ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង ឯកភាពបន្តកិច្ចសហប្រតិបត្តិការលើទំនើបកម្មនៃការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) បានឯកភាពបន្តកិច្ចសហប្រតិបត្តិការគាំទ្រធ្វើទំនើបកម្មនៃការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET ) ដើម្បីបំពេញតម្រូវការក្នុងវិស័យឧស្សាហកម្មនាពេលអនាគត។

ការលើកឡើងនេះ ក្នុងជំនួបរវាងឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោក ស៊ីរីល ប៊ែលលីយេ (Cyrille Bellier) ប្រធាននាយកដ្ឋានអឺរ៉ុប មជ្ឈិមបូព៌ា និងអាស៊ី នៃទីភ្នាក់ងារអភិវឌ្ឍន៍បារាំង ដើម្បីពិភាក្សាពីដំណើរការអនុវត្តគម្រោងមួយចំនួនទាក់ទងនឹងប្រព័ន្ធអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៅទីស្ដីការក្រសួង នៅរសៀលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២៤។

ឯកឧត្តមរដ្ឋមន្រ្តី បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះប្រតិភូ AFD ដែលដឹកនាំដោយលោក ស៊ីរីល ប៊ែលលីយេ ហើយឯកឧត្តមរដ្ឋមន្រ្តីបានជំរាបពីកិច្ចខិតប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីរៀបចំផែនការសកម្មភាពក្នុងការពង្រឹងជំនាញសម្រាប់ប្រជាពលរដ្ឋ និងយុវជនឱ្យទទួលបានជំនាញ បច្ចេកទេស និងវិជ្ជាជីវៈថ្មីៗ ដើម្បីឆ្លើយតបតាមតម្រូវការឧស្សាហកម្មនាពេលអនាគត។

ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រីសង្កត់ធ្ងន់ថា ក្រសួងការងារកំពុងពង្រីកកិច្ចសហប្រតិបត្តិការជាមួយវិស័យឯកជន និងជំរុញការពង្រឹងគុណភាពនៃគ្រឹះស្ថានបណ្តុះបណ្តាលនីមួយៗ ដើម្បីដោះស្រាយតម្រូវការកម្លាំងពលកម្មរបស់ប្រទេសកម្ពុជានៅក្នុងឧស្សាហកម្មសំខាន់ៗដូចជា អគ្គិសនី អេឡិចត្រូនិក មេកាត្រូនិច និងការផលិតផ្សេងៗទៀត។

ជាការឆ្លើយតប លោក ស៊ីរីល ប៊ែលលីយេ បានថ្លែងអំណរគុណដល់ឯកឧត្តមរដ្ឋមន្រ្តី ដែលបានផ្ដល់ឱកាសឱ្យប្រតិភូលោកបានជួបពិភាក្សាការងារទាក់ទងនឹងការអភិវឌ្ឍវិស័យច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា។

យ៉ាងណាក៏ដោយ ប្រធាន AFD បានសន្យាបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈទៅលើការគាំទ្រទំនើបកម្មនៃហេដ្ឋារចនាសម្ព័ន្ធព័ត៌មានវិទ្យា និងការអភិវឌ្ឍវិទ្យាស្ថានសិក្សាលើជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដើម្បីឆ្លើយតបតាមតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន៕

អត្ថបទដែលជាប់ទាក់ទង