ភ្នំពេញ៖ លោក សរ សិទ្ធិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលជួយការងារដឹកនាំ អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានប្ដេជ្ញាចិត្ត ៥ចំណុច ដើម្បីជំរុញការអភិវឌ្ឍវិស័យកីឡាសូហ្វតិន្នីសកម្ពុជាឲ្យកាន់តែរីកចម្រើន ប្រកបដោយចីរភាព។
ការប្ដេជ្ញាចិត្តនេះ បន្ទាប់ពីលោកត្រូវបានបោះឆ្នោតគាំទ្រធ្វើជាប្រធានសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា អាណត្តិទី៣ ឆ្នាំ២០២២-២០២៦ ក្នុងមហាសន្និបាតវិសាមញ្ញរបស់សហព័ន្ធ ដើម្បីបូកសរុបសកម្មភាពការងារឆ្នាំ២០២២ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៣ និងកែសម្រួលសមាសភាពគណៈកម្មាធិការប្រតិបត្តិនាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ ម្សិលញ នៅទីស្នាក់ការគណៈកម្មាធិការជាតិពិកកម្ពុជា។
ក្បាលម៉ាស៊ីនថ្មីរបស់សហព័ន្ធខាងលើ បានទទួលស្គាល់ពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំសហព័ន្ធមុនៗ ដែលជំរុញឲ្យសហព័ន្ធមួយនេះរីកចម្រើន។ ប៉ុន្ដែចំពោះមុខ ឆ្នាំ២០២៣ គឺជាពេលវេលាដ៏សំខាន់ ដែលកម្ពុជាត្រៀមធ្វើម្ចាស់ផ្ទះស៊ីហ្គេម ហេតុនេះសហព័ន្ធបានត្រៀមអនុវត្តផែនការ សកម្មភាពការងារ និងយកចិត្តទុកដាក់ ដល់ក្រុមជម្រើសជាតិ ដើម្បីធានាបាននូវគុណភាពខ្ពស់ត្រៀមប្រជែងមេដាយជូនជាតិ ក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនេះ។
បន្ថែមលើនេះ ក្នុងនាមប្រធានសហព័ន្ធ លោកបានធ្វើការប្ដេជ្ញាចិត្ត ៥ចំណុច ចំពោះមុខគណៈកម្មាធិការប្រតិបត្តិសហព័ន្ធ ដើម្បីដឹកនាំ និងអភិវឌ្ឍន៍វិស័យកីឡាមួយនេះ រួមមាន៖ ១. គោរពអនុវត្តិយ៉ាងម៉ឺងម៉ាត់តាមច្បាប់លក្ខន្តិក បទបញ្ជា និងគោលការណ៍របស់សហព័ន្ធ។ ២. ចូលរួម និងខិតខំអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការចូលរួមលើកស្ទួយកិត្តិយសកិត្យានុភាពកីឡាសូហ្វតិន្នីសកម្ពុជាទាំងថ្នាក់ជាតិ និងអន្តរជាតិ។
៣. សហការសម្របសម្រួលជាមួយវិស័យកីឡាផ្សេងៗទៅតាមក្រសួងស្ថាប័ន អង្គភាពពាក់ព័ន្ធនានា ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីជំរុញដល់ការអភិវឌ្ឍ និងលើកកម្ពស់ដល់វិស័យកីឡាសូហ្វតិន្នីសឲ្យឆ្ពោះទៅរកការរីកចម្រើនជាលំដាប់។ ៤. ខិតខំកៀងគរ និងស្វែងរកជំនួយឧបត្ថម្ភ ធនធាន និងសម្ភារៈ ពីប្រភពស្របច្បាប់នានា ដើម្បីអភិវឌ្ឍន៍សមត្ថភាពកីឡាករ និងហេដ្ឋារចនាសម្ព័ន្ធឲ្យមានការរីកចម្រើន និង ៥. រក្សាសាមគ្គីភាពឯកភាពផ្ទៃក្នុង និងលើកកម្ពស់សមត្ថភាព គុណភាព សីលធម៌ សេចក្ដីថ្លៃថ្នូរ ព្រមទាំងសហការល្អតាមថានានុក្រម ដើម្បីឲ្យសហព័ន្ធទទួលបានវឌ្ឍនភាព និងកិត្តិយស ទាំងថ្នាក់ជាតិ និងអន្តរជាតិ។
សូមបញ្ជាក់ថា សម្រាប់សមាសភាពថ្នាក់ដឹកនាំ និងគណៈកម្មាធិការប្រតិបត្តិសហព័ន្ធ អាណត្តិទី៣ គឺមានចំនួន ២៩រូប ដោយមានលោក សរ សិទ្ធិ ជាប្រធាន និងលោក តុង សុផល ជាអនុប្រធានទី១ ព្រមទាំងអនុប្រធានសហព័ន្ធ ៣រូបទៀត។ ចំណែកលោក យិត ភីរៈ ជាអគ្គលេខាធិការ រួមជាមួយអគ្គលេខាធិការរង ៤រូប និងលោក អ៊ាន សុភ័ក្ដ្រ ជាអគ្គហេរញ្ញិក ព្រមទាំងអគ្គហេរញ្ញិករង ៤រូប និងសមាជិកចំនួន ១៤រូបទៀតផងដែរ៕