ឯកឧត្តម គង់ សោភ័ណ្ឌ អនុសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បាននាំយកនូវទៀនវស្សា ទេយ្យវត្ថុ និងបច្ច័យ ប្រគេនដល់ព្រះសង្ឃដែលនឹងគង់ចាំព្រះវស្សានៅវត្តប្រជុំនទី ហៅវត្តក្រពើហា
កណ្តាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល និងលោកជំទាវ ព្រមទាំងមន្ត្រីរាជការ មន្ទីរជុំវិញខេត្ត សមាជិក សមាជិកា សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល កាលពីរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២នេះ បាននាំយកនូវទៀនវស្សា ទេយ្យវត្ថុ គ្រឿងឧបភោគបរិភោគ និងបច្ច័យកសាងមួយចំនួន ដែលជាអំណោយរបស់ សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល មកប្រគេនដល់ព្រះសង្ឃដែលនឹងគង់ចាំព្រះវស្សា នៅវត្តប្រជុំនទី ហៅក្រពើហា ស្ថិតនៅភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ។
បន្ទាប់ពីបូជាទៀន ធូប ផ្កាភ្ញី ចំពោះព្រះពុទ្ធរូប និងធ្វើពិធីតាមទំនៀមទម្លាប់តាមប្រពៃណីព្រះពុទ្ធសាសនា រួចមក ថ្លែងទៅកាន់ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋនាឱកាសនោះ ឯកឧត្តម គង់ សោភ័ណ្ឌ បាននាំនូវប្រសាសន៍ផ្ដាំផ្ញើ និងសួរសុខទុក្ខ ព្រមទាំងក្ដីនឹករលឹក ពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែគិតគូសុខទុក្ខ និងតែងព្រួយបារម្ភជានិច្ច ចំពោះប្រជាពលរដ្ឋគ្រប់រូបខាងផ្នែកអាណាចក្រ ក៏ដូចជាព្រះសង្ឃគ្រប់អង្គខាងផ្នែកពុទ្ធចក្រផងដែរ។
ឯកឧត្តមបានមានប្រសាសន៍ថា បុណ្យចូលព្រះវស្សាគឺ ជាបុណ្យដែលមានមកតាមផ្លូវព្រះពុទ្ធសាសនា ដែលព្រះសង្ឃត្រូវចូលវស្សាតាមពុទ្ធានុញ្ញាត រយៈពេល៣ខែជារៀងរាល់ឆ្នាំ ហើយក្នុងអំឡុងពេលចូលវស្សាព្រះសង្ឃគឺពុំអាចនិមន្ត ចេញពីវត្ត និងបិណ្ឌបាតដូចធម្មតាបានឡើយ ព្រោះជារដូវដែលមានភ្លៀងធ្លាក់ជោគជាំខ្លាំង ហើយក៏ជាពេលវេលាមួយសម្រាប់ព្រះសង្ឃត្រូវសិក្សារៀនសូត្រធម៌វិន័យ ដូច្នេះពុទ្ធបរិស័ទមានតួនាទីសំខាន់ណាស់ក្នុងការទំនប់បម្រុងចង្ហាន់ សម្ភារៈប្រើប្រាស់ ស្បង់ជីវរ និងភេសជ្ជៈជាដើមសម្រាប់ប្រគេនព្រះសង្ឃតាមសទ្ធាជ្រះថ្លារៀងៗខ្លួន។
ឯកឧត្តមបានបញ្ជាក់ថា សាសនាបានរួមចំណែក និងដើរតួនាទីដ៏មានសារ:សំខាន់ ជាមួយនឹងរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍរវាងវិស័យអាណាចក្រ និងពុទ្ធចក្រ ក្រោមម្លប់នៃសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សង្គម និងការអភិវឌ្ឍ ជាក់ស្តែងការប្រារព្ធពិធីនាពេលនេះបាន គឺដោយសារប្រទេសជាតិមានសុខសន្តិភាព ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើឱ្យប្រទេសជាតិ មានសុខសន្តិភាពពេញលេញ មានស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍន៍ទាំងផ្នែកអណាចក្រ និងផ្នែកពុទ្ធចក្រ គ្រប់ទីកន្លែងទូទាំងប្រទេសកម្ពុជា មានតែសន្តិភាពទេ ទើបធ្វើឱ្យព្រះពុទ្ធសាសនា មានការរីកចម្រើនលូតលាស់ និងធានាបាននូវអរិយធម៌ និងវប្បធម៌រុងរឿងគង់វង្សស្ថិតស្ថេរជានិច្ចនិរន្តរ៍។
សូមបញ្ជាក់ថា ទេយ្យទានដែលបានប្រគេនរួមមាន៖ បច្ច័យចំណាយក្នុងវត្តចំនួន ៤លានរៀល អង្ករចំនួន ២តោន មី២០កេស ត្រីខកំប៉ុង៥០យួរ ទឹកសុទ្ធ ២០កេស ទឹកត្រី១០យួរ ទឹកស៉ីអ៉ីវ ១០យួរ ម៉ាស ១កេស ជែលលាងដៃ ២០កេស ប្រគេនបច្ច័យដល់ព្រះសង្ឃចំនួន ៣១៤អង្គ ក្នុងមួយអង្គ ៥ម៉ឺនរៀល ជូនតាជីយាយជីចំនួន ២៧នាក់ ក្នុងម្នាក់ទទួលបានថវិកា ២ម៉ឺនរៀល ៕