ប្រមុខក្រសួងមហាផ្ទៃ កម្ពុជា-ថៃ ប្ដេជ្ញាពូនជ្រុំកិច្ចសហប្រតិបត្តិខេត្តជាប់ព្រំដែនឱ្យកាន់តែរីកចម្រើន ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជនទាំងសងខាង

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តម អនុធីន ឆានវីរគូន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបង្ហាញការប្ដេជ្ញាចិត្តប្រកបដោយភាតរភាពដូចៗគ្នា ក្នុងការពូនជ្រុំ ជំរុញ និងគាំទ្រគ្រប់បែបយ៉ាង ដើម្បីឱ្យអាជ្ញាធរខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ កាន់តែមានកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា ជាពិសេសការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន និងកិច្ចសហប្រតិបត្តិការផ្សេងៗទៀតដែលផ្ដល់បរិយាកាសអំណោយផលដល់វិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃធុរជន និងប្រជាជនប្រទេសទាំងពីរ។

ការប្ដេជ្ញាចិត្តជាវិជ្ជមាននេះ បានធ្វើឡើងក្នុងឱកាសប្រមុខក្រសួងមហាផ្ទៃទាំងពីរ អញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំអភិបាលខេត្តជាប់ព្រំដែន កម្ពុជា-ថៃ ដែលភាគីកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះ នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ នេះ។ ឯកឧត្តមអភិសន្តិបណ្ឌិត និងសមភាគីថៃ ក៏បានថ្លែងកោតសរសើរថ្នាក់ដឹកនាំខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ ដែលបានខិតខំអនុវត្តស្មារតីនៃកិច្ចប្រជុំកាលពីឆ្នាំ២០២២ ធ្វើឱ្យទំនាក់ទំនងខេត្តនឹងខេត្ត ជារួមប្រទេសនិងប្រទេសបន្តមានភាពល្អប្រសើរ ទប់ស្កាត់បាននូវបាតុភាពអវិជ្ជមាននានា តាមរយៈការផ្លាស់ប្ដូរព័ត៌មាន ការផ្លាស់ប្ដូរទស្សនកិច្ច និងជំនួបដោះស្រាយបញ្ហាជាក់ស្ដែងនានា។

ភាគីទាំងពីរ ក៏បានបន្តផ្លាស់ប្ដូរយោបល់គ្នា លើប្រធានបទសំខាន់ៗ ជាអាទិ៍ ករណីពលករកម្ពុជាទៅធ្វើការនៅប្រទេសថៃ ការងារច្រកទ្វារព្រំដែន ការនាំចេញកសិផលកម្ពុជាទៅប្រទេសថៃ ការផ្លាស់ប្ដូរទស្សនកិច្ចសិក្សា និងដកស្រង់បទពិសោធទៅវិញទៅមក និងការរៀបចំក្រុមមន្រ្តីសម្រួលដល់ការផ្លាស់ប្ដូរព័ត៌មាន។ ជាពិសេសទំនាក់ទំនងការងារដទៃទៀត ឱ្យបានឆាប់រហ័សនឹងទាន់ពេលវេលា។ ភាគីទាំងពីរ បានសម្ដែងក្ដីសង្ឃឹម និងជឿជាក់ថា តាមរយៈកិច្ចប្រជុំនេះ កិច្ចសហប្រតិបត្តិការរវាងប្រទេសនិងប្រទេស និងដោយឡែកខេត្តជាប់ព្រំដែន នៃប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត ទាំងលើវិស័យសន្តិសុខ ការធ្វើពាណិជ្ជកម្ម និងវិស័យទេសចរណ៍៕

អត្ថបទដែលជាប់ទាក់ទង