(ព្រៃវែង)៖ លោកសន្តិបណ្ឌិត អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញប្រកាស លោកស្រី សេង ទៀង ជាអភិបាលរងខេត្តព្រៃវែង។
លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានថ្លែងថា ក្រោមការយកចិត្តទុកដាក់ខ្ពស់ និងដើម្បីពង្រឹងប្រសិទ្ធភាពការងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការអនុវត្តឲ្យកាន់តែមានភាពឆ្លើយតប និងទាន់ពេលវេលា ជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋានរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃកម្ពុជា បានបង្កើតឲ្យមានការបំពេញបន្ថែមនូវចំនួនគណៈអភិបាលរាជធានី-ខេត្ត និងក្រុង ស្រុក ខណ្ឌ នៅទូទាំងប្រទេស ដែលនេះជាការជួយសម្រួល និងពន្លឿងប្រសិទ្ធភាពការងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិឲ្យកាន់ប្រសើរឡើងថែមទៀត។
លោកអភិបាលខេត្ត ផ្តាំផ្ញើអភិបាលរងខេត្ត ដែលប្រកាស់តែងតាំងថ្មីនេះ ត្រូវបំពេញតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានល្អ និងខិតខំបំពេញការងារតាមមុខងារវិជ្ជាជីវៈរបស់ខ្លួន ឲ្យអស់ពីលទ្ធភាពធ្វើយ៉ាងណា ដើម្បីបម្រើផលប្រយោជន៍ជូនបងប្អូនប្រជាពលរដ្ឋ។
លោកសន្តិបណ្ឌិត បានមានប្រសាសន៍បន្តថា ការប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តថ្មី នាពេលនេះ គឺសង្ឃឹមថានឹងអនុវត្តន៍ បំពេញភារកិច្ច សិក្សាស្រាវជ្រាវ ឈ្វេងយល់បន្តចូលរួមគ្រប់គ្រងអភិវឌ្ឍន៍ខេត្តព្រៃវែង បង្កើតបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត។
លោកសន្តិបណ្ឌិត បានបន្តថា អភិបាលរងខេត្ត ដែលប្រកាស់ចូលកាន់មុខដំណែងថ្មីនេះ ត្រូវរួមសាមគ្គីឯកភាពផ្ទៃក្នុង ប្រកបដោយឆន្ទៈតែមួយ ក្នុងស្មារតីទទួលខុសត្រូវ ត្រួតពិនិត្យយ៉ាងហ្មត់ចត់ និងលើកវិធានការ គោលការណ៍ដឹកនាំលើគ្រប់វិស័យក្នុងនោះការងារចម្បងមាន ការងារកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ និងការងារសេដ្ឋកិច្ចសង្គម និងជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឲ្យកាន់ល្អប្រសើឡើងបន្ថែមទៀត ស្របតាមយុទ្ធសាស្ត្របច្ចកោណរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញមកនេះ៕