ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបិទសន្និបាតបូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការប្រចាំឆ្នាំ២០២៤និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៥

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នារសៀលថ្ងៃទី១៦ ខែធ្នូឆ្នាំ២០២៤ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតលទ្ធផលកិច្ចប្រតិបត្តិការប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៥ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។

ឯកឧត្ដម​ ឧត្តមសេនីយ៍​ឯក​ ជួន​ ណារិន្ទ​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានរាយការណ៍អំពីលទ្ធផលសកម្មភាពជែកពិភាក្សានៃដំណើរការសន្និបាតរយៈពេល០១ព្រឹកនិងរាយការណ៍អំពីរបាយការណ៍លទ្ធផលប្រតិបត្តិការសន្តិសុខ សណ្តាប់ធ្នាប់សង្គម រយៈពេល០១ឆ្នាំ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក៏បានមានប្រសាសន៍លើកឡើងវាយតម្លៃខ្ពស់ ពីការខិតខំប្រឹងប្រែងរបស់កម្លាំងនគរបាលរាជធានីភ្នំពេញ ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់សុវត្ថិភាពសង្គមបានល្អ ជាពិសេសបានធ្វើឲ្យបទល្មើសគ្រប់ប្រភេទមានការថយចុះ និងការពារសន្តិសុខគ្រប់ព្រឹត្តិការណ៍ជាតិនិងអន្តរជាតិ នៅក្នុងរាជធានីភ្នំពេញទទួលបានជោគជ័យ។ឯកឧត្តមនាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ក៏បានណែនាំឲ្យបន្តពង្រឹងយកចិត្តទុកដាក់បង្ការទប់ស្កាត់អំពើឆក់ទ្រព្យសម្បត្តិបញ្ហេក្មេងទំនើង ឲ្យមានប្រសិទ្ធភាព ដើម្បីធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនិងភ្ញៀវអន្តរជាតិផងដែរ និងបន្តចាត់វិធានការដោះស្រាយបញ្ហាបទល្មើសគ្រឿងញៀននៅតាមបណ្តាក្លឹប និងនៅតាមគោលដៅលួចលាក់ចែកចាយ ជួញដូរគ្រឿងញៀនផ្សេងៗ។
នាឱកាសនោះ គណៈអធិបតីក៍បាននាំយកថវិកាឧបត្ថម្ភដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន២០លានរៀល និងឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិបានឧបត្ថម្ភថវិកាជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៥លានរៀលនិងឧបត្ថម្ភអង្គភាពពាក់ព័ន្ធមួយចំនួនទៀតផងដែរ៕

អត្ថបទដែលជាប់ទាក់ទង