ប្រកាសចូលកាន់តំណែងអភិបាលរងតាមខណ្ឌ និងមន្រ្តីរដ្ឋបាលរាជធានីភ្នំពេញ, លោក ឃួង ស្រេង៖ ការស្រង់មតិរបស់ថ្នាក់ជាតិឃើញថា ការផ្តល់សេវាសាធារណៈជូនពលរដ្ឋនៅភ្នំពេញ ទទួលបានការពេញចិត្តពេញថ្លើមយ៉ាងខ្លាំង

ការបញ្ជាក់បែបនេះធ្វើឡើងក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខណ្ឌ នាយករដ្ឋបាល នៅក្នុងរចនាសម្ព័ន្ធរបស់រដ្ឋបាលខណ្ឌនានា នៃរាជធានីភ្នំពេញ នារសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤នេះ នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

លោក ឃួង ស្រេង ក្នុងឱកាសនោះ បានថ្លែងនូវការកោតសរសើរ និងអំណរគុណផងដែរ ចំពោះមន្ត្រីរាជការស៊ីវិល កងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទ អាជ្ញាធរមូលដ្ឋាន នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលបានចូលរួមថែរក្សាការពារសន្តិសុខ សុវត្ថិភាព របៀបរៀបរយ និងសណ្តាប់ធ្នាប់សាធារណៈ ជាមួយនិងការផ្តល់សេវាជូនប្រជាពលរដ្ឋបានល្អប្រសើរកន្លងមកនេះ។

លោក ឃួង ស្រេង បានបញ្ជាក់ថា ពាក់ព័ន្ធការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋនេះ ថ្នាក់ជាតិបានចុះធ្វើការស្រង់មតិ ហើយជាមួយនឹងការស្ទង់មតិនេះ រាជធានីភ្នំពេញទទួលបានការពេញចិត្តពេញថ្លើមពីប្រជាពលរដ្ឋដែលមកទទួលសេវានេះប្រមាណ៨២%។

ប៉ុន្តែទោះបីជាយ៉ាងណាក្តី លោកស្នើឲ្យបន្តយកចិត្តទុកដាក់បន្ថែមទៀត ទាំងការរក្សាការពារសន្តិសុខ សុវត្ថិភាព និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ សំដៅធ្វើយ៉ាងណាឱ្យក្នុងឆ្នាំ២០២៥ខាងមុខនេះ រាជធានីភ្នំពេញ អាចទទួលបានការពេញចិត្តពេញថ្លើមពីប្រជាពលរដ្ឋកាន់តែខ្លាំងឡើងថែមទៀត។

លោក ឃួង ស្រេង បន្តទៀតថា កន្លងមកនេះរដ្ឋបាលខណ្ឌមួយចំនួន បញ្ចេញរបាយការណ៍មករដ្ឋបាលរាជធានី មានភាពយឺតយ៉ាវ។ ចំពោះបញ្ហានេះត្រូវតែកែសម្រួលឡើងវិញជាបន្ទាន់ មានបញ្ហាអ្វីដោះស្រាយមិនចេញ ត្រូវសុំគោលការណ៍ឬសុំមតិដឹកនាំពីថ្នាក់រាជធានីភ្នំពេញ សំដៅធ្វើយ៉ាងណាឲ្យការងារនោះដំណើរការទៅដោយរលូន និងជោគជ័យ។

ពិធីនេះ ត្រូវបានប្រកាសតែងតាំង ផ្ទេរភារកិច្ចមន្ត្រីរាជការចំនួន១៤រូប ក្នុងនោះ៖

*១៖លោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌ ឫស្សីកែវ ឲ្យទៅកាន់មុខតំណែងជាអភិបាលរងខណ្ឌសែនសុខ (លោកជាអតីតចៅសង្កាត់ច្បារអំពៅ១ចំនួន២អាណត្តិ ចន្លោះឆ្នាំ១៩៩៩-២០០៧ ហើយឡើងជាអភិបាលរងខណ្ឌច្បារអំពៅ ខណ្ឌមានជ័យ ខណ្ឌដង្កោ និងខណ្ឌឫស្សីកែវ)
*២៖លោក សាំង សុភៈវិចិត្រ អភិបាលរងខណ្ឌសែនសុខ ឲ្យមកបម្រើការងារនៅរដ្ឋបាលរាជធានីភ្នំពេញ
*៣៖លោក ជ គឹមស៊ អភិបាលរងខណ្ឌដង្កោ ឲ្យមកបម្រើការងារនៅរដ្ឋបាលរាជធានីភ្នំពេញ
*៤៖លោក ឡុង ង៉ែត អភិបាលរងខណ្ឌមានជ័យ ឲ្យទៅកាន់មុខតំណែងជាអភិបាលរងខណ្ឌឫស្សីកែវ
*៥៖លោក ជា សុធារ៉ា អភិបាលរងខណ្ឌ៧មករា ឲ្យទៅកាន់មុខតំណែងជាអភិបាលរងខណ្ឌទួលគោក
*៦៖លោកស្រី ឈុន ស៊ុននី អភិបាលរងខណ្ឌពោធិ៍សែនជ័យ ឲ្យទៅកាន់មុខតំណែងជាអភិបាលរងខណ្ឌ៧មករា
*៧៖លោក ទៀវ សំអឿន អភិបាលរង

ខណ្ឌទួលគោក ឲ្យទៅកាន់មុខតំណែងជាអភិបាលរងខណ្ឌមានជ័យ
*៨៖លោកស្រី ហួត ឃឹម អភិបាលរងខណ្ឌមានជ័យ ឲ្យទៅកាន់មុខតំណែងជាអភិបាលរងខណ្ឌដូនពេញ
*៩៖លោក ទុយ ច័ន្ទ ជាអភិបាលរងខណ្ឌដង្កោ សម្រាប់អាណត្តិទី២
*១០៖លោក ញ៉ែម គឹមអាង ត្រូវបានតែងតាំងជាអភិបាលរងខណ្ឌមានជ័យ
*១១៖លោក បែល សក្តិភក្តី អភិបាលរងខណ្ឌដង្កោ
*១២៖លោកស្រី លឹម លាងហួរ ជាអភិបាលរងខណ្ឌពោធិ៍សែនជ័យ
*១៣៖លោក អ៊ី ពៅ ជាអភិបាលរងខណ្ឌ៧មករា
*១៤៖លោក ជា វង្សចិន្តា ជានាយករដ្ឋបាលសាលាខណ្ឌមានជ័យ៕

 

អត្ថបទដែលជាប់ទាក់ទង