កម្លាំងចម្រុះនៅច្រកទ្វារអន្តរជាតិដូង ខេត្តបាត់ដំបង ឆែកក្នុងរថយន្តដឹកផ្លែស្វាយ១គ្រឿង ឃើញមានលួចដឹកពលករមកពីថៃ៥នាក់
បាតដំបង៖ កម្លាំងចម្រុះនៅច្រកទ្វារអន្តរជាតិដូង ខេត្តបាត់ដំបង នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានឆែកក្នុងរថយន្តដឹកស្វាយ១គ្រឿង ដោយមានបង្កប់ពលករមកពីប្រទេសថៃចំនួន៥នាក់។
មន្ត្រីដដែលបានឲ្យដឹងបន្តថា ក្នុងចំណោមពលករទាំង៥ មានខ្មែរ ៤នាក់ និងនារីវៀតណាមម្នាក់។ បន្ទាប់ពីធ្វើការឆែករួច ពលករទាំង៥នាក់ ត្រូវបានយកទៅដាក់នៅមណ្ឌលចត្តាឡីស័ក ចំណែកឯអ្នកបើកបររថយន្ត និងព្រូ ត្រូវបញ្ជូនទៅឲ្យអធិការដ្ឋាននគរបាលស្រុកកំរៀង ដើម្បីដាក់ទោសទៅតាមនីតិវិធី។
សូមបញ្ជាក់ថា គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង ក៏បានកំណត់ និងដាក់ចេញបទបញ្ជាថ្មីដោយ បានហាមដាច់ខាតបញ្ឈប់ជាបន្ទាន់ មិនអនុញ្ញាតឲ្យរថយន្តតូចៗ ចេញចូល ដឹកឥវ៉ាន់ និងទំនិញពីផ្សារថៃ តាមច្រកព្រំដែនអន្តរជាតិដូង ឬច្រកឡែម ស្រុកកំរៀង ចូលមកកម្ពុជាមួយរយៈសិន។ ការសម្រេចនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំក្នុងខែកុម្ភ: ឆ្នាំ២០២១នេះ ដោយរង់ចាំបទបញ្ជាថ្មី។
ការសម្រេចបែបនេះ បានធ្វើឡើងក្រោយមានរឿងមិនប្រក្រតីមួយចំនួន ពាក់ព័ន្ធការលួចនាំមនុស្សឆ្លងដែនខុសច្បាប់តាមច្រកព្រំដែនមួយនេះ រហូតអធិការនគរបាលស្រុកកំរៀង លោក គឹម ពន្លក ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បញ្ជាឲ្យបកស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ រហូតចាត់វិធានការតាមផ្លូវតុលាការទៀត ដោយសារតែបានដោះលែងមេខ្យល់។
សូមបញ្ជាក់ថា នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យបកស័ក្តិ និងបណ្តាញវរសេនីយ៍ឯក គឹម ពន្លក ចេញពីក្របខណ្ឌមន្រ្តីនគរបាលជាតិ ក្រោយក្រុមស្រាវជ្រាវរកឃើញថា អធិការនគរបាលស្រុករូបនេះ ពិតជាបានដោះលែងមេខ្យល់នាំមនុស្ស ឆ្លងដែនខុសច្បាប់ពីប្រទេសថៃ ចូលទឹកដីកម្ពុជាពិតមែន។
ក្រៅពីបកស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាឲ្យអភិបាលខេត្ត និងអគ្គស្នងការនគរបាលជាតិ ត្រូវបន្តចាត់ការអនុវត្តតាមផ្លូវច្បាប់ទៀត ដើម្បីផ្តន្ទាទោសជនពុករលួយរូបនេះ ដាក់ពន្ធនាគារឲ្យខានតែបាន ជាការព្រមានដល់ជនទាំងឡាយផ្សេងទៀតកុំឲ្យប្រព្រឹត្តទង្វើបែបនេះ។
កាលពីព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចេញសេចក្តីសម្រេចផ្អាកការងារបណ្តោះអាសន្នចំពោះលោកវរសេនីយ៍ឯក គឹម ពន្លក អធិការនគរបាលស្រុកកំរៀង ក្រោយរកឃើញកំហុសដ៏ធ្ងន់ធ្ងរ បែបនេះ៕