មេឈ្មួញមុខដដែលៗ ឈ្មោះ តែ គឹមសាន នៅតែឆ្មក់ធ្វើសកម្មភាពក្នុងបទល្មើសរ៉ែមាស នៅឃុំចុងផ្លាស់ សស្រុកកែវសីមា

ឈ្មួញចាស់វស្សាមុខដដែលៗ តែ គឹមសាន នៅតែឆ្មក់ធ្វើសកម្មភាពក្នុងបទល្មើសរ៉ែមាស នៅឃុំចុងផ្លាស់ ស្រុកកែវសីមា បើទោះប្បីជារដូវវស្សាភ្លៀងធ្លាក់ជោគជាំ យ៉ាងណាក៏ ដោយ ក៏បញ្ហាការធ្វើរណ្ដៅរ៉ែមាសដោយដាក់គ្រឿងបំផ្ទុះខុសច្បាប់ នៅតែបន្តកើតមានជាធម្មតា តាមរយៈមុខឈ្មួញដដែលៗលោក តែ គឹមសាននៅឃុំចុងផ្លាស់ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ អាជ្ញាធរខេត្តនិងស្ថាប័នជំនាញធ្វើហាក់ដូចជាមិនដឹងមិនឮ ក្រោមអ្វីដែលឈ្មួញរូបនេះដើរទះដើមទ្រូងស្រែកថា ពួកគេបានចែកផលលាបដល់ថ្នាក់ដឹកនាំនិងស្ថាប័នជំនាញ នៅក្នុងខេត្តរួចរាល់អស់ ហើយរួមទាំងចៅហ្វាយខេត្តផង។ មិនដឹងថា តើការអួតក្អេងក្អាងរបស់លោក តែ គឹមសាន ជាការពិតក្នុងកម្រិតណាមួយនោះទេ។

វាហាក់ដូចជាត្រឹមត្រូវនិងសមស្របដែរ ចំពោះសម្ដីលោក តែ គឹមសាន ដែលអាងស្បែកជាមន្ត្រីយោធា នៅ ក្នុងសកម្មភាពនៃការដាក់គ្រឿងបំផ្ទុះយករ៉ែមាសនៅឃុំចុងផ្លាស់នោះ។ ព្រោះថា គេឃើញមានមន្ត្រីរដ្ឋបាលសាលាខេត្ត និងស្ថាប័នជំនាញគ្រាន់តែបានដឹកដៃគ្នាទៅអើតឈ្ងោកមើលទីតាំងធ្វើរណ្ដៅរ៉ែមាស នោះតែប៉ុណ្ណោះ ដោយមិនព្រមចាត់វិធានការកាត់ផ្ដាច់ឫសគល់ឈ្មួញ តែ គឹមសាន នេះឡើយ។ មានន័យថា អស់លោកមន្ត្រីមាន សមត្ថកិច្ចនៅក្នុងខេត្តមណ្ឌលគិរី ចាត់ទុកលោកតែ គឹមសាន គឺជាឆ្នាំងបាយដ៏ឆ្ងាញ់ពិសា?។ ហេតុដូច្នេះហើយបានជារាប់ឆ្នាំកន្លងមកនេះ ឈ្មួញមុខដដែលៗធ្លាប់ជាប់ខ្នោះកន្លងមក នៅតែបន្តធ្វើសកម្មភាពបំពាន ច្បាប់ដោយមិនញញើត។

សព្វថ្ងៃនេះឈ្មួច តែ គឹមសាន ប្រើកម្លាំងកម្មករសង់ផ្ទះគ្រប លើរណ្ដៅរ៉ែមាសរួចទើបបំផ្ទុះជាក្រោយ។ មើលទៅហាក់ ដូចជាផ្ទះប្រជាពលរដ្ឋធម្មតា ប៉ុន្តែនៅខាងក្រោមផ្ទះនោះគឺជារណ្តៅរ៉ែមាសសុទ្ធសាធ។ នៅពេលនេះបើទោះបីជារដូវវស្សាយ៉ាងណាក៏ដោយ ឲ្យតែមេឃមិនភ្លៀងក្នុងរយៈ ពេល១ថ្ងៃគឺក្រុមលោកតែ គឹមសាន អាចធ្វើសកម្មភាពជីកយករ៉ែមាសបានដោយស្រួល។ តើសកម្មភាពធ្វើរ៉ែរបស់ក្រុមលោក តែ គឹមសាន លោកថង សាវុន អភិបាលខេត្តមណ្ឌលគិរី មិនដឹងទេឬ? ឬដូចលោក តែ គឹមសាន ដើរទះដើមទ្រូងស្រែកពេញខេត្តថា ខ្លួនបានចាយលុយរួចរាល់គ្រប់ស្ថាប័នអស់ហើយ រួមទាំងតុលាការផង ទើបអាចធ្វើសកម្មភាពបែបឆក់ ឱកាសនេះបាន? បើនិយាយថា ចៅហ្វាយខេត្តមិនដឹងដូចជាមិនទំនង?
តើត្រូវរំពឹងអ្វីទៀត បើថ្នាក់ដឹកនាំខេត្តមួយទាំងមូលត្រូវឈ្មួញទិញបានហើយនោះ? បើស្ថាប័នជំនាញ និងថ្នាក់ដឹកនាំខេត្តមិនត្រូវបានឈ្មួញ តែ គឹមសាន្ត ទិញទេ គួរចាត់វិធានការតាមផ្លូវច្បាប់តុលាការអូសក ឈ្មួញមុខដដែលៗនេះយកមកផ្ដន្ទាទោសទើបត្រឹមត្រូវ។ មិនមែនទុកឲ្យឈ្មួញឆ្លៀតឱកាសធ្វើសកម្មភាព ហើយអាជ្ញាធរស្ថាប័នជំនាញ ជួយបិទបាំងទង្វើបំពានច្បាប់ប្រទេសបែបនេះទេ។ យ៉ាងណាក៏ដោយប្រជាពលរដ្ឋនៅតំបន់នោះរំពឹងថា គណៈកម្មការជាតិបង្ក្រាបបទល្មើសធនធានធម្មជាតិ នឹងចាត់វិធានការតាមផ្លូវច្បាប់ដើម្បីកុំឲ្យឈ្មួញមុខដដែលៗនេះធ្វើអ្វីស្រេចតែអំពើចិត្តដូចសព្វថ្ងៃនេះតទៅទៀត។បឋម ការិយាល័យផ្សព្វផ្សាយ 012926014

អត្ថបទដែលជាប់ទាក់ទង