ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំក្រុមការងារវិស័យឯកជនផ្នែកសុខាភិបាល (ក្រុម «ឋ») នៃវេទិការាជរដ្ឋាភិបាលផ្នែកឯកជន
ភ្នំពេញ៖ ថ្ងៃពុធ ៥កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ៨:៣០ នាទីព្រឹក នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាសហប្រធានក្រុមការងារផ្នែកសុខាភិបាល (ក្រុម «ឋ») តំណាងផ្នែករាជរដ្ឋាភិបាល បានដឹកនាំកិច្ចប្រជុំការងារជាមួយវិស័យឯកជន ដែលដឹកនាំដោយ ឧកញ៉ាវេជ្ជបណ្ឌិត តាន់ គឹមមេង សហប្រធានក្រុមការងារផ្នែកសុខាភិបាល (ក្រុម «ឋ») តំណាងផ្នែកឯកជន ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង-ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ព្រមទាំងឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី តំណាងសភាពាណិជ្ជកម្ម សមាគម គ្រឹះស្ថានសុខាភិបាលឯកជន និងសមាជិក សមាជិកា នៃក្រុមការងារ «ឋ»។
កិច្ចប្រជុំរៀបចំឡើងក្នុងគោលបំណង ដើម្បីពិនិត្យដោះស្រាយបញ្ហាប្រឈម និងកង្វល់នានារបស់វិស័យឯកជន ពាក់ព័ន្ធនឹងមន្ទីរពិសោធន៍ ការនាំចេញ-នាំចូលឱសថ ការចុះបញ្ជិកាឱសថ ផលិតផលបំប៉នសុខភាព បរិក្ខារពេទ្យ និងប្រវេទន៍គ្រឿងសំអាង និងការងារពាក់ព័ន្ធមួយចំនួនទៀត សំដៅបង្កើននូវប្រសិទ្ធភាពការងារ នៃការផ្តល់សេវាសុខាភិបាល ជូនវិស័យឯកជនឱ្យបានកាន់តែប្រសើរឡើងបន្ថែមទៀត ឈានទៅលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជនទូទៅ ក៏ដូចជាចូលរួមកំណើនសេដ្ឋកិច្ចជាតិ។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានជម្រាបជូនកិច្ចប្រជុំថា ក្រសួងសុខាភិបាល បានគាំទ្រវិស័យឯកជនជាគោល និងស្នើឱ្យមានកិច្ចសហការ និងកិច្ចសហប្រតិបត្តិការដោយគោរពក្រមសីលធម៌វិជ្ជាជីវៈ ស្របតាមច្បាប់ ឬនិយាម ដើម្បីពង្រឹងគុណភាពនៃសេវាផ្តល់ពីវិស័យឯកជន ដោយត្រូវមានការបណ្តុះបណ្តាលជាប្រចាំ ការផ្តល់ព័ត៌មានគ្នាទៅវិញទៅមក សំដៅចៀសវាងនូវហានិភ័យនានា ដែលកើតឡើងចំពោះប្រជាជនទាំងអស់។
ក្នុងនោះដែរ ឯកឧត្តមតំណាងវិស័យឯកជន បានកោតសសើរដល់ក្រសួងសុខាភិបាល ដែលកន្លងមកបានធ្វើការផ្តល់សេវាសុខាភិបាល ជូនវិស័យឯកជនបានកាន់តែប្រសើរ និងបន្តការងារអនុវត្តច្បាប់ប្រកបដោយតម្លាភាព ដែលបានចូលរួមការពារផលប្រយោជន៍ស្របច្បាប់របស់វិស័យឯកជនកាន់តែមានប្រសិទ្ធភាពខ្ពស់៕