សិស្សបញ្ចប់ការសិក្សាថ្នាក់ទី១២៖ សិស្សប្រឡងជាប់ ឬមិនជាប់ គួរចាប់អារម្មណ៍លើការសិក្សាជំនាញ TVET របស់រាជរដ្ឋាភិបាល
ភ្នំពេញ៖ សិស្សដែលទើបតែបញ្ចប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៤ លើកឡើងថា យុវជនដែលទទួលបានលទ្ធផលជាប់ ឬក៏មិនជាប់ក្តី គួរសម្លឹងមកចាប់អារម្មណ៍លើការសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET) របស់រាជរដ្ឋាភិបាល ពីព្រោះការសិក្សាជំនាញមួយនេះគឺជាស្ពានអនាគត អាចធ្វើឱ្យយុវជនមានជំនាញមួយច្បាស់លាស់ ស្រួលរកការងារធ្វើ។
យុវតី ទ្រី ស្រីនិច ជាសិស្សដែលទើបបញ្ចប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៤ ក្នុងខេត្តកំពង់ស្ពឺ លើកឡើងថា ការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈគឺមានសារសំខាន់សម្រាប់យុវជនដែលទើបទទួលបានលទ្ធផលប្រឡងបាក់ឌុបថ្មីៗនេះ ជាពិសេសអ្នកទទួលបានលទ្ធផលមិនជាប់ ឬអ្នកជាប់ ហើយគ្មានលទ្ធភាពទៅបន្តការសិក្សានៅសាកលវិទ្យាល័យបាន ពីព្រោះកម្មវិធីសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់យុវជន (TVET 1.5M) ពុំមានការបង់ថ្លៃសិក្សា ដោយឡែកយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យទទួលបានប្រាក់ឧបត្ថម្ភ ២៨០ ០០០ដុល្លារក្នុងមួយខែថែមទៀតផង។
យុវតីរូបនេះបន្ថែមថា ការសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេសគឺសិក្សាត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ ហើយយុវជនរៀនឆាប់ចេះជាមួយកម្មវិធីសិក្សាដ៏ល្អរបស់គ្រឹះស្ថានបណ្តុះបណ្តាល និងឆាប់មានការងារធ្វើ។ សិស្សានុសិស្សរបស់យើងអាចចាប់យកការសិក្សាជំនាញរយៈពេលខ្លី សិន ចាំបន្តការសិក្សានៅសាកលវិទ្យាល័យក៏មិនទាន់ហួសពេលដែរ ដោយឡែកបងប្អូនដែលប្រឡងមិនជាប់ក្តី ឬប្រឡងជាប់ហើយតែពុំមានលទ្ធភាពបន្តការសិក្សានៅសាកលវិទ្យាល័យបានភ្លាមៗ អាចជ្រើសរើសរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដើម្បីជាស្ពានចម្លងទៅថ្ងៃអនាគត។
ដូចគ្នានេះដែរ យុវជន ធូ វួចឆាយ ជាសិស្សម្នាក់ទៀតដែលទើបបញ្ចប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៤ ក៏បានលើកឡើងដែរថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសរបស់រាជរដ្ឋាភិបាលនេះគឺល្អណាស់សម្រាប់យុវជន ពីព្រោះកម្មវិធីបណ្តុះបណ្តាលមួយនេះមានជំនាញល្អៗជាច្រើនសម្រាប់ជ្រើសរើសសិក្សាដូចនៅសាកលវិទ្យាល័យផងដែរ។ យុវជនដែលទើបតែបញ្ចប់ការប្រឡងថ្នាក់ទី១២ ថ្មីៗនេះគួរកុំមើលរំលងឱកាសក្នុងការសិក្សាជំនាញមួយនេះ។
យុវជនរូបនេះអំពាវនាវឱ្យ សិស្សដែលទើបតែប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិរួចថ្មីៗនេះទាំងអ្នកជាប់ និងមិនជាប់ក្តី សូមក្រលេកមកចាប់ឱកាសក្នុងការសិក្សាជំនាញបច្ចេកទេសរបស់រាជរដ្ឋាភិបាលមួយនេះ ដើម្បីឱ្យខ្លួនមានជំនាញមួយច្បាស់លាស់ប្រចាំខ្លួន ជាពិសេសនោះបន្ទាប់ពីការសិក្សាជំនាញចប់ ងាយស្រួលរកការងារបានធ្វើ និងអាចរកប្រាក់ចំណូលសមរម្យ ដែលអាចឱ្យយុវជនមានលទ្ធភាពបន្តការសិក្សាថ្នាក់មហាវិទ្យាល័យ ផងដែរ។
ដោយឡែក យុវជន ហ៊ាម ឃ្លីនតុន ជាសិស្សដែលទើបទទួលបានលទ្ធផលជាប់ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៤ បានគូសបញ្ជាក់ថា ការសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស គឺជាស្ពានចម្លងអនាគតយុវជន ពីព្រោះការសិក្សាជំនាញបច្ចេកទេសមួយនេះមិនខុសពីការសិក្សានៅសាកលវិទ្យាល័យនោះទេ ជាពិសេសយុវជនគ្រប់ៗគ្នាអាចមកចុះឈ្មោះចូលរៀន ដើម្បីបន្តក្តីស្រមៃក្នុងការបន្តការសិក្សារបស់ខ្លួនបាន ដោយមិនគិតពីលទ្ធផលប្រឡងថ្នាក់ទី១២នោះទេ។
យុវជនរូបបន្ថែមថា កន្លងមកឃើញមានមន្រ្តីរបស់មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជា ក៏ដូចជាលោកគ្រូ អ្នកគ្រូ នៃគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស បានមកផ្តល់ព័ត៌មានអំពីការសិក្សាជំនាញ TVET មួយនេះមកដល់សាលារៀនផ្ទាល់ផងដែរ។ យុវជនរូបនេះមានការចាប់អារម្មណ៍ខ្ពស់លើកម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិមួយនេះ ហើយលើកទឹកចិត្តឱ្យសិស្សានុសិស្សដែលទទួលបានលទ្ធផលមិនគាប់ប្រសើរក្នុងការប្រឡងបាក់ឌុបកាលពីពេលថ្មីៗនេះ សូមចាប់យកការសិក្សាជំនាញបច្ចេកទេសនេះដោយចាំបាច់បំផុត។
គួរបញ្ជាក់ផងដែរថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ត្រូវបានដាក់ឱ្យអនុវត្តជាផ្លូវការចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២៣ ដោយកម្មវិធីសិក្សាជំនាញមួយនេះគឺមិនមានការបង់ថ្លៃសិក្សា, និងថែមទាំងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែទៀតផង ប្រសិនបើយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ, សិក្សារយៈពេល៤ ខែ ដោយអាចជ្រើសរើសជំនាញសិក្សាដែលខ្លួនពេញចិត្ត។ កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសមួយនេះកំពុងតែដំណើរការបណ្តុះបណ្តាលយុវជនជាច្រើនមុឺននាក់ ហើយបច្ចុប្បន្ននៅតែបន្តជ្រើសរើសយុវជនចូលសិក្សានៅទូទាំងប្រទេសផងដែរ៕