ខេត្តព្រះវិហារ ៖ ថ្ងៃសុក្រ ៨កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនិងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់ក្នុងពិធី ប្រកាសចូលកាន់មុខតំណែងអភិបាល នៃអភិបាលរងនៃគណៈអភិបាលខេត្តព្រះវិហារ ដោយមានការចូលរួមពីឯកឧត្តម មាស សុភា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមុលដ្ឋាខេត្តព្រះវិហារ ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការនិងអគ្គនាយកនៃក្រសួងមហាផ្ទៃ ប្រធានក្រុមប្រឹក្សាខេត្តអភិបាលខេត្តព្រះវិហារ ឯកឧត្តមអភិបាលខេត្តជាប់ព្រំប្រទល់ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងទងបី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាល ប្រធានក្រុមប្រឹក្សាក្រុង ស្រុក និងមន្រ្តីរាជការចំណុះរចនាសម្ព័ន្ធសាលាខេត្ត នៅសាលាខេត្តព្រះវិហារ ។
មានប្រសាសន៍ស្វាគមន៍នាឱកាសនោះឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្ត បានសម្ដែងនូវគារវកិច្ចគោរពស្វាគមន៍យ៉ាងកក់ក្ដៅបំផុត ចំពោះវត្តមានដ៏ឧត្ដុង្គឧត្ដម របស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលបានឆ្លៀតឱកាសដ៏មមាញឹក ពីភារកិច្ចដឹកនាំ អញ្ជើញមកជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល អភិបាលរង នៃគណៈអភិបាលខេត្តព្រះវិហារ នាពេលនេះ។ឯកឧត្តមអភិបាលបន្តថាសមិទ្ធផលសំខាន់ៗ ដែលរដ្ឋបាលខេត្តព្រះវិហារសម្រេចបាន ពីដំណាក់កាលមួយទៅដំណាក់កាលមួយរហូតបច្ចុប្បន្ននេះ គឺដោយសារយើងមានការដឹកនាំដ៏ត្រឹមត្រូវខាងនយោបាយនៅគ្រប់កាលៈទេសៈ និងគ្រប់ស្ថានភាពរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានការចង្អុលបង្ហាញដោយផ្ទាល់ពីសំណាក់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងការចូលរួមជាប្រចាំពីសំណាក់ ឯកឧត្តម មាស សុភា ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ, លោកជំទាវ សមាជិកព្រឹទ្ធសភា, ឯកឧត្ដម អ្នកតំណាងរាស្ត្រ, សមាជិកក្រុមការងារ, ថ្នាក់ដឹកនាំខេត្ត, គ្រប់ជាន់ថ្នាក់
បន្ទាប់ពីបានស្តាប់ការប្តេជ្ញាចិត្តឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារដែលទើបឡើងកាន់តំណែងសម្តេចក្រឡាហោម ស ខេង បានណែនាំដល់មន្រ្តីរាជការថ្នាក់ក្រោមជាតិ ត្រូវបន្តខិតខំបន្តរក្សាស្ថិរភាពនយោបាយ សន្តិសុខ សាធារណៈ ការទប់ស្កាត់បញ្ហាគ្រឿងញៀននៅតាមច្រករបៀង ទប់ស្កាត់ការលាងលុយកង្វក់ ការប្រយុទ្ធប្រឆាំងអំពើរជួញដូរមនុស្ស ។ បន្តខិតខំការផ្តល់សេវាជូនប្រជាពលរដ្ឋ តាមរយះខិតខំដោះស្រាយបញ្ហាទំនាស់ដីធ្លី ការដោះស្រាយបញ្ហាជំងឺកូវីដ ១៩ បន្តការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ព្រមទាំងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងឆាប់រហ័ស ។
បន្ថែមពីនោះសម្តេចក្រឡាហោម បានសំណូមពរដល់អាជ្ញាធគ្រប់លំដាប់ថ្នាក់បន្តពង្រឹងការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយចីរភាព ការខិតខំបន្តអនុវត្តកម្មវិធីកំណែទម្រង់វិជ្ឍការ វិសហមជ្ឍការ ដំណាក់កាលទី២(២០២១-២០៣០) ការផ្ទេរធនធាន និងសិទ្ធអំណាចដល់ថ្នាក់ក្រោមជាតិជាដើម។
ជាចុងក្រោយសម្តេចក្រឡាហោម បានសំណូមពរឲ្យមានសាមគ្គីភាពល្អក្នុងជួរគណៈអភិបាល និងក្រុមប្រឹក្សាខេត្តសំដៅប្រសិទ្ធភាពនៃការងារអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល និងការដោះស្រាយបញ្ហាក៏ដូចសំណូមពរនានាជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ។
សូមបញ្ជាក់ថា:ឯកឧត្តមគីម រិទ្ធី អគ្គនាយករងនៃអគ្គនាយករដ្ឋបាលក្រសួងមហាផ្ទៃ ត្រូវបានព្រះតែងតាំងជាអភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ស្របពេលឯកឧត្តមប្រាក់ សុវណ្ណ ត្រូវចូលនិវត្តន៍ និងអភិបាលរងខេត្តចំនួន០២រូបត្រូវតែងតាំងរួមមានលោក វ៉ាត ប៉ារ៉ានីន និងលោក ណុប វុធ្ធី ជាអភិបាលរងថ្មី ៕