កូរ៉េខាងត្បូង និងប្រទេសដទៃទៀតចាប់ផ្តើមជម្លៀសពលរដ្ឋរបស់ខ្លួនចេញពីតំបន់មជ្ឈិមបូព៌ា ខណៈកំដៅសង្គ្រាមបន្តកើនឡើង

កូរ៉េខាងត្បូង៖ កាលពីចុងសប្តាហ៍កន្លងទៅ យន្តហោះដឹកជញ្ជូនយោធារបស់ប្រទេសកូរ៉េខាងត្បូងបានដឹកជញ្ជូនពលរដ្ឋរបស់ខ្លួនចំនួន៩៧នាក់ រួមទំាងសមាជិកក្រុមគ្រួសារចេញពីប្រទេសលីបង់ ខណៈដែលស្ថានការណ៍នៅក្នុងតំបន់មជ្ឈិមបូព៌ានៅតែបន្តកើនឡើងនូវកំដៅខ្ពស់នៅឡើយ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានក្រសួងការបរទេសកូរ៉េខាងត្បូង។

សេចក្តីប្រកាសរបស់ក្រសួងការបរទេសដដែលបានឱ្យដឹងបន្ថែមទៀតនៅព្រឹកថ្ងៃនេះថា យន្តហោះយោធាដែលដឹកជញ្ជូននោះជាប្រភេទយន្តហោះ ខេ ស៊ី-៣៣០(KC-330) បាននំាយកពលរដ្ឋកូរ៉េខាងត្បូងចេញពីទីក្រុងបេរ៉ូដ ខណៈនេះបានមកដល់មូលដ្ឋានយោធានៅតំបន់ភាគខាងត្បូងពីរដ្ឋធានីសេអ៊ូលហើយ។

ការជម្លៀសប្រជាពលរដ្ឋរបស់ខ្លួនចេញពីប្រទេសលីបង់នេះ បានកើតមានឡើងបន្ទាប់ពីលោកប្រធានាធិបតីកូរ៉េខាងត្បូង យ៉ុន ស៊ុកយ៉ូលបានដាក់ចេញបទបញ្ជាតម្រូវឱ្យយន្តហោះយោធាត្រូវតែដាក់ពង្រាយនិងធ្វើការជម្លៀសពលរដ្ឋកូរ៉េខាងត្បូងចេញឱ្យអស់ពីតំបន់ផ្នែកខ្លះៗនៃតំបន់មជ្ឈិមបូព៌ា ខណៈការពន្លឿននៃជម្លោះកាន់តែរំកិលរន្ថើនខ្លំាងឡើងៗរវាងភាគីអ៊ីស្រាអ៊ែល និងក្រុមហ៊ីសបូឡាហ៍ រួមទំាងក្រុមកងសេរីកាដទៃទៀតដែលគំាទ្រពេញទំហឹងពីសំណាក់ប្រទេសអ៊ីរ៉ង់។

 

ស្ថិតនៅក្នុងបរិការណ៍នេះដែរ ដោយឡែកក្រសួងការពារជាតិកូរ៉េខាងត្បូងឯណោះវិញបាននិយាយនៅដើមសប្តាហ៍នេះថា មានយន្តហោះដឹកជញ្ជូនប្រភេទ ស៊ី១៣០ជេ(C130J) ដើម្បីបង្ការទុកត្រៀមជម្លៀសបន្តទៀត ចំពោះមន្ត្រីយោធាប្រមាណជា៣៩រូប រាប់បញ្ចូលទំាងក្រុមមន្រ្តីឯកទេសយន្តការី និងអ្នកការទូតផងដែរ។

ប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងត្បូងបានរាយការណ៍ឱ្យដឹងបន្ថែមទៀតនៅថ្ងៃនេះថា រដ្ឋាភិបាលកូរ៉េខាងត្បូងនឹងចាត់វិធានការណ៍បន្ត ដើម្បីធានាឱ្យប្រាកដអំពីសុវត្ថិភាពពលរដ្ឋរបស់ខ្លួន នៅក្នុងគ្រាអាសន្នមួយនេះ ខណៈក្រុមអ្នកការទូតកូរ៉េខាងត្បូងមួយចំនួនដែលមានមូលដ្ឋាននៅប្រទេសលីបង់នៅតែធ្វើការងារនៅឡើយដែរ នេះបើផ្អែកតាមទីភ្នាក់ងារយ៉ុនហាប់(Yonhap )បានរាយការណ៍។

ចំណែកឯប្រជាជាតិដទៃទៀតនៅជុំវិញពិភពលោក ក៏បានប្រកាសត្រៀមខ្លួនដើម្បីជម្លៀសពលរដ្ឋរបស់ខ្លួនចេញពីតំបន់មជ្ឈិមបូព៌ានេះដែរ រាប់បញ្ជូលទំាងប្រទេសអង់គ្លេស សហរដ្ឋអាម៉េរិក អូស្រ្តាលី អាឡឺម៉ង់ ជប៉ុន ហើយនិងប្រទេសចិនផងដែរ៕

អត្ថបទដែលជាប់ទាក់ទង