ភ្នំពេញ៖ ថ្ងៃសៅរ៍ ១១រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានចូលរួមកិច្ចប្រជុំទ្វេភាគីក្រោមក្របខ័ណ្ឌនៃគណៈកម្មាធិការអន្តររដ្ឋាភិបាលកម្ពុជា-ចិន ដែលដឹកនាំដោយសហប្រធាន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និងឯកឧត្ដម វ៉ាង យី សមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេសនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន អមដោយមន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងពីរ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូចិន ដែលអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមិត្តចិន ដែលតែងតែផ្ដល់ជំនួយដ៏ច្រើនសន្ធឹកសន្ធាប់មកឱ្យកម្ពុជានៅក្នុងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យនៅគ្រប់កាលៈទេសៈរហូតមកទល់បច្ចុប្បន្ន ជាពិសេសការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ រួមមានការកសាងផ្លូវថ្នល់ប្រមាណជាង ៣០០០គីឡូម៉ែត្រ និងស្ពានធំៗចំនួន១០។ ភាគីទាំងពីរក៏បានអបអរខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ និងប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយឱ្យបានខ្លាំងក្លាថែមទៀត ដោយបង្កើតនូវសហគមន៍ជោគវាសនារួមកម្ពុជា-ចិន សំដៅជំរុញសកម្មភាពពាណិជ្ជកម្ម វិនិយោគ និងសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ។
ជាការឆ្លើយតប ឯកឧត្តម វ៉ាង យី បានថ្លែងអំណរគុណ និងកោតសរសើរដល់ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ដែលបានខិតខំកសាង និងពង្រឹងទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរអស់រយៈពេលជាច្រើនឆ្នាំ ឆ្លងកាត់សម័យកាលជាច្រើនរបស់កម្ពុជា ជាពិសេសក្រោមការដឹកនាំគណៈកម្មាធិការអន្តររដ្ឋាភិបាលកម្ពុជា-ចិន ឯកឧត្តមបាននាំមកនូវការរីកចម្រើន និងការរក្សាបាននូវទំនាក់ទំនងទ្វេភាគីដ៏ល្អប្រសើរ និងផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់ការប្រាស្រ័យទាក់ទងរវាងប្រជាជននៃប្រទេសទាំងពីរ រហូតឈានទៅសម្រេចបានជាទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅឆ្នាំ២០១០។ ជាមួយគ្នានោះ ឯកឧត្តម វ៉ាង យី ក៏បានសម្តែងនូវការអបអរសាទរចំពោះការទទួលបានជោគជ័យដ៏ត្រចះត្រចង់នៃការបោះឆ្នោតសកលនៅកម្ពុជា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅផងដែរ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានគូសបញ្ជាក់ផងដែរថា ចិនគឺជាមិត្តដែកថែប ហើយក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ ឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនពីង មិត្តចិនបានជួយកសាងហេដ្ឋារចនាសម្ព័ន្ធដ៏ច្រើននៅកម្ពុជា ជាពិសេសថ្មីៗនេះ មានដូចជា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត ការសិក្សាផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប ការសិក្សាគម្រោងផ្លូវដែកនៅកម្ពុជា និងគម្រោងព្រែកជីកហ្វូណនតេជោជាដើម។ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយរបស់ភាគីចិនដែលមានទឹកប្រាក់ប្រមាណ ៣០០លានយ័ន សម្រាប់គាំទ្រដល់ការអភិវឌ្ឍ និងស្ដារឡើងវិញវិស័យផ្លូវដែកនៅកម្ពុជាផងដែរ ជាពិសេសការជំរុញការកសាងផ្លូវដែកល្បឿនលឿនភ្ជាប់ភ្នំពេញ-ប៉ោយប៉ែត ទៅប្រទេសថៃ ឡាវ និងចិន។
ឯកឧត្តម វ៉ាង យី បានបង្ហាញអំពីការសង្ឃឹមជឿជាក់របស់ខ្លួនថា រាជរដ្ឋាភិបាលកម្ពុជាថ្មី នឹងបន្តពង្រឹងទំនាក់ទំនងល្អ និងកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ចិន ឱ្យកាន់តែប្រសើរឡើងថែមទៀត ដែលក្នុងនោះ ភាគីចិនបានបង្ហាញជំហប្ដេជ្ញាបន្តផ្ដល់ការគាំទ្រដល់កម្ពុជាលើវិស័យសំខាន់ៗ ដូចជា៖ ផលិតកម្ម កសិកម្ម ឧស្សាហកម្ម អគ្គិសនី អប់រំ និងសុខាភិបាល រួមទាំងវិស័យហេដ្ឋារចនាសម្ព័ន្ធដែលរួមមានដូចជាការសាងសង់ផ្លូវល្បឿនលឿនបន្ថែមទៅបណ្ដាខេត្តសំខាន់ៗ ការអភិវឌ្ឍវិស័យទឹកកខ្វក់នៅខេត្តព្រះសីហនុ និងការអភិវឌ្ឍផ្លូវដែកតភ្ជាប់ទៅច្រករបៀងសេដ្ឋកិច្ចភាគខាងជើង និងតភ្ជាប់ទៅផ្លូវដែកថៃ-ឡាវជាដើម ជាពិសេសបន្តការជំរុញកិច្ចសហប្រតិបត្តិការក្រោមក្របខ័ណ្ឌនៃគណៈកម្មាធិការអន្តររដ្ឋាភិបាលកម្ពុជា-ចិន ឱ្យកាន់តែមានភាពរលូន និងនាំមកនូវគម្រោងសម្រាប់អភិវឌ្ឍវិស័យសំខាន់ៗនៅកម្ពុជាបន្ថែមទៀត។
ជាទីបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានជូនពរ ឯកឧត្តម វ៉ាង យី និងគណៈប្រតិភូចិន ឱ្យទទួលបានជោគជ័យនៅក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា រយៈពេល ០២ថ្ងៃ ចាប់ពីថ្ងៃទី១២-១៣ ខែសីហា ឆ្នាំ២០២៣ ដើម្បីបន្តរក្សាបាននូវមិត្តភាពដែកថែបដ៏មានតម្លៃបំផុតរបស់ប្រទេសទាំងពីរ៕