ភ្នំពេញ៖ នេះជាប្រធានបទក្នុងវេទិកាសារព័ត៌មានដែលរៀបចំឡើងដោយក្លឹបអ្នកកាសែតកម្ពុជា(ក អ.ក) សហការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ ដើម្បីផ្តល់ឱកាសដល់អ្នកសារព័ត៌មាន បានស្វែងយល់បន្ថែមទៀតលើការងារអាទិភាព រួមទាំងសមិទ្ធផលសំខាន់ៗរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលសម្រេចបានក្នុងរយៈពេលជិត ៩ខែមកនេះ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា។
វេទិកាសារព័ត៌មាននេះរៀបចំធ្វើឡើងនៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ មានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស សង្កត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងអ្នកសារព័ត៌មានមកពីស្ថាប័នសំខាន់ៗជាច្រើននាក់ ក្រោមការសម្របសម្រួលពីលោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា(ក.អ.ក)។
តាមរយៈវេទិកានេះដែរ បានផ្តល់ឱកាសឱ្យអ្នកសារព័ត៌មានលើកជាសំណួរផ្សេងៗជាច្រើនដែលទាក់ទង តួនាទី ភារកិច្ច បញ្ហាប្រឈម និងចក្ខុវិស័យរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីធានាការលើកកម្ពស់ជីវភាពរបស់ប្រជាជននៅជនបទ។
សូមជម្រាបថា វេទិកាសារព័តមានខាងលើនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់អ្នកសារព័ត៌មានក្នុងការទទួលបាននូវព័ត៌មានច្បាស់លាស់ និងជឿទុកចិត្តសម្រាប់ផ្សព្វផ្សាយដល់សាធារណជនឱ្យបានដឹងពីបេសកកម្ម និងទិសដៅការងារអាទិភាពរបស់ក្រសួងអភិវឌ្ឍន៍ជនបទ៕