កណ្តាល៖ លោកជំទាវ បណ្ឌិត សៀងឆាន់ហេងក្រុមហ៊ុនហេងអភិវឌ្ឍន៍ ស្ថិតនៅភូមីយដ្ឋានលង្វែក បានដឹកនាំក្រុមការងាររៀបចំពិធីអបអរសាទរ បើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ។
សូមជម្រាបជូនថា នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤នេះ ជាថ្ងៃបើកការដ្ឋានសាងសង់ គម្រោងព្រែកជីកហ្វូណនតេជោ ក៏ជាថ្ងៃខួបកំណើត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា គម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ។
សូមបញ្ជាក់ថា ព្រែកជីកហ្វូណនតេជោ មានប្រវែងសរុប ១៨០គីឡូម៉ែត្រ ដែលប្រវែងស្ទើរទាំងអស់ ជាតម្រាយផ្លូវទឹក ធម្មជាតិប្រមាណ ១៣៥គីឡូម៉ែត្រ ហើយក្នុងនោះ ប្រវែងប្រមាណ ៣៨គីឡូម៉ែត្រ ជាតម្រាយផ្លូវត្រូវជីក តម្រង់ និងប្រវែងប្រមាណ ៧គីឡូម៉ែត្រ ជាតម្រាយផ្លូវកាត់ ដើម្បីបន្ថយកំណោង និងចម្ងាយតភ្ជាប់ទៅសមុទ្រ។ គម្រោងសាងសង់ព្រែកជីកហ្វូណនតេជោនេះ មានគោលបំណងរួមដើម្បីធានាប្រសិទ្ធភាព និងប្រសិទ្ធផលនៃ ការអនុវត្តគោលនយោបាយជាតិ និងផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល ព្រមទាំងលើក កម្ពស់សុខដុមនីយកម្ម និងភាពស៊ីសង្វាក់គ្នារវាងការដឹកជញ្ជូនតាមផ្លូវទឹក និងប្រព័ន្ធដឹកជញ្ជូនជាតិផ្សេងៗ តភ្ជាប់ ប្រទាក់ក្រឡានឹងប្រព័ន្ធភស្តុភារកម្មជាតិ។
គោលបំណងនៃការស្ថាបនាព្រែកជីកហ្វូណនតេជោនេះ គឺការធ្វើសមាហរណកម្មបណ្តាញផ្លូវទឹកអន្តរតំបន់ នៅកម្ពុជារវាងទន្លេសាប ទន្លេបាសាក់ និងទន្លេមេគង្គ ទៅជាប្រព័ន្ធផ្លូវទឹកប្រទាក់ក្រឡា ដើម្បីបម្រើឱ្យប្រព័ន្ធភស្តុភារកម្មជាតិប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព ពង្រីកសក្តានុពលនៃវិស័យដឹកជញ្ជូនតាមផ្លូវទឹក រួមជាមួយនឹងការលើកកម្ពស់ការប្រើប្រាស់ទឹកសម្រាប់ពហុវិស័យ និងពហុបំណងក្នុងតំបន់នានារបស់ប្រទេសឱ្យកាន់តែមានប្រសិទ្ធភាព និងនិរន្តរភាព ព្រមទាំង ជួយសម្រួលដល់ការងារដឹកជញ្ជូន និងចែកចាយផលិតផលកសិកម្ម ផលិតផលឧស្សាហកម្ម ទេសចរណ៍និងជួយពង្រីកទិសដៅពាណិជ្ជកម្មទៅកាន់ភាគនិរតីនៃប្រទេសកម្ពុជា លើកទឹកចិត្តឱ្យមានការផ្លាស់ប្តូរការដឹកជញ្ជូនធុនធ្ងន់ ដែលមានបរិមាណច្រើនពីផ្លូវគោកទៅជា ការដឹកជញ្ជូនតាមផ្លូវទឹកវិញធ្វើទំនើបកម្មប្រព័ន្ធភស្តុភារកម្មជាតិ ដើម្បីកាត់បន្ថយថ្លៃដើម នៃសេវាកម្មភស្តុភារកម្មជំរុញការអភិវឌ្ឍពហុវិស័យរួមមាន៖ កសិកម្ម ជលផល ទេសចរណ៍ ពាណិជ្ជកម្ម វិស័យអចលនទ្រព្យ និងនគរូបនីយកម្មទីក្រុងជាដើម ការបង្កើតមុខរបរនិងការងារជូនប្រជាពលរដ្ឋ និងកាត់បន្ថយផលប៉ះពាល់ពីគ្រោះរាំងស្ងួតនិងទឹកជំនន់។
តម្រាយផ្លូវទឹកប្រវែងប្រមាណ ១៨០គីឡូម៉ែត្រនេះ ចាប់ផ្តើមពីព្រែកតាកែវនៃ ទន្លេមេគង្គ ឆ្លងកាត់តាមព្រែកពោធិ៍នៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល, តាកែវ, កំពត និងកែប ដែលមានប្រជាជនសរុបប្រមាណ ១,៦លាននាក់ រស់នៅអមសងខាងផ្លូវទឹកនេះ ៕