សម្ដេចក្រឡាហោម ស ខេង អំពាវនាវដល់នគរបាលទាំងអស់ កុំយកច្បាប់ចរាចរណ៍ធ្វើជាអាជីវកម្មបម្រើផល ប្រយោជន៍ផ្ទាល់ខ្លួន
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក(គ.ស.ច.គ) បានអំពាវនាវដល់នគរបាលទាំងអស់ កុំយកច្បាប់ចរាចរណ៍ធ្វើ ជាអាជីវកម្មបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន ហើយត្រូវធ្វើការណែនាំដល់ប្រជាពលរដ្ឋឲ្យបានត្រឹមត្រូវ មុននឹងធ្វើការផាកពិន័យ។ ទន្ទឹមនេះ សម្តេចក្រឡាហោម ស ខេង ក៏បានអំពាវនាវក្នុងឱកាសអញ្ជើញចូលរួមប្រារព្ធទិវាសប្ដាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លើកទី១៤ នៅក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣។
សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា មន្ត្រីនគរបាលចរាចរណ៍ទាំងអស់ ត្រូវធ្វើការពន្យល់ និងអប់រំណែនាំដល់ប្រជាពលរដ្ឋ មុននឹងធ្វើការផាកពិន័យបទល្មើសចរាចរណ៍ និងត្រូវគោរពសិទ្ធរបស់ប្រជាពលរដ្ឋ។ ការផាកពិន័យបទល្មើសចរាចរណ៍ត្រូវផ្អែកលើគោលការណ៍ច្បាប់ ដែលមានជាធរមាន និងអនុវត្តឲ្យបានស្មើភាពគ្នាដោយមិនប្រកាន់ ឬបែងចែកបក្សពួកនោះទេ។ ទន្ទឹមនេះរាល់ការផាកពិន័យត្រូវចេញវិក័យប័ត្រ និងយោងទៅតាមច្បាប់ឲ្យបានត្រឹមត្រូវ ជៀសវាងការយកច្បាប់ចរាចរណ៍ធ្វើអាជីវកម្ម ដើម្បីបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន។















