អភិបាលខេត្តព្រះសីហនុលេីកឡេីងថាការដាំដេីមធ្លក នៅសួនព្រះថោង គឺអោយស្របតាមសាវតា។
រូបសំណាក ព្រះថោងនាងនាគ ស្ថិតនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលជាចំណុចប្រសព្វគ្នារវាងមហាវិថីឆ្នេររាម និងមហាវិថីជំទាវម៉ៅ។
តាមសាវតាបញ្ជាក់ថា ព្រះថោងបាននាំពលរេហ៍ទៅក្រសាលតាមឆ្នេរខ្សាច់កោះ ហើយក៏បានយាងទៅដល់ទួលដំបូកគោកធ្លក ដោយហេវហត់អស់កំលាំងព្រះអង្គក៏ចូលទៅសំរាកក្រោមដើមធ្លក ដល់ពេលរសៀលទើបព្រះអង្គភ្ញាក់ តែដោយសារទឹកបានឡើងលិចព័ទ្ធជុំវិញទួលគោកធ្លកដោយមិនអាចវិលត្រលប់ទៅព្រះរាជវាំងបាន ព្រះថោងក៏ទ្រង់សំរាកនៅទីនោះ រង់ចាំពេលទឹកស្រកទៅវិញ។
គ្រានោះ នារាត្រីដ៏សែនស្ងាត់ជ្រងំ ព្រះនាងធារាវត្ដី បុត្រីសេ្ដចភុជង្គនាគបាននាំអស់ពួកភិលៀងបរិវារ ចេញមកក្រសាលលេងកំសាន្ដលើកោះគោកធ្លក។ព្រះថោងទតយល់ឃើញព្រះនាងកាលណា ក៏លបលួចចាប់ចិត្ដប្រតិព័ទ្ធស្នេហាភ្លាម។ក្រោយពេលដែលបានផ្ដោះផ្ដង សាកសួរគ្នាទៅវិញទៅមក ព្រះថោង និងនាងនាគក៏ចាប់ផ្ដើមមានចិត្ដស្នេហាស្មោះស្ម័គ្រនឹងគ្នាទៅវិញទៅមក និងបានរៀបអភិសេកជាមួយគ្នា ។
ព្រះថោង និងស្ដេចចាម ព្រះនាមអាស្សចៃយ្យរាជ្យ កើតមានជំលោះមិនចុះសំរុងនឹងគ្នា ហើយក៏កើតមានជាសង្គ្រាមចំបាំងរាំងជល។នៅក្នុងសង្គ្រាមនេះព្រះថោងបានយកជ័យជំនះកំចាត់ស្ដេចចាម ដែលរត់ខ្ចាត់ខ្ចាយទៅពួននៅចម្ប៉ាសាក់ បច្ចុប្បន្នទឹកដីលាវសព្វថ្ងៃ។ពេលនោះ ព្រះថោងបានគ្រប់គ្រងទឹកដីគោកធ្លកតែម្នាក់ឯង។
ព្រះអង្គបានដាក់ឈ្មោះព្រះនគរថា “នគរគោកធ្លក”