កណ្ដាល៖ ស្ថិតក្នុងកាលៈទេសៈ នៃការប្រយុទ្ធប្រឆាំងជាមួយជំងឺដ៏កាចសាហាវ កូវីដ-១៩ នៅទូទាំងប្រទេសកម្ពុជា ពិសេសក្នុងភូមិសាស្ត្រខេត្តកណ្ដាល នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខ មន្ត្រីរាជការសាលាខេត្តកណ្ដាល។
មានប្រសាសន៍ក្នុងពិធីសំណេះសំណាល ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារ ដែលមន្ត្រីរដ្ឋបាលខេត្តកណ្ដាលសម្រេចបាននាពេលកន្លងមក ពិសេសបានចូលរួមយ៉ាងសកម្ម ក្នុងការប្រយុទ្ធប្រឆាំងការរាលដាលជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តកណ្ដាល។ ជាងនេះទៀត បើទោះបីជាខេត្តកណ្ដាល មានការកើនឡើងអ្នកផ្ទុកមេរោគកូវីដ-១៩ តែមន្ត្រីរដ្ឋបាលខេត្ត បានអនុវត្តយ៉ាងល្អ តាមវិធានរបស់ក្រសួងសុខាភិបាល ពិសេសអនុវត្តវិធីបង្ការការពារជំងឺកូវីដ-១៩ របស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ៣កុំ ៣ការពារ បានយ៉ាងល្អ ទើបធ្វើឱ្យមន្ត្រីរបស់រដ្ឋបាលខេត្ត មិនមានពាក់ព័ន្ធ និងឆ្លងមេរោគកូវីដ-១៩ឡើយ។
ឯកឧត្តម អភិបាលខេត្តកណ្ដាល បានក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ ពិសេសមន្ត្រីដែលផ្ដល់សេវាជូនប្រជាពលរដ្ឋ ត្រូវបន្តរក្សាអនាម័យជាប្រចាំ ព្រមទាំងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ការពាររបស់ក្រសួងសុខាភិបាល និងវិធានការការពារជំងឺកូវីដ-១៩ របស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ នាយករដ្ឋមន្ត្រី។
ជាងនេះទៀត ឯកឧត្តមអភិបាលខេត្តកណ្ដាល ក៏បានស្នើយ៉ាងទទូច ដល់មន្ត្រីរាជការទាំងអស់ ប្រសិនបើមិនមានការចាំបាច់ សូមកុំចេញក្រៅ ពិសេសក្នុងកំឡុងពេលចូលឆ្នាំខ្មែរ ប្រពៃណីជាតិ ខាងមុខនេះ សូមរក្សាអនាម័យឱ្យបានខ្ជាប់ខ្ជួន អនុវត្តឱ្យបានតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការការពារជំងឺកូវីដ-១៩ ៣ការពារ ៣កុំ របស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ នាយករដ្ឋមន្ត្រី។
ក្នុងឱកាសសំណេះសំណាលនោះដែរ ឯកឧត្តម អភិបាលខេត្តកណ្ដាល ក៏បានឧបត្ថម្ភ ជូនមន្ត្រីរាជការទាំងអស់ ដែលកំពុងបម្រើការងារនៅក្នុងសាលាខេត្ត ដោយក្នុងម្នាក់ៗទទួលបាន អង្ករ ២៥គីឡូក្រាម មីជាតិ ១កេស ទឹកសម្លាប់មេរោគ ១ដប ម៉ាស ១ប្រអប់ និងថវិកា ១០ម៉ឺនរៀលផងដែរ។
សូមបញ្ជាក់ផងដែរថាគិតត្រឹមព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះ អាជ្ញាធរខេត្តកណ្ដាលបានស្រាវជ្រាវរកឃើញអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ២០ កុម្ភៈសរុបចំនួន ១៤៨៩៤នាក់ យកសំណាកបាន ១៤២៤៧នាក់ អ្នកធ្វើចត្តាឡីស័កនៅមណ្ឌលចំនួន ៩៥៥នាក់ នៅផ្ទះចំនួន ១០២២៣នាក់ មានករណីវិជ្ជមានចំនួន ២៥១នាក់ និងករណីជាសះស្បើយចំនួន ៣៩នាក់។