កម្ពុជាចែករំលែកបទពិសោធក្នុងការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុង «សន្និសីទថ្នាក់តំបន់សម្រាប់សភានៃតំបន់អាស៊ីប៉ាស៊ីហ្វិក ស្ដីពី សន្តិសុខសុខាភិបាលសកល»
នៅរសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ ឆ្លៀតក្នុងឱកាសនៃការចូលរួម «សន្និសីទថ្នាក់តំបន់សម្រាប់សភានៃតំបន់អាស៊ីប៉ាស៊ីហ្វិក ស្ដីពី សន្តិសុខសុខាភិបាលសកល» ដែលប្រព្រឹត្តទៅនៅទីក្រុងបាងកក ប្រទេសថៃ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨នៃរដ្ឋសភាកម្ពុជា បានចូលរួមចែករំលែកជាមួយបណ្ដាសភានៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក អំពីបទពិសោធរបស់កម្ពុជា ក្នុងការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ១៩ ដែលត្រូវបានទទួលស្គាល់ថាជាវិបត្តិសុខភាពសាធារណៈសកល។
ក្នុងអំឡុងពេលដែលប្រទេសជាច្រើនលើពិភពលោក ជួបប្រទះនឹងបញ្ហាប្រឈមក្នុងការឆ្លើយតបនឹងគ្រោះអាសន្នសុខាភិបាលដោយមិនបានគ្រោងទុក កម្ពុជាឆ្លើយតបនឹងវិបត្តិនេះបានយ៉ាងល្អប្រសើរ និងគួរឱ្យកោតសរសើរ តាមរយៈ ១) យុទ្ធវិធីរដ្ឋាភិបាលទាំងមូល (whole-of-government) ក្រោមការដឹកនាំប្រកបដោយទស្សនៈវិស័យ, ២) យុទ្ធវិធីសង្គមទាំងមូល (whole-of-society), ៣) ការផ្សព្វផ្សាយព័ត៌មានទូលំទូលាយ, ៤) ការសហការជិតស្និទ្ធជាមួយ WHO, និង៥) ការផ្ដល់ជំនួយគាំទ្រដល់គ្រួសាររងគ្រោះ។ យ៉ាងណាមិញ បើទោះបីជាជំងឺកូវីដ១៩ បានបញ្ចប់ ការងាររបស់យើងនៅតែបន្ត ពោលគឺយើងត្រូវត្រៀមខ្លួនទុកជាមុនសម្រាប់គ្រោះអាសន្នសុខាភិបាលនាពេលអនាគត៕