រដ្ឋមន្ត្រីកសិកម្ម អ្វីដែលត្រូវធ្វើចំពោះមុខ លើតំលៃស្រូវ អង្ករ គឺមានតែបង្កើនទីផ្សារ ពង្រឹងទីផ្សារក្នុងស្រុក និងរោងម៉ាស៊ីនដែលអាចជួយទិញបន្ថែម ដោយប្រើកម្ចីពីធនាគារដៃគូ
ភ្នំពេញ៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ បានលើកឡើងថា អ្វីដែលត្រូវធ្វើចំពោះមុខ ទាក់ទិននឹងតំលៃស្រូវ អង្ករ គឺមានតែបង្កើនទីផ្សារ ពង្រឹងទីផ្សារស្រុក និងរោងម៉ាស៊ីន ដែលអាចជួយទិញបន្ថែម ដោយប្រើកម្ចីពីធនាគារដៃគូ ខណៈអ្នកដែលចង់ទិញ ក៏មិនមានថវិកាគ្រប់គ្រាន់សម្រាប់ទិញដែរ ដែលត្រូវការផ្តល់កម្ចីបន្ថែមពីធនាគារ។
លោក បានបន្តថា ដើម្បីជួយ ដូច្នេះហើយទើបមានការឱ្យកម្ចីពីគ្រប់ធនាគារ ដល់ម្ចាស់រោងម៉ាស៊ីនកិនស្រូវ ហើយចំពោះកម្ចីវិញមិនមែនមានតែធនាគារ ADB តែមួយប៉ុណ្ណោះទេ គឺមានធនាគារ ផ្សេងៗទៀត ក៏ឱ្យរោងម៉ាស៊ីនខ្ចីផងដែរ។
លោករដ្ឋមន្ត្រី បានបន្តទៀតថា ប៉ុន្តែការខ្ចីប្រាក់នេះ ក៏ត្រូវមានការដាក់ទ្រព្យ ដើម្បីធានាដែរ តែខាងរោងម៉ាស៊ីន ដែលលោករដ្ឋមន្ត្រីបានជួប ក៏បានដាក់ធានាអស់ហើយដែរ ដើម្បីយកប្រាក់មកបង្វិលជួយទិញស្រូវពីកសិករយើង។
លោក ឌិត ទីណា បានលើកឡើងដូចនេះ ក្នុងឱកាសអញ្ជើញជាវាគ្មិន នៃសន្និសីទសារព័ត៌មានស្តីពី«ស្ថានភាពថ្លៃស្រូវ និងការប្រមូលផលស្រូវប្រាំង» ដែលមានការចូលរួមពីលោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃធនាគារ ARDB និងលោក ណូ លីដា អគ្គនាយកនៃសាជីវកម្មធានាឥណទានកម្ពុជា នារសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី ។
ក្នុងសន្និសីទនេះ លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ការធ្វើសកម្មភាពតវ៉ាបិទផ្លូវ មិនមែនជាដំណោះស្រាយល្អនោះទេ ប៉ុន្ដែអ្វីដែលគួរធ្វើនោះ ត្រូវនាំគ្នាជ្រើសរើសដំណោះស្រាយណាមួយ ដែលអាចដើរទៅបានទាំងអស់គ្នា គឺល្អប្រសើរជាង។លោករដ្ឋមន្ត្រីបន្ថែមថា ខ្ញុំចង់លើកអំពីអ្វី ដែលជាមិនមែនដំណោះស្រាយ គឺការបិទផ្លូវ វាអត់មានជាដំណោះស្រាយនោះទេ នៅក្នុងលទ្ធិប្រជាធិបតេយ្យ គេចាប់ផ្ដើមធ្វើសកម្មភាពអ្វីមួយ គឺដើម្បីទាមទារឲ្យអ្នកដឹកនាំបានដឹងអំពីបញ្ហារបស់គេ។
បន្ថែមលើសពីនេះ លោកបានលើកឡើងទៀតថា ពេលនេះ មិនមែនជាការស្ដីបន្ទោសគ្នានោះឡើយ ហើយការស្ដីបន្ទោសគ្នា មិនមែនជាដំណោះស្រាយនោះទេ ប៉ុន្ដែព្យាយាមមើលការពិតទាំងអស់គ្នា ហើយជ្រើសរើសដំណោះស្រាយ ដើរទៅទាំងអស់គ្នា។
សូមជម្រាបថា កាលពីរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ មានប្រជាពលរដ្ឋមួយក្រុម រស់នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង បានបិទផ្លូវជាលេខ៥ ដើម្បីធ្វើសកម្មភាពតវ៉ា ស្នើឱ្យក្រសួងកសិកម្ម ជួយដោះស្រាយបញ្ហាស្រូវរបស់ពួកគាត់ចុះថ្លៃ។
បន្ទាប់មក នៅថ្ងៃ១៤ ខែមករា ឆ្នាំ២០២៥ លោក ឌិត ទីណា បានដឹកនាំក្រុមការងារ ចុះពិនិត្យស្ថានភាពប្រមូលផលស្រូវ និងពន្យល់ពីការជ្រើសរើសពូជស្រូវ ការចងក្រងជាសហគមន៍ទំនើបដល់កសិករ នៅភូមិព្រៃដំរី ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
កន្លងទៅថ្មីៗនេះ ក្នុងឱកាសចុះជួបកសិករនៅស្រុកមោងឫស្សី ខេត្តបាត់ដំបងដែលធ្វើការបិទផ្លូវជាតិលេខ៥នោះ លោករដ្ឋមន្ត្រីបានធ្វើការគណនាថ្លៃដើមចំណាយជាមួយកសិករ ហើយរកឃើញថា កសិករពួកគាត់លក់ស្រូវបាន ៩៥០រៀលក្នុង១គីឡូក្រាម ពួកគាត់មិនបានខាតបង់ទេ គ្រាន់តែប្រាក់ចំណេញរបស់ពួកគាត់តិចជាងមុន ដែលពីមុនស្រូវមានតម្លៃប្រមាណ ១០០០រៀលក្នុង១គីឡូក្រាម៕