនេះ លោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាថ្មី ត្រូវខិតខំបំពេញតួនាទី ភារកិច្ចក្នុងការគ្រប់គ្រង ចាត់ចែងកិច្ចការមូលដ្ឋាន របស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋ និងបម្រើផលប្រយោជន៍ ព្រមទាំងសេចក្តីត្រូវការ របស់ប្រជាពលរដ្ឋទាំងអស់ដោយស្មើភាព យុត្តិធម៌ និងមិនត្រូវប្រកាន់និន្នាការនយោបាយឡើយ។
ឯកឧត្តម គង់ ដោភណ្ឌ អភិបាលខេត្តកណ្តាល បានបញ្ជាក់ដូច្នេះ នៅក្នុងពិធីប្រកាសសុពលភាពក្រុមប្រឹក្សា អាណត្តិទី៥ នៃរដ្ឋបាលសង្កាត់តាខ្មៅជ្រើស ក្រុងតាខ្មៅ នារសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ ដោយមានការចូលរួមពីមន្ទីរ ពាក់ព័ន្ធ ទីចាត់ការផែនការ អភិបាលរង កងកម្លាំង មន្ត្រីរាជការ អង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋជាង ២៥៧នាក់។
ឯកឧត្តមបានបន្តថា សមាជិកក្រុមប្រឹក្សាឃុំ ដែលមកពីគណបក្សផ្សេងៗគ្នា ត្រូវខិតខំរួបរួមសាមគ្គីសហការធ្វើការជាមួយគ្នាប្រកដោយការទទួលខុសត្រូវ ដើម្បីបម្រើប្រជាពលរដ្ឋ នៅក្នុងឃុំ សង្កាត់របស់ខ្លួន ដោយមិនត្រូវមានការរើសអើង បែងចែកពណ៌សម្បុរ ឬនិន្នាការនយោបាយ នោះឡើយ ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋដែលបានចូលរួមធ្វើសកម្មភាពគាំទ្រគណបក្សនយោបាយ ផ្សេងៗគ្នា ដែលបានប្រកួតប្រជែងគ្នាក្នុងពេលបោះឆ្នោត ក៏មិនត្រូវធ្វើការបែងចែក ការគុំគួន ការរើស អើងខាងនយោបាយដាក់គា្ននោះឡើយ ប្រជាពលរដ្ឋដែលមកពីគ្រប់និន្នាការ នយោបាយ ត្រូវរួមសាមគ្គីសហការគ្នា ជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមកឲ្យបានល្អនៅតាមសហគមន៍ មូលដ្ឋាននានា និងត្រូវសហការចូលរួមជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ជាប់ឆ្នោត ដើម្បីអភិវឌ្ឍមូលដ្ឋាន របស់ខ្លួនឲ្យកាន់តែមានការរីកចម្រើនបន្តទៀតទើបជាការប្រសើរ។
ឯកឧត្តមបានផ្តាំផ្ញើដល់ក្រុមប្រឹក្សាឃុំ ដែលបានជាប់ឆ្នោតនៅក្នុងអាណត្តិទី៥នេះ ត្រូវបន្តនិរន្តរភាពនៃការ ដឹកនាំគ្រប់គ្រង និងអភិវឌ្ឍន៍នៅមូលដ្ឋានក្នុងអាណត្តិ៥ឆ្នាំបន្តទៀត ទោះបីជាក្រុម ប្រឹក្សាឃុំ ដែលប្រកាសទទួលស្គាល់នាឱកាសនេះ ជាក្រុមប្រឹក្សាឃុំអាណត្តិថ្មីក៏ពិតមែន ប៉ុន្តែមិនមែន បានសេចក្ដីថាការងារគ្រប់គ្រង និងការងារអភិវឌ្ឍន៍មូលដ្ឋានដែលក្រុមប្រឹក្សាឃុំអាណត្តិចាស់បាន អនុវត្តកន្លងមកត្រូវបានបញ្ចប់នោះទេ ពោលគឺក្រុមប្រឹក្សាឃុំអាណត្តិថ្មី ត្រូវបន្តអនុវត្តការងារគ្រប់គ្រង និងការអភិវឌ្ឍមូលដ្ឋានពីក្រុមប្រឹក្សាឃុំអាណត្តិចាស់ សំដៅធានាឲ្យមាននិរន្តរភាពក្នុងកិច្ចការរដ្ឋបាល និងការផ្តល់សេវា ព្រមទាំងការអភិវឌ្ឍនៅមូលដ្ឋានជាបន្តទៀត។
ឯកឧត្តមក៏បានជំរុញដល់ លោក លោកស្រីដែលជាចៅសង្កាត់ ជំទប់ និងក្រុមប្រឹក្សាឃុំ ត្រូវយកចិត្ដទុកដាក់អនុវត្ដឲ្យបានត្រឹមត្រូវតាមគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ដិនានារបស់រាជរដ្ឋាភិបាល និងត្រូវបំពេញការងារដោយស្មារតីសាមគ្គីភាព យោគយល់គ្នា និងបន្តរៀនសូត្រពីគ្នាទៅវិញទៅមក រក្សាឱ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់ លុបបំបាត់ឱ្យបាននូវបញ្ហាគ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ ខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងឃុំជាពិសេសខិតខំបម្រើប្រជាពលរដ្ឋដើម្បីធ្វើឱ្យឃុំស្វាយជ្រំកាន់តែមានការអភិវឌ្ឍន៍ហើយជីវភាពប្រជាពលរដ្ឋកាន់តែប្រសើរបន្ថែមទៀត ពោលគឺធ្វើជាមន្រ្តីត្រូវបម្រើរាស្រ្តដោយពិតប្រាកដ។
សូមជម្រាបថា ក្រុមប្រឹក្សាសង្កាត់តាខ្មៅដែលត្រូវបានប្រកាសសុពលភាពមានចំនួន ១១រូប ក្នុងនោះមកពីគណបក្សប្រជាជនកម្ពុជាចំនួន៩រូប និងមកពីគណបក្សភ្លើងទៀន ២រូបផងដែរ៕