ឯកឧត្តម សួស ប្រាថ្នា អញ្ជើញអមដំណើរឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប. អញ្ជើញទស្សនកិច្ចនៅខេត្តកំពត
កំពត៖ នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមអមដំណើរឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) អញ្ជើញដឹកនាំគណៈប្រតិភូជាតិ-អន្តរជាតិទស្សនកិច្ចនៅខេត្តកំពត។
ដំណើរទស្សនកិច្ចទាំងនេះ រួមមាន៖
១. ទស្សនកិច្ចសិក្សាស្តីពីការងារគណនេយ្យភាពសង្គម នៅស្រុកជុំគិរី ដោយសិក្សាពីការបិទផ្សព្វផ្សាយផ្ទាំងកញ្ចប់ព័ត៌មានសម្រាប់ប្រជាពលរដ្ឋ (l4Cs) របស់សាលាបឋមសិក្សា, កិច្ចប្រជុំផ្សព្វផ្សាយផ្ទាំងកញ្ចប់ព័ត៌មានសម្រាប់ប្រជាពលរដ្ឋ (l4Cs) ជូនប្រជាពលរដ្ឋ និងជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ នៅសាលាបឋមសិក្សាអង្គជុំ ស្ថិតនៅក្នុងឃុំស្រែក្នុង ស្រុកជុំគិរី។
២. ទស្សនកិច្ចអំពីការបិទផ្សព្វផ្សាយផ្ទាំងកញ្ចប់ព័ត៌មានសម្រាប់ប្រជាពលរដ្ឋ (l4Cs) របស់រដ្ឋបាលឃុំ និងទស្សនកិច្ចនៃកិច្ចប្រជុំរវាងប្រជាពលរដ្ឋ និងរដ្ឋបាលឃុំ សាលាបឋមសិក្សា និងមណ្ឌលសុខភាព ស្តីពីការពិនិត្យ ពិភាក្សា និងកំណត់សកម្មភាពអាទិភាព ដើម្បីកែលម្អការផ្តល់សេវា នៅសាលាឃុំស្នាយអញ្ជិត ស្រុកជុំគិរី។
៣. កិច្ចប្រជុំជាមួយរដ្ឋបាលខេត្តកំពត ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គម របស់ខេត្តកំពត។
៤. ទស្សនកិច្ចនៅមន្ទីរពេទ្យអនុស្សាវរីយ៍ ស៊ុនយ៉ាឃៀល (Sonja Kill Memorial Hospital) ក្នុងសង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត។