ប៉ូលីស ផាកពិន័យ ប៉ូលីស ! ក៏ព្រោះតែ បើកម៉ូតូឌុបគ្នាអត់ពាក់មួកសុវត្ថិភាព

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យមន្ដ្រីនគរបាលចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ២នាក់ ចូលខ្លួនមកបង់ផាកពិន័យតាមផ្លូវច្បាប់ ក្រោយពីមន្ដ្រីនគរបាលទាំង២នាក់នេះ បើកម៉ូតូឌុបគ្នាអត់ពាក់មួកសុវត្ថិភាព ត្រូវបានប្រជាពលរដ្ឋឃើញនៅតាមផ្លូវ ហើយថតបង្ហោះផ្សាយនៅលើបណ្ដាញសង្គម។

ក្រោយពីទទួលបានព័ត៌មាននេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាភ្លាមៗឲ្យមន្ដ្រីជំនាញ ហៅមន្ដ្រីនគរបាលចរាចរណ៍ទាំង២នាក់នេះ ចូលខ្លួនមកបង់ផាកពិន័យ ក្នុងករណីប្រព្រឹត្ដល្មើសចរាចរណ៍ បើកបរម៉ូតូគ្មានមួកសុវត្ថិភាព។

យោងតាមយោងកិច្ចសន្យា បានឲ្យដឹងថា មន្ដ្រីនគរបាលចរាចរណ៍ទាំង២នាក់នេះ ទីមួយ៖ មានឈ្មោះ ប៉ុល ជឿន ភេទប្រុស រស់នៅភូមិព្រៃស សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងទីពីរ៖ មានឈ្មោះ ជា តឿ ភេទប្រុស រស់នៅភូមិវត្ដស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ពួកគេទាំង២នាក់ បានបញ្ជាក់ថា «ដោយមូលហេតុខ្ញុំបាទ បានបើកបរតាមឡានព្រូល ដែលបើកបុករត់ ទើបពួកខ្ញុំមិនបានពាក់មួក។ ខ្ញុំបាទព្រមទទួលកំហុសថា ខ្ញុំបាទពិតជាមិនបានពាក់មួក នៅពេលបើកបរតាមដងផ្លូវពិតប្រាកដមែន»៕

អត្ថបទដែលជាប់ទាក់ទង