ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ នៅភូមិព្រែករៃ ភូមិព្រែកឈ្មោះ និងភូមិព្រែកគង់រាជ ឃុំព្រែករៃ ស្រុកល្វាឯម ខេត្តកណ្តាល

កណ្តាល៖ ព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម តាំង ម៉េងលាន ឣភិបាលរងខេត្តកណ្តាល បានឣញ្ជើញជាឣធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់ឣចលនវត្ថុ ប័ណ្ណសំគាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ជូនប្រជាពលរដ្ឋចំនួន ៣ភូមិគឺភូមិព្រែករៃ ភូមិព្រែកឈ្មោះ ភូមិព្រែកគង់រាជ ឃំុព្រែករៃ ស្រុកល្វាឯម ខេត្តកណ្តាល ស្មើនិង២,៥០៦ប័ណ្ណ។

មានប្រសាសន៏ក្នុងឱកាសនោះ៖ ឯកឧត្តម តាំង ម៉េងលាន ឣភិបាលរងខេត្តកណ្តាល បានមានប្រសាសន៏ថា៖ការផ្តល់ប័ណ្ណកម្មសិទ្ធជូនបងប្អូនប្រជាពលរដ្ឋនៅពេលនេះ ជាការឆ្លុះបញ្ចាំងឱ្យឃើញ អំពីការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការធានាកម្មសិទ្ធិដីធ្លីស្របច្បាប់ ជូនប្រជាពលរដ្ឋ សំដៅលើកកម្ពស់ជីវភាព សុខុមាលភាព និងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងរួមចំណែក ដល់ ការពង្រឹង យុត្តិធម៌ និងស្ថេរភាពសង្គម។

ឯកឧត្ដម អភិបាលរងខេត្ត បន្តថា៖ ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះ មានសារៈប្រយោជន៍ណាស់សម្រាប់ប្រជាពលរដ្ឋ ក៏ដូចជាសង្គមជាតិទាំងមូល ព្រោះការចុះបញ្ជីដីធ្លីនេះ បានផ្តល់នូវ៖ ការធានាបាននូវឋានៈពេញលេញជាកម្មសិទ្ធិករស្របច្បាប់លើដីធ្លីតាមរយៈការផ្តល់ ជូននូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ(ប្លង់រឹង)។ ការកាត់បន្ថយជម្លោះ និងឈានដល់ការលុបបំបាត់ជម្លោះទាំងស្រុងនូវបញ្ហាវិវាទដីធ្លី។ ជាវត្ថុតាងស្របច្បាប់សម្រាប់ផ្ដល់នូវទំនុកចិត្តដល់ម្ចាស់ដី និងសម្រាប់អ្នកដែលត្រូវបន្តវេន យកទៅប្រើប្រាស់តាមតម្រូវការប្រកបដោយសុវត្ថិភាព និងទំនុកចិត្ត។ ទីផ្សាប្រកបដោយទំនុកចិត្ត ការវិនិយោគនឹងកើនឡើង ជាពិសេស បានផ្ដល់ជាកម្លាំងជំរុញដល់កំណើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋបានមួយកម្រិតថែមទៀត។

ឯកឧត្ដម អភិបាលរងខេត្ត បានសំដែងនូវការអបអរសាទរ ជាមួយបងប្អូនប្រជាពលរដ្ឋនៅភូមិព្រែករៃ ភូមិព្រែកឈ្មោះ ភូមិព្រែកគង់រាជ ស្រុកល្វាឯម ដែលនឹងទទួលបាននូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ សម្រាប់ប្រើប្រាស់ប្រកបដោយសុវត្ថិភាព និងមានទំនុកចិត្ត លើកម្មសិទ្ធិរបស់ខ្លួនបន្ថែមទៀត។

ក្នុងឱកាសនោះដែរ ឯកឧត្ដម អភិបាលរងខេត្ត បានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បន្តផ្តល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព ក្នុងការផ្តល់សេវាសាធារណៈ និងសេវារដ្ឋបាលគ្រប់ប្រភេទជូនប្រជាពលរដ្ឋ។ បន្តយកចិត្តទុកដាក់អនុវត្តគោលនយោបាយ «ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព ដោយលុបបំបាត់នូវបទល្មើសគ្រប់ប្រភេទ មានដូចជាចោរលួច ឆក់ ប្លន់ ល្បែងស៊ីសង និងបង្ក្រាបឱ្យបានការជួញដូរនិងប្រើប្រាស់គ្រឿងញៀននៅក្នុងមូលដ្ឋានរបស់ខ្លួន ហើយកងកម្លាំងទាំងអស់មិនត្រូវពាក់ព័ន្ធនឹងគ្រឿងញៀនឡើយ។

បើតាមរបាយការណ៍របស់លោក សុក កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្មសំណង់ និងសូរិយោដីខេត្តកណ្ដាល បានឱ្យដឹងថា៖ បើគិតមកដល់ពេលនេះការចុះបញ្ជីបានចំនួន ៥៥ឃុំ/សង្កាត់ លើ ១២៧ ឃុំ/សង្កាត់ នឹង ៥១២ភូមិ លើ ១០១០ ភូមិ គឺស្មើនឹង ៥១% នៃចំនួនភូមិសរុប ដែលមានក្បាលដីប៉ាន់ស្មានសរុបចំនួន ៨៣៨,៦៥៣ក្បាលដី។
បានធ្វើការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ បានចំនួន ៣៧៨,២៨១ ប័ណ្ណ និងធ្វើការចែកប័ណ្ណ ជូនដល់ដៃប្រជាពលរដ្ឋសរុបចំនួន ២២០ លើកស្មើនឹង ៣០២,១០៨ប័ណ្ណ ហើយថ្ងៃនេះគឺជាលើកទី២២១ នៃការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុ ដែលនឹងត្រូវផ្តល់ជូនប្រជាពលរដ្ឋមកពី ភូមិព្រែករៃ ចំនួន ៩៤៣ប័ណ្ណ ភូមិព្រែកឈ្មោះ ចំនួន ៧៦២ប័ណ្ណ និងភូមិព្រែកគង់រាជ ចំនួន ៨០១ប័ណ្ណ ឃុំព្រែករៃ ស្រុកល្វាឯម សរុបចំនួន ២,៥០៦ប័ណ្ណ ៕

អត្ថបទដែលជាប់ទាក់ទង