ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា អំពាវនាវដល់អ្នកវិនិយោគអាស៊ាន-ចិនថ្មីៗបន្ថែមទៀត បន្តការវិនិយោគនៅកម្ពុជា ដោយសារកម្ពុជាមានសុខសន្តិភាព ស្ថិរភាព មានធនធានមនុស្ស និងកម្លាំងពលកម្ម
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអំពាវនាវដល់អ្នកវិនិយោគអាស៊ាន និងចិនសូមបន្តការវិនិយោគនៅប្រទេសកម្ពុជា ដោយសារកម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយ មានធនធានមនុស្ស និងកម្លាំងពលកម្មសកម្មប្រមាណ ៧០ភាគរយ ដែលអាចធានាដល់ការវិនិយោគដ៏ល្អបំផុត។
ការអំពាវនាវនេះធ្វើឡើងក្នងឱកាសឯកឧត្តម នេត្រ ភក្ត្រា ចូលរួមក្នុងសិក្ខាសាលាស្តីពីការលើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគអាស៊ាន-ចិន (សាន់ស៊ី) ក្រោមប្រធានបទ «កាលានុវត្តភាពថ្មី អនុភាពថ្មី កិច្ចសហប្រតិបត្តិការថ្មី និងការអភិវឌ្ឍថ្មី» នារសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ នៅទីក្រុងឆាងជឺ ខេត្តសាន់ស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងនោះមានការចូលរួមពីលោក ស្ស៉ឺ ចុងជុន (Shi Zhongjun) អគ្គលេខាធិការនៃមជ្ឈមណ្ឌលអាស៊ាន-ចិន (ACC) លោក ឆិន ស៉ាំងយ៉ាង (Chen Xiangyang) អភិបាលក្រុងឆាងជឺ លោក Benito Gosiaco Techicoof ប្រេសិតពិសេសហ្វីលីពីនទទួលបន្ទុកពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍ ប្រចាំនៅសាធារណរដ្ឋប្រជាមានិតចិន។
ឯកឧត្តម នេត្រ ភក្ត្រា បានឱ្យដឹងថា សិក្ខាសាលានេះគឺជាព្រឹត្តការណ៍ដ៏សំខាន់នៅក្នុងកម្មវិធីសប្តាហ៍អាស៊ាន-ចិន (ACW) ឆ្នាំ២០២៤ ហើយឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនរវាងអាស៊ាន និងចិន ដូច្នេះឯកឧត្តមជឿជាក់យ៉ាងមុតមាំថា អាស៊ាន-ចិន នឹងផ្តល់ឱកាសល្អៗក្នុងការពង្រឹងកិច្ចសហប្រតិប្តតិការទ្វេភាគី អាស៊ាន-ចិន។
ឯកឧត្តមបានបន្តថា គិតត្រឹមឆ្នាំ២០២៣ ការវិនិយោគផ្ទាល់ពីបរទេស (FDI) មកកម្ពុជា គិតជាទឹកប្រាក់មានទំហំសរុប ៤៨.៤ប៊ីលានដុល្លារអាមេរិក ដោយកើនឡើង៧.៩ភាគរយ ធៀបនឹងឆ្នាំ២០២២។ កំណើននេះបានមកដោយសារបរិយាកាសអំណោយផលដល់ការវិនិយោគ គោលនយោបាយលើកទឹកចិត្តដល់ការវិនិយោគថ្មីៗ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីខ្នាតធំ (FTA) រវាងកម្ពុជា និងដៃគូពាណិជ្ជកម្មជាយុទ្ធសាស្ត្ររបស់យើង ក្នុងនោះមានដូចជា៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា-អារ៉ាប់រួម។
យោងតាមព្រឹត្តិប័ត្រពាណិជ្ជកម្មចេញផ្សាយដោយអង្គការឃ្លាំមើលការវិនិយោគផ្ទាល់ពីបរទេស (FDI) ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសបានបង្ហាញថា កម្ពុជាស្ថិតនៅលំដាប់ខ្ពស់ក្នុងតារាងសន្ទស្សន៍ពិភពលោកកាលពីពេលថ្មីៗនេះ ហើយត្រូវបានចាត់ទុកថាជាប្រទេសមានទីផ្សាររីកចម្រើនខ្លាំងជាងគេនៅលើពិភពលោកសម្រាប់ការវិនិយោគផ្ទាល់ពីបរទេសក្នុងឆ្នាំ២០២៤។
កម្ពុជាស្ថិតនៅចំណាត់ថ្នាក់ទី១ ក្នុងឆ្នាំ២០២៤ សម្រាប់ប្រទេសដែលមានកំណើនផលិតផលក្នុងស្រុក (GDP) ខ្លាំង និងមានស្ថិរភាពអត្រាអតិផរណាទាប និងជាប្រទេសដែលមានកំណើនឆាប់រហ័សក្នុងវិស័យវិនិយោគផ្ទាល់ពីបរទេស។
ឯកឧត្តម បានបន្ថែមថា ទំនិញ និងផលិតផលផលិតនៅកម្ពុជា ត្រូវបាននាំចេញ និងផ្គត់ផ្គង់ដល់ប្រជាជនសរុបចំនួន ២៥០លាននាក់ នៅក្នុងអនុតំបន់ទន្លេមេគង្គ និងអ្នកប្រើប្រាស់សរុបប្រហែល៦៣០លាននាក់ នៅលើទីផ្សារអាស៊ាន។ RCEP អាចផ្តល់ឱកាសចូលមកកាន់ទីផ្សារដល់ប្រជាជនសរុបចំនួន២.២ប៊ីលាននាក់ ស្មើនឹង៣០ភាគរយនៃប្រជាជនសរុបនៅលើពិភពលោក គិតជាទឹកប្រាក់សរុបចំនួន ២៦.៦ទ្រីលានដុល្លារអាមេរិក នៃផលិតផលក្នុងស្រុកសរុបនៅលើពិភពលោក ស្មើនឹង១២.៧ទ្រីលានដុល្លារអាមេរិកនៃពាណិជ្ជកម្មពិភពលោក។
ទាំងនេះដោយសារសន្តិភាព ស្ថិរភាពនយោបាយ អត្រាប្រជាជនពេញវ័យ និងមូលធនមនុស្ស គួបផ្សំនឹងកំណើនសេដ្ឋកិច្ចខ្លាំងក្លា អាចឱ្យកម្ពុជាទាក់ទាញវិនិយោគិនជាច្រើនមកពីបណ្តាប្រទេសផ្សេងៗនៅអឺរ៉ុប សហរដ្ឋអាមេរិក និងអាស៊ី។
សូមបញ្ជាក់ទៀតថា កាលពីឆ្នាំ២០២៣ ប្រទេសចិន នៅតែជាវិនិយោគិនធំជាងគេនៅកម្ពុជា ដែលបានបណ្តាក់ទុនសរុបរហូតដល់ទៅ៣.៧ប៊ីលានដុល្លារអាមេរិក។ ដូច្នេះឯកឧត្តមនៅតែអះអាងច្បាស់ៗថា កម្ពុជានឹងផ្តល់ឱកាសជាច្រើនដល់បណ្តាក្រុមហ៊ុន និងវិនិយោគិនមកពីចិន ជាពិសេសមកពីខេត្តឆាងជឺ និងបណ្តាប្រទេសនៅអាស៊ាន ក្នុងការមកបណ្តាក់ទុននៅកម្ពុជា៕