កំពង់ធំះ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អមដំណេីរដោយប្រតិភូគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ នេះបានបន្តចុះត្រួតពិនិត្យស្ថានភាព ជំនន់ទឹកភ្លៀង និងផលប៉ះពាល់ដំណាំស្រូវរបស់ប្រជាពលរដ្ឋដោយផ្ទាល់នៅក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ក្នុងការចុះត្រួតពិនិត្យដោយផ្ទាល់នេះក៏មានការចូលរួមពី ក្រុមការងារ លេខាធិការដ្ឋាន គ្រប់គ្រងគ្រោះមហន្តរាយក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ឯកឧត្តម អភិបាលខេត្តកំពង់ធំ, មេបញ្ជាការតំបន់ប្រតិបត្តការសឹករងខេត្ត, អភិបាលស្រុក ,និងមន្រ្តីពាក់ព័ន្ធជុំវិញខេត្តងដែរ។
តាមរបាយការណ៍បឋមរបស់ លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានឱ្យដឹងថា៖ ស្រុកកំពង់ស្វាយ ប៉ះពាល់ដោយជំនន់ទឹកភ្លៀងសរុបចំនួន៨ឃុំស្មើនឹង ៤,៤២៥ហិកតារ ក្នុងនោះខូចខាតចំនួន២,៧០៧ ស្មើនឹង២,១៧១គ្រួសារ ។
ឯកឧត្តម ទេសរដ្ឋមន្ត្រី ក៏បានណែនាំឱ្យលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្តបន្តតាមដាន និងធ្វើបច្ចុប្បន្នភាពឱ្យបានជាប់ជាប់ប្រចាំពីផលប៉ះពាល់និងខូចខាតដែលមានជាបន្តបន្ទាប់ទៀតនោះ ដើម្បីងាយស្រួលដល់ខាងស្បៀងបម្រុងធ្វើការផ្តល់ជូនគ្រាប់ពូជស្រូវសម្រាប់ធ្វើការដោះស្រាយការស្តារឡើងវិញជូនប្រជាពលរដ្ឋរងគ្រោះក្រោយទឹកបានស្រកអស់។
មានប្រសាសន៍សំណេះសំណាលនាឱកាសនេះឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម ក៏បានកោតសសើរដល់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត អាជ្ញាធរមានសមត្ថកិច្ច កងកម្លាំងចម្រុះ ដែលបានអនុវត្តន៍ផែនការទប់ស្កាត់ និងដោះស្រាយបញ្ហាបណ្តាលមកពីទឹកជំនន់ទឹកភ្លៀង។
ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍មួយចំនួនដល់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តត្រៀមបម្រុង និងមានវិធានការឆ្លេីយតបបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាពសំដៅកាត់បន្ថយបានផលប៉ះពាល់ឱ្យនៅកម្រិតទាបបំផុត ៕