ឯកឧត្ដម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ចំនួន ២២អដ្ឋិធាតុ ត្រូវបានផ្ទេរប្រគល់ ដើម្បីធ្វើមាតុភូមិនិវត្តន៍ទៅប្រទេសកំណើតវិញ
កណ្តាល៖ អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមចំនួន ២២ អដ្ឋិធាតុដែលរុករកឃើញនៅក្នុងភូមិសាស្ត្រខេត្តកណ្តាល ត្រូវបានធ្វើពិធីប្រគល់ និងទទួល ក្នុងជំហានទី២១ រដូវប្រាំង ឆ្នាំ២០២១-២០២២ នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២នេះ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្ដាល ដោយមានការអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់ ឯកឧត្ដម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល និងឯកឧត្តម ឧត្តមសេនីយ៍ត្រី ហូ មិញភឿង ស្នងការរងនយោបាយ និងជាអនុប្រធានគណៈចង្អុលការ ៥១៥ យោធភូមិភាគទី៩ នៃកងទ័ពប្រជាជនវៀតណាម ។
ថ្លែងក្នុងពិធីនេះ ឯកឧត្តម ណុប ដារ៉ា បានមានប្រសាសន៍ថា ការចូលរួមស្វែងរុករក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពវៀតណាមនេះ គឺជាការងារមនុស្សធម៌ដ៏ល្អ និងជាការបង្ហាញពីទឹកចិត្តរបស់ប្រជាជនកម្ពុជាផងដែរ ពីព្រោះការពលីអាយុជីវិតរបស់កងទ័ពវៀតណាម លើទឹកដីកម្ពុជា។
ឯកឧត្តម ក៏បានជំរុញ និងលើកទឹកចិត្ត ដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋក្នុងខេត្ត ត្រូវបន្តខិតខំសហប្រតិបត្តិការ និងបង្កលក្ខណៈងាយស្រួល ដល់ដំណើរការស្វែងរុករកអដ្ឋិធាតុកងទ័ពវៀតណាម ដែលបានពលីជីវិតនៅទឹកដីខេត្តកណ្តាល ដែលនៅសេសសល់បន្តទៀត ដើម្បីធ្វើមាតុភូមិនិវត្តន៍ទៅប្រទេសវៀតណាមវិញ ។
ក្នុងពិធីនេះដែរ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ហូ មិញភឿង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ គ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋខេត្តកណ្តាល ដែលបានសហការល្អជាមួយក្រុមការងារអង្គភាព K90 របស់វៀតណាម ក្នុងការស្វែងរុករក និងធ្វើមាតុភូមិនិវត្តន៍អដិ្ឋធាតុកងទ័ពវៀតណាមដោយទទួលបានលទ្ធផលល្អប្រសើរ។
ឯកឧត្តម ឧត្ដមសេនីយ៍ត្រី នៃ និយម មេបញ្ជាការ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការការ រុករក ជីកលើក និងធ្វើមាតុភូមិនិវត្តន៍អធិធាតុខេត្តកណ្ដាល បានឱ្យដឹងថា ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការស្រាវជ្រាវ រុករក ជីកលើកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ក្នុងជំហានទី២១ រដូវប្រាំង ឆ្នាំ២០២១-២០២២ នៅក្នុងភូមិសាស្តខេត្តកណ្តាលបានចំនួន ១៣ចំណុច ក្នុងស្រុកខ្សាច់កណ្ដាល និងស្រុកល្វាឯម ដោយសម្រេចលទ្ធផល រកឃើញអដ្ឋិធាតុសរុបចំនួន ២២អដ្ឋិធាតុ។
ឯកឧត្តម ឧត្ដមសេនីយ៍ត្រី នៃ និយម បានបន្ថែមថា ក្នុងកិច្ចសហប្រតិបត្តិការស្រាវជ្រាវ រុករក ជីកលើកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត វៀតណាម គិតពីឆ្នាំ២០០២ រហូតដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ (ពីជំហានទី១ ដល់ជំហានទី២១) ការជីកលើកអដ្ឋិធាតុនៅក្នុងភូមិសាស្ត្រខេត្តកណ្តាល សរុបបាន ចំនួន ១២១០អដ្ឋិធាតុ៕