សំណង់អាហារដ្ឋានរំលោភចំណីផ្លូវ និងច្រាំងទន្លេ នៅតែបន្តសាងសង់យ៉ាងរលូន ទោះបីអភិបាលខេត្តកណ្ដាល ហាមឃាត់

ក្រុងតាខ្មៅ៖ សំណង់អាហារដ្ឋានរំលោភចំណីផ្លូវ និងច្រាំងទន្លេ ដែលមានម្ចាស់ឈ្មោះ ងន សុគន្ធ និងលោកស្រី ហាយ ស៊ីលីន ស្ថិតនៅភូមិចុងកោះ សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ នៅតែបន្តសាងសង់ បើទោះបីជាលោក គួច ចំរើន ចៅហ្វាយខេត្តកណ្ដាល ហាមឃាត់យ៉ាងណាក្ដី…។

តាមរយៈរូបភាព និងប្រភពដែលសារព័ត៌មាន ទទួលបាននៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥នេះ សង្កេតឃើញសំណង់អាហារដ្ឋាននោះ បន្តសម្មភាពសាងសង់ជារៀងរាល់ថ្ងៃ ខណៈរដ្ឋបាលខេត្តកណ្ដាលធ្លាប់បានចេញសេចក្ដីប្រកាសឱ្យបញ្ឈប់ការសាងសង់រំលោភយកចំណីផ្លូវសាធារណៈ នឹងច្រាំងទន្លេ ព្រមទាំងឱ្យរុះរើចេញទាំងស្រុងឱ្យដូចស្ថានភាពដើម កាលពីមុនពេលសាងសង់។ យ៉ាងណា អាជ្ញាធរទុករយៈពេល១ខែ ចាប់ពីពេលជូនដំណឹង ហើយក្នុងករណីនៅតែមិនព្រមរុះរើសំណង់ខាងលើចេញ និងមិនអនុវត្តតាមការណែនាំរបស់រដ្ឋបាលខេត្ត អាជ្ញាធរមានសមត្ថកិច្ច និងចុះអនុវត្តវិធានការរដ្ឋបាល។ ក្នុងករណីម្ចាស់សំណង់មានការរឹងរូស និងមិនសហការ អាជ្ញាធរនឹងកសាងសំណុំរឿងបញ្ចូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់ជាធរមាន។

គួរភ្ញាក់ផ្អើល គិតចាប់តាំងពីថ្ងៃចេញសេចក្ដីជូនដំណឹងមកទល់ពេលនេះមានរយៈ៤ខែហើយ ម្ចាស់សំណង់ហាក់មិនញញើតចំពោះចំណាត់ការរបស់អាជ្ញាធរបន្តិចសោះឡើយ ដោយបានឱ្យកម្មករសម្រុកធ្វើទាំងថ្ងៃទាំងយប់ ក្នុងនោះការដ្ឋានសំណង់សាងសង់បន្ថែមស្ទើរតែជិតរួចជាស្ថាពរទៅហើយ។

ជុំវិញបញ្ហានេះ សារព័ត៌មានបានព្យាយាមសុំការបំភ្លឺពី លោក ឌឹម បូរ៉ា អភិបាលរងខេត្តកណ្ដាល នឹងជាអ្នកនាំពាក្យនៅរសៀលនេះតាមរយៈប្រព័ន្ធទូរសព្ទ ប៉ុន្ដែត្រូវបានលោកបដិសេធមិនធ្វើអត្ថាធិប្បាយឡើយ ដោយបញ្ជាក់ថា កំពុងជាប់រវល់ ៕ ការិយាល័យផ្សព្វផ្សាយ012926014/0889846555

អត្ថបទដែលជាប់ទាក់ទង