រដ្ឋមន្រ្ដីក្រសួងព័ត៌មាន ស្នើឱ្យអ្នកសារព័ត៌មានទាំងអស់ជួយផ្សព្វផ្សាយដែលជាផលប្រយោជន៍ជាតិ ដើម្បីបន្ដដំណើរជាមួយគ្នាសម្រាប់ធ្វើឱ្យប្រទេសកម្ពុជាឱ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០

ភ្នំពេញ៖ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន ស្នើឱ្យអ្នកសារព័ត៌មានទាំងអស់ជួយផ្សព្វផ្សាយដែលជាផលប្រយោជន៍ជាតិ ដើម្បីបន្ដដំណើរជាមួយគ្នាសម្រាប់ធ្វើឱ្យប្រទេសកម្ពុជាឱ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ ។

ថ្លែងក្នុងពិធីពិសាអាហារសាមគ្គីជាមួយអ្នកសារព័ត៌មាន នាពេលរាត្រី ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ឯកឧត្ដម នេត្រ ភក្រ្ដា រដ្ឋមន្រ្ដីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា អ្នកសារព័ត៌មានគឺជាកញ្ចក់ឆ្លុះបញ្ចាំងស្ថានភាពពិតក្នុងសង្គម ដើម្បីបង្ហាញជាសាធារណៈជនគ្រប់ស្រទាប់វណ្ណៈនៅព័ត៌មានគ្រប់ជ្រុងជ្រោយ។

ឯកឧត្ដម នេត្រ ភក្រ្ដា បានបញ្ជាក់ថា ការចូលរួមរបស់​អ្នកសារព័ត៌មាន​នាពេល​កន្លងមក គឺបានធ្វើឱ្យរូបភាពរបស់ប្រទេសកម្ពុជា និងសកម្មភាពទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាពិសេស សកម្មភាព និងជីវភាពរបស់ប្រជាពលរដ្ឋមាន​ការផ្សព្វផ្សាយ​បាន​យ៉ាង​ទូលំទូលាយទាំងក្នុងប្រទេស និងក្រៅប្រទេស។

ឯកឧត្ដមបន្ដថា ការផ្សព្វផ្សាយរបស់អ្នកសារព័ត៌មានគ្រប់ប្រព័ន្ធផ្សព្វផ្សាយនេះ ដើម្បីជាមូលដ្ឋាន​គ្រឹះមួយជួយដល់រាជរដ្ឋាភិបាល​សម្រាប់ដោះស្រាយ​បញ្ហា​ជូន​ពល​រដ្ឋ​បាន​ទាន់​​ពេលវេលា និងទទួលបានការគាំទ្រ និងមានសេចក្ដីទុក​ចិត្ដ​ពីប្រជាពលរដ្ឋ​កាន់តែខ្លាំងក្លា​បន្ថែមទៀត។

ឯកឧត្ដមរដ្ឋមន្រ្ដី បានបន្ថែមថា ប្រទេសមួយមានការអភិវឌ្ឍរីកចំរើន គឺត្រូវការប្រព័ន្ធផ្សព្វផ្សាយចូលរួមដំណើរជាមួយរាជរដ្ឋាភិបាលក្នុងការកសាងប្រទេសជាមួយគ្នា ដើម្បីចូលរួម​ថែរក្សា​សុខសន្ដិភាព និង​ការ​អភិវឌ្ឍ​​សម្រាប់ឈានទៅសម្រេសឱ្យបាន ​ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ ។

​ជាមួយគ្នានេះ ឯកឧត្ដមរដ្ឋមន្រ្ដី ក៏បានថ្លែងអរគុណចំពោះអ្នកសារព័ត៌មានទាំងអស់ ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ដ និងកម្លាំងប្រាជ្ញា ក្នុងការចូលរួមបម្រើប្រទេសកម្ពុជា ក្នុងតួរនាទីអ្នកសារព័ត៌មាន ដើម្បីជួយ​ផ្សព្វ​​ផ្សាយ​​​​ក្នុងកិច្ចការការងាររបស់​សង្គមគ្រប់រូបភាព​នាពេលកន្លង​មកគួរឱ្យកត់សម្គាល់ផងដែរ។

ទន្ទឹមនឹងនេះ ឯកឧត្ដម ហេង សួរ រដ្ឋមន្រ្ដីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវ បានគាំទ្រចំពោះភាពជោគជ័យរបស់រាជរដ្ឋាភិបាលដែល​ទទួលបានការគាំទ្រពីប្រជាពលរដ្ឋ​ជាង៨០ភាគរយ​នៅទូទាំងប្រទេស គឺមិនអាចបំភ្លេចគុណអ្នកសារព័ត៌មានវិជ្ជាជីវៈ​បាន​នោះ​ទេ។

ឯកឧត្ដម ហេង សួរ បានបញ្ជាក់ថា ការនុវត្ដន៍គោលនយោបាយរបស់រាជរដ្ឋាភិបាល បើមិនមានការផ្សព្វផ្សាយឱ្យបានទូលំទូលាញទៅដេល់ប្រជាពលរដ្ឋ ក៏គ្មាន​ការជោគជ័យ​នោះដែរ៕

 

 

 

អត្ថបទដែលជាប់ទាក់ទង