កិច្ចប្រជុំស្តីពីការចុះពិនិត្យស្ថានភាពសិទ្ធិមនុស្ស នៅពន្ធនាគារខេត្តកណ្តាល

កណ្ដាល៖ នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) រួមដំណើរដោយ ថ្នាក់ដឹកនាំនៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានអញ្ជើញចុះទៅពន្ធនាគារខេត្តកណ្តាល ដើម្បីពិនិត្យពីស្ថានភាពនៃការឃុំឃាំង ការអនុវត្ត សិទ្ធិមនុស្ស និងសួរសុខទុក្ខជនជាប់ឃុំ រួមទាំងលោក ខៀវ សំផន ផងដែរ។

ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្ត្រីនៃពន្ធនាគារខេត្តកណ្តាល ដែលបានបំពេញ តួនាទីភារកិច្ចដោយការយកចិត្តទុកដាក់ខ្ពស់ ដែលបង្កឱ្យស្ថានភាពនៃការរស់នៅរបស់ជនជាប់ឃុំមានលក្ខណៈល្អ ប្រសើរ និងទទួលបាននូវសិទ្ធិតាមការកំណត់នៃច្បាប់ស្តីពីពន្ធនាគារ។ ទន្ទឹមនេះ ឯកឧត្តម កែវ រ៉េមី ក៏បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្ត្រីពន្ធនាគារឲ្យយកចិត្តទុកដាក់បន្ថែមទៀត ជៀសវាងការប្រើអំពើហិង្សានិងការធ្វើទារុណកម្ម ជាពិសេសសូមប្រកាន់ខ្ជាប់និងគោរពតាមបទដ្ឋានសិទ្ធិមនុស្សជាតិនិងអន្តរជាតិ។

ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្ត្រី ពន្ធនាគារទាំងអស់ ដែលតែងតែផ្តល់ការសហការយ៉ាងជិតស្និទ្ធជាមួយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានាពេល កន្លងមក ក្នុងការលើកកម្ពស់ ការការពារសិទ្ធិ និងសេរីភាពរបស់ជនជាប់ឃុំ។ ក្នុងនោះផងដែរ គណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា ក៏បាននាំយកនូវអំណោយជាឱសថ និងអង្គរចំនួន២តោនសម្រាប់ប្រើប្រាស់ក្នុងពន្ធនាគារ៕

គួរបញ្ជាក់ថា លោក ខៀវ សំផន បច្ចុប្បន្នស្ថិតនៅក្នុងវ័យចំណាស់ គឺជាអតីតប្រមុខរដ្ឋនៃរបបកម្ពុជា ប្រជាធិបតេយ្យ និងជាអតីតមេដឹកនាំខ្មែរក្រហមតែមួយគត់ដែលនៅមានជីវិតនៃសំណុំរឿង ០០២/០២ របស់ សាលាក្តីខ្មែរក្រហម ហើយកំពុងតែអនុវត្តទោសជាប់ពន្ធនាគារអស់មួយជីវិត នៅក្នុងពន្ធនាគារខេត្តកណ្តាល។ លោក ខៀវ សំផន ត្រូវបានដាក់ឃុំនៅអគារនិងបន្ទប់ឃុំឃាំងដាច់ដោយឡែកពីជនជាប់ឃុំផ្សេងទៀត និងទទួល បានការមើលថែដោយយកចិត្តទុកដាក់ពីសំណាក់អ្នកមើលថែ គ្រូពេទ្យ និងមន្ត្រីពន្ធនាគារ ដោយមានសុខភាពធម្មតា តាមវ័យរបស់គាត់។

ជម្រាបជូនផងដែរថា៖ ពន្ធនាគារខេត្តកណ្ដាលមានជនជាប់ឃុំសរុបចំនួន ៣៣១៩ នាក់ស្ត្រី ១៤៣ នាក់៕

អត្ថបទដែលជាប់ទាក់ទង