វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន០២ភូមិ ស្ថិតក្នុងស្រុកស្អាង ត្រូវបានអាជ្ញាធរខេត្តប្រគល់ជូនដល់ប្រជាពលរដ្ឋ

កណ្តាល៖ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន០២ភូមិ គឺភូមិព្រែកកែវ ភូមិកោះខែល ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល ដែលមានចំនួន២,១៧០ប័ណ្ណ ត្រូវបាន រដ្ឋបាលខេត្តកណ្តាល និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ធ្វើពិធីប្រគល់ នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម មាន ច័ន្ទវ៉ាន់នី អនុរដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម នូវប៉េង ច័ន្ទតារា សមាជិកក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល។

មានប្រសាសន៍ទៅកាន់បងប្អូនប្រជាពលរដ្ឋដែលអញ្ជើញមកទទួលនូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ(ប្លង់រឹង) នាឱកាសនេះ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្ត បានកោតសរសើរ ចំពោះក្រុមការងារចុះបញ្ជីដីធ្លី និងអ្នកពាក់ព័ន្ធទាំងអស់ ដែលខិតខំសម្រេចកិច្ចការនេះ ដោយការទទួលខុសត្រូវ និងតម្លាភាព។

ឯកឧត្ដមអភិបាលរងខេត្ត បានគូសបញ្ជាក់ថា៖ ក្បាលដីដែលបងប្អូន បានចុះបញ្ជី នៅក្នុងសៀវភៅគោលបញ្ជីដីធ្លី និងទទួលបានប័ណ្ណកម្មសិទ្ធិនេះ គឺបានបំពេញគ្រប់លក្ខខណ្ឌជាគ្រឹះដ៏រឹងមាំ ដែលធានាដោយរដ្ឋ និងការពារដោយច្បាប់។ ដូច្នេះការចុះបញ្ជី គឺជាការពង្រឹងសុវត្ថិភាព នៃការកាន់កាប់ដីធ្លីដែល នឹងជម្រុញការប្រើប្រាស់ដីធ្លីឲ្យអស់សក្ដានុពល ហើយកត្តានេះពិតជាបានបញ្ចប់ ជម្លោះ និងវិវាទដីធ្លី ជាពិសេសការកាត់បន្ថយភាពក្រីក្រ ហើយប័ណ្ណកម្មសិទ្ធដែលត្រូវចែកជូននាពេលនេះ គឺសំដៅធានាបាននូវកម្មសិទ្ធិប្រើប្រាស់ដីធ្លីស្របច្បាប់ជូនបងប្អូនប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់ជីវភាព សុខុមាលភាព រួមចំណែកដល់ការពង្រឹងយុត្តិធម៌ ស្ថេរភាពសង្គមនឹងការអភិវឌ្ឍន៍ដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាលបានដាក់ចេញ។

ឯកឧត្ដមអភិបាលរងខេត្ត បានបន្ថែមថា៖ ប័ណ្ណកម្មសិទ្ធិ ដែលបងប្អូនទទួលបាននៅថ្ងៃនេះ គឺជាឯសារមួយសំខាន់ណាស់ ជាឯកសារតំណាងឲ្យទ្រព្យរបស់បងប្អូន ជាឯកសារតំណាងឲ្យសិទ្ធិ នៃកម្មសិទ្ធផ្ដាច់មុខ របស់កម្មសិទ្ធិករ លើដីធ្លីរបស់ខ្លួន ក្នុងការប្រើប្រាស់ និងអាស្រ័យផល ក្នុងការលក់ដូរ ការផ្ទេរទៅអ្នកដទៃ ការផ្ទេរទៅឲ្យកូនចៅជាដើម។ អាស្រ័យហេតុនេះ សូមបងប្អូនរក្សាបណ្ណនេះឲ្យបានល្អប្រសើរ។

ក្នុងឱកាសនេះឯកឧត្តម ក៏បានផ្ដាំផ្ញើអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្ដថែរក្សាសុខភាពអោយបានល្អ និងត្រូវចូលរួមគោរពច្បាប់ចររាចណ៍អោយបានគ្រប់ៗគ្នា។

បើតាមរបាយការណ៍របស់លោក ស៊ុក កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានឲ្យដឹងថា៖បើគិតមកដល់ពេលនេះការចុះបញ្ជីបាន ៦២ ឃុំ/សង្កាត់ លើ ១២៧ ឃុំ/សង្កាត់ នឹង៥៣៧ភូមិ លើ១០១០ភូមិ គឺស្មើនឹង ៥៣% នៃចំនួនភូមិសរុប ដែលមានក្បាលដីប៉ាន់ស្មានសរុបចំនួន ៨៥៤,៥០៥ ក្បាលដី ក្នុងនោះបានចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ៣៨៨,៦៨៩ ប័ណ្ណ និងចែកប័ណ្ណ ជូនដល់ដៃប្រជាពលរដ្ឋសរុបចំនួន ២៣៣លើកស្មើនឹង ៣១៦,៧៦៤ប័ណ្ណ ហើយថ្ងៃនេះគឺជាលើកទី២៣៤ ២៣៤ នៃការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់ អចលវត្ថុ ដែលនឹងត្រូវផ្តល់ជូនប្រជាពលរដ្ឋស្ថិតនៅភូមិព្រែកកែវ ចំនួន១,១៦៧ ប័ណ្ណ និងភូមិកោះខែល ចំនួន ១,០០៣ ប័ណ្ណ សរុបចំនួន២,១៧០ប័ណ្ណ៕

អត្ថបទដែលជាប់ទាក់ទង