ឯកឧត្តម សរ សិទ្ធិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជាអធិបតីក្នុងពិធីបើកការប្រកួតកីឡា ដណ្តើមពានរង្វាន់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីអបអរសាទរទិវា ជ័យជម្នះ ៧មករា ឆ្នាំ២០២៥ នៅខេត្តព្រៃវែង
ព្រៃវែង៖ នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការ ទទួលការងារអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីក្នុងពិធីបើកការប្រកួតកីឡា ដើម្បីអបអរសាទរទិវាជ័យជម្នះ ៧មករា ឆ្នាំ២០២៥ ដែលបានប្រព្រឹត្តទៅនៅកីឡដ្ឋានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រៃវែង។
ក្នុងពិធីបើកការប្រកួតកីឡានាឱកាសនោះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបីប្រភេទ នាយកទីចាត់ការ ប្រធានអង្គភាពសាលាខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក ប្រធានការិយាល័យអប់រំ យុវជន និងកីឡាក្រុង ស្រុក ប្រតិភូដឹកនាំ និងកីឡាករ-កីឡាការិនី និងសិស្សានុសិស្ស សរុបចំនួន១,០៩៣រូប។
នាឱកាសនោះ ឯកឧត្តម សរ សិទ្ធិ បានបង្ហាញក្តីសោមនស្សរីករាយដែលបានចូលរួមក្នុងពិធីបើកការប្រកួតនេះ។
ឯកឧត្តមរដ្ឋលេខាធិការ មានប្រសាសន៍បន្តទៀតថា ព្រឹត្តិការណ៍កីឡាមិនមែនត្រឹមតែជាការប្រកួតតែមួយមុខប៉ុណ្ណោះនោះទេ ពោលគឺលើសពីកីឡា ជាពិសេសព្រឹត្តិការណ៍កីឡា គឺជាឱកាសនៃការធ្វើការទំនាក់ទំនង ការផ្លាស់ប្ដូរបទពិសោធន៍ និងរឹតចំណងសាមគ្គីភាព មិត្តភាពរវាងប្រតិភូកីឡាមកពីគ្រប់មជ្ឈដ្ឋានផងដែរ។
ឯកឧត្តមអធិបតី ក៏បានមានប្រសាសន៍បន្ថែមថា ជាការពិតកាលពីសម័យសង្រ្គាម យុទ្ធជនកម្ពុជាបង្ហូរឈាមលើសមរភូមិដើម្បីយកជ័យជម្នះ និងសុខសន្តិភាពជូនជាតិមាតុភូមិ ប៉ុន្តែបច្ចុប្បន្នក្រោមការដឹកនាំដ៏ឈ្លៀសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី ព្រមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងសម័យដែលប្រទេសជាតិមានសុខសន្តិភាព យុវជនបានងាកមកប្រកួតគ្នាក្នុងវិស័យកីឡាវិញដើម្បីសុខភាព និងមុខមាត់ជូនសង្គមជាតិ ជូនខ្លួនឯង ជូនគ្រួសារ និងអង្គភាព។
មុននឹងបញ្ចប់ ឯកឧត្តម សរ សិទ្ធិ ក៏បានគោរពថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់គោរពជូន ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានផ្តួចផ្តើម និងគាំទ្រឱ្យមានការរៀបចំព្រឹត្តិការណ៍ប្រកួតនេះឡើង។
សូមបញ្ជាក់ផងដែរថា ការប្រកួតកីឡាដណ្តើមពានរង្វាន់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នេះមានកីឡាករ-កីឡាការិនីចូលរួមសរុប ៦៥០នាក់ ស្មើនិង ១៩៧ក្រុម មកពីបណ្ដាក្រុង-ស្រុកទាំង១៣ ក្នុងខេត្តព្រៃវែង នឹងធ្វើការប្រកួតក្នុងប្រភេទកីឡា ចំនួន០៥ រួមមាន៖ កីឡាបាល់ទាត់ កីឡាបាល់ទះ កីឡាវាយសី កីឡាប៉េតង់ និងកីឡាអត្តពលកម្ម៕