ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន អញ្ជើញទៅពិនិត្យការដ្ឋានស្ថាបនាផ្លូវជនបទក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន ០២ខ្សែ
ស្វាយរៀងរះ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២១ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំក្រសួង ឯកឧត្តម ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង និងមន្ត្រីជំនាញជាច្រើនរូបទៀត បានអញ្ជើញទៅពិនិត្យការដ្ឋានស្ថាបនាផ្លូវជនបទក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន ០២ខ្សែ នៅខេត្តស្វាយរៀង ។
ការចុះពិនិត្យវឌ្ឍនភាពនៃការស្ថាបនាផ្លូវនេះ មានពីរគម្រោងផ្សេងគ្នា ក្នុងនោះមាន៖ ខ្សែផ្លូវទី១ មានប្រវែង ៨ គីឡូម៉ែត្រ ស្ថិតនៅក្នុងឃុំញរ ឃុំរាជ្យមុន្នី និងឃុំបន្ទាយក្រាំង ស្រុកកំពង់រោទិ៍ ក្នុងក្របខណ្ឌគម្រោងកែលម្អផ្លូវជនបទជំហានទី២ ក្រោមហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ។
ជាលទ្ធផលសម្រេចបាន ២២% និងផ្លូវ ១ ខ្សែទៀតមានប្រវែង ១២ គីឡូម៉ែត្រ តភ្ជាប់ពីឃុំព្រះពន្លា ទៅដល់ឃុំសំយ៉ោង ស្រុកកំពង់រោទិ៍ ក្នុងក្របខណ្ឌគម្រោងកែលម្អផ្លូវជនបទ ជំហានទី ៣ ក្រោមឥណទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ ជាលទ្ធផលប្រមាណ ៣,៩៥ % ហើយគ្រោងនឹងបញ្ចប់ការក្រាលកៅស៊ូពីរជាន់ (DBST) នៅក្នុងអំឡុងខែមេសា ឆ្នាំ ២០២៣ ៕